ជាតិ
សង្គមជាតិ
ស្ថានទូតចិន ស្នើពលរដ្ឋខ្លួននៅកម្ពុជា កុំឲ្យប្រឌិតពាក្យចចាមអារ៉ាម និងបោកបញ្ឆោតសាធារណជន
01, Mar 2022 , 12:19 pm        
រូបភាព
បុរសចិនត្រកូលី (អាវក្រហមក្រឡា) និងគ្នីគ្នា៣នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសាររួមគ្នាប្រឌិតព័ត៌មានថា បុរសចិនត្រកូលលី ត្រូវបានចាប់បង្ខាំង និងត្រូវចាប់បូមឈាមអស់ជាច្រើន។ រូបពី AKP
បុរសចិនត្រកូលី (អាវក្រហមក្រឡា) និងគ្នីគ្នា៣នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសាររួមគ្នាប្រឌិតព័ត៌មានថា បុរសចិនត្រកូលលី ត្រូវបានចាប់បង្ខាំង និងត្រូវចាប់បូមឈាមអស់ជាច្រើន។ រូបពី AKP
ស្ថានទូតចិនប្រចាំកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋចិននៅកម្ពុជា កុំឲ្យប្រឌិតពាក្យចចាមអារ៉ាម និងបោកបញ្ឆោតសាធារណជន។ ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP)។



អ្នកនាំពាក្យស្ថានទូតចិន ចេញសេចក្តីថ្លែងការណ៍នេះ នៅក្រោយបន្តិចប៉ុណ្ណោះនៃការចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា។ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃការស្រាវជ្រាវលើករណីបុរសចិនម្នាក់ ដែលត្រូវបានបូមឈាមស្ទើរអស់ពីខ្លួន។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា អះអាងថា ករណីនេះ គឺជារឿងប្រឌិត។ 
 
ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យស្ថានទូតចិន ថែមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋខ្លួន គោរពតាមច្បាប់កម្ពុជាផងដែរ។ អ្នកនាំពាក្យ បន្តថា ស្ថានទូតចិន នឹងបន្តសហការជាមួយសមត្ថកិច្ចកម្ពុជា ដើម្បីបង្រ្កាបបទល្មើសបោកប្រាស់ បទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត និង ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តដោយប្រជាពលរដ្ឋចិន។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បុរសចិនឈ្មោះ លី យ៉ាយួនលុន (Li Yayuanlun) វ័យ៣១ឆ្នាំ បានចូលមកកម្ពុជាដោយខុសច្បាប់។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា បុរសចិនត្រកូលលី ដែលមានជំងឺស្រាប់នោះ បានទាក់ទងមនុស្ស៣នាក់ (ស្រ្តីម្នាក់) ដើម្បីជួយរកវិធីឲ្យរូបគេ អាចគេចផុតពីចំណាត់ការរបស់សមត្ថកិច្ចកម្ពុជា ។ 
 
ទីបំផុត ពួកគេ បាននឹកឃើញវិធី១ គឺបុរសចិនត្រកូលលី ប្រឌិតព័ត៌មានឡើងថា ខ្លួន ត្រូវបានគេ បង្ខាំង និងចាប់បូមឈាមអស់ជាច្រើន។ នេះបើផ្អែកលើសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាដដែល។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ចាត់ទុកការប្រឌិតរឿងនេះឡើង ថាបានធ្វើឲ្យសាធារណជន មានការភាន់ច្រឡំ និងបង្កផលប៉ះពាល់ដល់បរិយាកាសសង្គមកម្ពុជា។
 
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ផ្តល់ព័ត៌មានថា បុរសចិនត្រកូលលី និងមនុស្ស៣នាក់ទៀត ត្រូវបានឃាត់ខ្លួន និងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ដើម្បីចាត់ការតាមច្បាប់។ ចំណែក អ្នកនាំពាក្យស្ថានទូតចិន សរសេរក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានទូតចិន នឹងតាមដានសវនាការលើករណីនេះ។ 
 
បុរសចិនត្រកូលី បានមកដល់កម្ពុជា ក្នុងឆ្នាំ២០២១ ហើយព័ត៌មានអំពីលោក ដែលត្រូវគេចាប់បូមឈាមស្ទើរអស់ពីខ្លួន បានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ។ កន្លែង ដែលបុសចិនរូបនេះ ទៅដល់ដំបូង គឺតំបន់ឆាយណាថោន (China Town) នៅខេត្តព្រះសីហនុ។ អ្នកនាំពាក្យស្ថានទូតចិន លើកឡើងថា ក្រោយចូលមកដល់កម្ពុជា បុរសចិនត្រកូលលី មានជំងឺថ្លើមធ្ងន់ធ្ងរ ហើយក៏បានទាក់ទងសមាគមមួយ ដើម្បីសុំជំនួយ៕ 
 
 

Tag:
 កម្ពុជា-ចិន
  ករណីបូមឈាមបុរសចិន
© រក្សាសិទ្ធិដោយ thmeythmey.com