ជាតិ
ទូតបារាំង និងអាល្លឺម៉ង់ ស្នើឲ្យកម្ពុជាចូលរួមក្នុងចលនាអន្តរជាតិដើម្បីគាំទ្រអ៊ុយក្រែន ហើយថ្កោលទោសរុស្ស៊ី
02, Mar 2022 , 3:40 pm        
រូបភាព
ទូតបារាំង លោក Jacques Pellet (ឆ្វេង) និងទូតអាល្លឺម៉ង់ លោក Christian Berger
ទូតបារាំង លោក Jacques Pellet (ឆ្វេង) និងទូតអាល្លឺម៉ង់ លោក Christian Berger
ដោយ: រួបរួម
ឯកអគ្គរដ្ឋទូតបារាំង និងអាល្លឺម៉ង់ ចង់ឃើញកម្ពុជាចូលរួមក្នុងចលនាអន្តរជាតិដើម្បីគាំទ្រអ៊ុយក្រែន ហើយថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ក្រោយតំណាងប្រទេសអឺរ៉ុបទាំងពីរ បានចូលរួមពិភាក្សាជាមួយលោកស្រី សឿង រ័ត្នចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១ ខែមីនា។





«លោកទូតទាំងពីរបានអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសអ៊ុយក្រែន ហើយឱ្យមានការដកទ័ពរុស្ស៊ីភ្លាមៗ និងគ្មានល័ក្ខខ័ណ្ឌចេញពីទឹកដីអ៊ុយក្រែន»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដោយចង់ឃើញជំហរដូចគ្នាផងដែរពីភាគីកម្ពុជា។

ទូតបារាំង លោក Jacques Pellet និងទូតអាល្លឺម៉ង់ លោក Christian Berger បានរំឮកពីការអំពាវនាវរបស់បារាំង និងអាល្លឺម៉ង់ឱ្យមានការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ការចាប់ផ្តើមការចរចាឡើងវិញ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

មិនត្រឹមតែបោះឆ្នោតគាំទ្រដំណោះស្រាយមួយដែលកំពុងដាក់ជូនអង្គប្រជុំវិសាមញ្ញបន្ទាន់នៃមហាសន្និ បាតអង្គការសហប្រជាតិប៉ុណ្ណោះទេ ពួកលោក ក៏បានស្នើឱ្យប្រទេសកម្ពុជាធ្វើជាប្រទេសផ្ចុងផ្តើមដំណោះស្រាយនេះជាមួយប្រទេសផ្សេងៗទៀតផងដែរ។



ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាសម្រេចមិនបង្ហាញពីជំហររបស់ខ្លួនឡើយ។នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣(ភ្នំពេញ-កំពត) នៅព្រឹកថ្ងៃទី២ ខែមីនា នេះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា មិនគាំទ្រឱ្យមានការបំបែករដ្ឋ ចេញប្រទេសណាមួយទេ ហើយកម្ពុជា ក៏មិនគាំទ្រឱ្យមានសង្គ្រាមផ្ទុះឡើងដែរ។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចជំទាស់ដាច់ខាត ចំពោះការប្រើប្រាស់កម្លាំងប្រឆាំងនឹងភាគីម្ខាងទៀត ដែលនាំឱ្យសង្គ្រាមកើតឡើងឡើយ។ «គោលជំហរយើងពីដើម ដល់ចប់ គឺមិនគាំទ្រការប្រើប្រាស់កម្លាំងពីភាគីមួយ ទៅភាគីមួយទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្ដេចធ្លាប់បានប្រកាសជំហរបែបនេះ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ និងកម្មវិធីអន្តរជាតិផ្សេងៗជាច្រើនមកហើយ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មើលឃើញថា ស្ថានការណ៍អ៊ុយក្រែន-រុស្ស៊ី នាពេល​បច្ចុប្បន្ន ហាក់ដូចជា​ អឺរុបនីយកម្ម​ប្រឆាំងនឹងរុស្ស៊ី។ សម្តេច​មិនគាំទ្រ​នោះឡើយ ដោយសម្តេច​លើកទឹកចិត្តឲ្យមាន​ការបន្ត​ចរចា៕




Tag:
 វិបត្តិរុស្ស៊ីអ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com