ជាតិ
សង្គមជាតិ
ក្រុមអ្នកជំនួញចិននៅកម្ពុជា​ ស្នើអាជ្ញាធរឱ្យ​បង្ក្រាប​ឧក្រិដ្ឋកម្ម​«ដ៏កាចសាហាវ»​មកលើ​ពលរដ្ឋ​ចិន
28, Feb 2022 , 2:31 pm        
រូបភាព
ជនជាតិចិនជាង១០០នាក់ ដែលប្រព្រឹត្តបទល្មើសក្លែងបន្លំ និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍នៅកម្ពុជា ត្រូវបានបញ្ជូនទៅប្រទេសរបស់ពួកគេវិញ កាលឆ្នាំ២០១៩
ជនជាតិចិនជាង១០០នាក់ ដែលប្រព្រឹត្តបទល្មើសក្លែងបន្លំ និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍នៅកម្ពុជា ត្រូវបានបញ្ជូនទៅប្រទេសរបស់ពួកគេវិញ កាលឆ្នាំ២០១៩
ភ្នំពេញ៖ ក្រុមអ្នកជំនួញចិន​តាមរយៈសភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា បានស្នើដល់អាជ្ញាធរឱ្យបង្ក្រាបឧក្រិដ្ឋកម្ម«ខុស​ច្បាប់​ដ៏​កាច​សាហាវ»​ ​ដែលពាក់​ព័ន្ធ​នឹង​ពលរដ្ឋ​ចិន​នៅ​កម្ពុជា។ ការ​អំពាវ​នាវ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ​សង្កេត​ឃើញ​ថា ​មាន​ករណី​ឧក្រិដ្ឋ​កម្ម​ជា​ច្រើន ​បាន​កើត​មាន​លើ​ជនជាតិ​ចិន​នៅ​កម្ពុជា ​នា​ពេល​ថ្មីៗ​នេះ​។

 
សភាពាណិជ្ជកម្មចិននៅកម្ពុជា ​បានបង្ហាញនូវក្តីកង្វល់ដល់អ្នកធុរជនរបស់ខ្លួន ដែលកំពុងធ្វើពាណិជ្ជកម្ម ឬអាជីវកម្ម​នៅកម្ពុជា ខណៈករណីបាញ់ប្រហារ ចាប់ជំរិត ការគំរាមកំហែង​យក​ប្រាក់ជាដើមនោះ គឺមានជាហូរហែរមកលើជនជាតិចិន។ សភាពាណិជ្ជកម្មចិននៅកម្ពុជា នាថ្ងៃទី២៤កុម្ភៈ បានអំពាវនាវដល់អាជ្ញាធរកម្ពុជា ឱ្យបង្ក្រាបការខុសច្បាប់ដ៏កាច់សាហាវ ពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា។
 
«វិធីសាស្ត្រនៃឧក្រិដ្ឋជនមួយចំនួនរបស់គេ ពិតជាឃោរឃៅបំផុត  និងទង្វើរព្រៃផ្សៃ វាបានធ្វើឱ្យផ្ទុះកំហឹង ហើយបានជំរុញឱ្យមានជនរួមជាតិនៅកម្ពុជា និងនៅចិន មានកំហឹងយ៉ាងខ្លាំង»។ នេះជាការអះអាងរបស់សភាពាណិជ្ជកម្មចិននៅកម្ពុជា ដោយបានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនថា ករណី​គ្រោះថា្នក់​ទាំង​នេះ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត និង​ក្រុម​បោក​ប្រាស់​ទូរ​គមនាគមន៍​ ដែល​បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ខ្លាំង ដល់​អាជីវ​កម្ម និងប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ទំនុក​ចិត្ត​របស់​ជន​ជាតិ​ចិន ដែល​មាន​គំនិត​មក​វិនិយោគ និង ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។
 
សភាពាណិជ្ជកម្មចិននៅកម្ពុជា បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ៖ «​ប្រសិន​បើក្រុម​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត ​ត្រូវ​បាន​អនុញ្ញាត​ខុស​ច្បាប់​ ហើយ ​គេ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​បាន​មិន​ត្រឹម​តែ​សហគ្រាស​ចិន ដែល​មាន​បំណង​អភិវឌ្ឍ​នៅ​កម្ពុជា នឹង​ត្រូវ​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​នឹង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ទស្សន​វិស័យ​អាជីវកម្ម និង​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុន​ចិន​ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។
 
ដើម្បីការពារសុវត្ថិភាពអ្នកវិនិយោគ និងទាក់ទាញសហគ្រិនចិន កាន់តែច្រើនមកកម្ពុជា​ សម្រាប់ការអភិវឌ្ឍរួមគ្នានោះ សភាពាណិជ្ជកម្មចិននៅកម្ពុជា ស្នើ​រដ្ឋ​អំណាច​កម្ពុជា​និង​ចិន បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទាំង​នេះ​ ឱ្យ​បាន​ធ្ងន់​ធ្ងរ​បំផុត។ ជាពិសេស គឺត្រូវលុបបំបាត់នូវល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត និងក្រុមបោកប្រាស់ទូរគមនាគមន៍ រួមទាំងអំពើខុសច្បាប់ផ្សេងៗ។ 
 
កាលពីថ្មីៗនេះ មាន​សេចក្ដី​រាយ​ការណ៍​អំពី​ករណី​បោក​ប្រាស់​ជន​បរទេស​ពី​ប្រទេស​ចិន​ ថៃ និង​វៀតណាម​​ មក​បង្ខាំង​ឱ្យ​បោក​បញ្ឆោត​អ្នក​ប្រើ​អ៊ីន​ធឺណិត​នៅ​ក្រៅ​ប្រទេស។ ករណី​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ចុង​ក្រោយ​ ​ត្រូវបានរាយការណ៍​ថា ​មាន​ជន​រង​គ្រោះ​ជា​ពល​រដ្ឋ​ចិន​មួយ​រូប ​ត្រូវ​បាន​គេ​បូម​ឈាម​លក់​ទៀតផង។
 
ជាមួយនឹងការអំពាវនាវរបស់ក្រុមអ្នកធុរកិច្ចចិនខាងលើនេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បានប្រាប់សារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី២៨កុម្ភៈ ថា​  អាជ្ញាធរ​ចិន ​និង​កម្ពុជា ​បាន​សហការ​គ្នា​យ៉ាងជិតសិទ្ធ ក្នុងការ​បង្ក្រាប​បទ​ល្មើស​ឆ្លង​ដែន​ ដែលពាក់​ព័ន្ធ​នឹង​ពលរដ្ឋ​ចិន​នៅ​កម្ពុជា​ តាម​រយៈ​ការ​ផ្ដល់​និង​ចែក​រំលែក​ព័ត៌មាន និង​តម្រុយ។ លោកបានបន្ថែមថា ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជាបង្រ្កាបបទល្មើសនានានៅទូទាំងប្រទេស បានរហូតដល់៩៣ភាគរយ។ ទីកន្លែងដែលបង្រ្កាបបទល្មើសបានច្រើនជាងគេនោះ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងបណ្តាខេត្តមួយចំនួនទៀត។​
 
លទ្ធផលនៃការបង្រា្កបបទល្មើសបាននេះ គឺស្ថិតនៅក្រោមកិច្ចសហការដ៏ជិតសិទ្ធពីអាជ្ញាធរចិន។ លោក ខៀវ សុភ័គ បាននិយាយដូច្នេះ៖ « បើមិនមានកិច្ចសហការពីអាជ្ញាធរចិន ស្មានតែយើងអាចបង្រ្កាបបទល្មើសបានច្រើនដូចនេះអី។ ប៉ូលិសចិន គេបានផ្តល់ព័ត៌មានពីជនល្មើស តាមរយៈទីភ្នាក់ងារគេនោះគេជាទៀងទាត់ ដើម្បីតាមចាប់ និងបង្រ្កាបជនល្មើស»៕ 
 
 

Tag:
 ឧក្រិដ្ឋកម្ម
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com