ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន សុំឲ្យពលរដ្ឋយោគយល់ការឡើងថ្លៃប្រេងសាំង
02, Mar 2022 , 2:49 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជានាពិធីសម្ពោធផ្លូវជាតិលេខ៣ភ្នំពេញនិងកំពត។ រូពពី SHP
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជានាពិធីសម្ពោធផ្លូវជាតិលេខ៣ភ្នំពេញនិងកំពត។ រូពពី SHP
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រី្ត ហ៊ុន សែន សុំឲ្យពលរដ្ឋយោគយល់ លើការឡើងថ្លៃប្រេង សាំង ខណៈពិភពលោកកំពុងជួបវិបត្តិឡើងថ្លៃនេះ ហើយកម្ពុជាក៏ពុំមែនប្រទេសផលិតប្រេង។

 
ថ្លែងក្នុងពិធីសម្ពោដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ប្រវែង១៣៤គីឡូម៉ែត្រ សម្ដេច ហ៊ុន សែន បានលើកឡើងថា ពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩ ហើយនឹងមានបន្ទុកកាន់តែនៅពេលសង្គ្រាមរុស្ស៉ីនិងអ៊ុយក្រែនបន្តកើនឡើងកាន់តែធ្ងន់។ វិបត្តិនៃសង្គ្រាមរវាងរុស្ស៉ីនិងអ៊ុយក្រែន នឹងធ្វើឲ្យអតិផរណាប្រេងបន្តកើន ក្នុងនោះកម្ពុជាក៏រងវិបត្តិឡើងថ្លៃនេះដែរ។ 
 
សម្ដេច ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា៖ «សុំពលរដ្ឋយើងមេតាយោគយល់ ការឡើងថ្លៃប្រេង មិនមែនឡើងតែកម្ពុជាទេ ឡើងគ្រប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក។ យើងមិនមែនជាប្រទេសផលិតប្រេងទេ សូម្បីតែប្រទេសផលិតប្រេង ក៏ប្រេងឡើងថ្លៃដែរ»។ ជាមួយគ្នាដែរ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា មើលឃើញថា អឺរ៉ុប កំពុងក្លាយជាអឺរ៉ុបនីយកម្មសង្គ្រាម។ ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បានបកស្រាយថា បើអឺរ៉ុបបញ្ជូនកម្លាំងយោធាទៅជួយអ៊ុយក្រែន គឺមិនមែនសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ទៀតទេ វាគឺជាសង្គ្រាមរវាងរុស្ស៊ី និងអឺរ៉ុប។
 
យោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១ដល់១៥មីនា តម្លៃប្រេងលក់រាយប្រេងឥន្ទនៈសម្រាប់សាំងធម្មតាមានតម្លៃ៤៨០០រៀលក្នុងមួយលីត្រ។ ចំណែក ប្រេងម៉ាស៊ូតតម្លៃ៤៥០០រៀលក្នុងមួយលីត្រ៕ 
 

Tag:
 ប្រេងសាំង
© រក្សាសិទ្ធិដោយ thmeythmey.com