កីឡាអន្តរជាតិ
អន្តរជាតិ
មេដឹកនាំរុស្ស៊ី ពូទីន ត្រូវបានព្យួរតំណែងប្រធានកិត្តិយសសហព័ន្ធកីឡាយូដូអន្តរជាតិ
28, Feb 2022 , 10:59 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ត្រូវបានព្យួរតំណែងជាប្រធានកិត្តិយសនៃសហព័ន្ធកីឡាយូដូអន្តរជាតិ (IJF)។​ នេះបើតាមការប្រកាសរបស់ IJF នៅថ្ងៃទី២៧ ខែកុម្ភៈ បន្ទាប់ពីលោកពូទីនបញ្ជាទ័ពឈ្លានពានអ៊ុយក្រែន។


ក្រោយការប្រកាសសង្គ្រាមរបស់លោកពូទីន កងកម្លាំងរុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈបានចូលលុកលុយប្រទេសអ៊ុយក្រែន តាមផ្លូវគោក សមុទ្រ និងផ្លូវអាកាស និងបានសម្លាប់ពលរដ្ឋ និងទាហានអ៊ុយក្រែនច្រើនរយនាក់។
 
ការឈ្លានពានទឹកដីរបស់មេរបស់មេដឹកនាំក្រុងមូស្គូ បានធ្វើឱ្យប្រទេសជុំវិញពិភពលោក ថ្កោលទោស និងដាក់ទណ្ឌកម្មរុស្ស៊ីយ៉ាងខ្លាំងក្លា។ ស្របពេលគ្នានេះដែរ ក្នុងវិស័យកីឡាជាច្រើនដែលទាក់ទងនឹងក្រុមរុស្ស៊ី ក៏ត្រូវបានបញ្ឈប់ការប្រកួតមួយចំនួនផងដែរ។
 
IJF នៅថ្ងៃទី២៧ កុម្ភៈ ក៏ប្រកាសព្យួរតំណែងប្រធានកិត្តិយសរបស់លោកពូទីននៅសហព័ន្ធខ្លួនផងដែរ។ លោក Marius Vizer ប្រធាន IJF បានអះអាងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ដោយគិតពីជម្លោះសង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន សហព័ន្ធយូដូអន្តរជាតិបានប្រកាសពីការព្យួរឋានៈរបស់លោក ពូទីន ជាប្រធានកិត្តិយស និងជាឯកអគ្គរដ្ឋទូតនៃសហព័ន្ធយូដូអន្តរជាតិ»។ 
 
ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក្រៅតែជាមេដឹកនាំដ៏ខ្លាំងក្លា លោកក៏ជាអ្នកនិយមកីឡាផងដែរ។ បុរសវ័យ៦៩ឆ្នាំរូបនេះ​ មានកម្រិតខ្សែក្រវាត់ខ្មៅយូដូ ជាមួយភាពប៉ិនប្រសប់ទាំងក្បាច់ ទ្រឹស្តី និងវិន័យ។ លោក ពូទីន ក៏ជាសហនិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថាយូដូ «Judo» ដែលសរសេររៀបរាប់ពីប្រវត្តិសាស្រ្ត, ទ្រឹស្តី, និងការអនុវត្តរបស់កីឡានេះ៕
 

Tag:
 IJF
  រុស្ស៊ី
  អ៊ុយក្រែន
  វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com