ជាតិ
សេដ្ឋកិច្ច
ផ្លូវជាតិលេខ៣ពីភ្នំពេញ-កំពត តម្លៃជាង២៥០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើជាផ្លូវការ
02, Mar 2022 , 6:59 pm        
រូបភាព
ផ្លូវជាតិលេខ៣ ដែលជាជំនួយឥតសំណងរបស់ចិនផ្តល់ឱ្យកម្ពុជា។ រូបថត៖ MPWT
ផ្លូវជាតិលេខ៣ ដែលជាជំនួយឥតសំណងរបស់ចិនផ្តល់ឱ្យកម្ពុជា។ រូបថត៖ MPWT
កំណាត់ផ្លូវជាតិលេខ៣ពីភ្នំពេញ-កំពតប្រវែងជិត១៣៥គីឡូម៉ែត្រ ដែលជាជំនួយឥតសំណងរបស់ប្រទេសចិនផ្តល់ឱ្យកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២មីនា។ ផ្លូវមួយខ្សែនេះ មានតម្លៃជាង២៥០លានដុល្លារ។

 
ផ្លូវជាតិលេខ៣ ដែលឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវក្រាលបេតុងប្រភេទACនេះ គឺមានតម្លៃសរុបប្រមាណ២៥២លានដុល្លារ ដោយក្នុងនោះ មានជាង២១៥លាន ជាជំនួយឥតសំណងដែលចិនផ្តល់ឱ្យកម្ពុជាសម្រាប់សាងសង់ផ្លូវនេះ និង ប្រមាណ៣៧លានដុល្លារទៀត គឺជាថវិកាបដិភាគរបស់រដ្ឋាភិបាល សម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
 
ផ្លូវជាតិលេខ៣នេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ក្នុងរយៈពេលជិត៣ឆ្នាំ ដោយគិតចាប់ពីខែតុលា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២១។ ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនេះ នាព្រឹកថ្ងៃទី២មីនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បាននិយាយថា កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា។ ផ្លូវនេះបានត្រូវបានតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុ, ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ព្រៃនប់) និងតភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ ផងដែរ។


 លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

បើតាមលោក ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៣ ក៏ជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ១២៣(AH-123) ពីប្រទេសថៃ មក កម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៣៣ កាត់តាមកំពង់ត្រាច ចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក(កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាង។
 
ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣នេះ ក្រៅពីជួយអភិវឌ្ឍតំបន់និរតីហើយនោះ ក៏មានសារៈសំខាន់ជាពិសេសសម្រាប់កម្ពុជា ក្នុងការអនុវត្តផែនការកែលម្អបណ្តាញផ្លូវសំខាន់ៗ ផងដែរ។
 
លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ការបញ្ចប់ការសាងសង់និងដាក់ឱ្យដំណើរការដោយរលូននៃគម្រោងកែលម្អនិងពង្រីកផ្លូវជាតិលេខ៣នេះ គឺបានបង្ហាញឱ្យឃើញនិន្នាការរឹងមាំ និងលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា ជាថ្មីម្តងទៀត។ បើតាមឯកអគ្គរដ្ឋទូតចិនរូបនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណផ្លូវថ្នល់ ស្ពាន គឺទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ 


លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

«ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងបានឃើញគម្រោងមានគម្រោងចរាចរណ៍ជាច្រើន ដូចជា៖ ស្ពាន និងផ្លូវ ត្រូវបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាបន្តបន្ទាប់»។ លោក វ៉ាង វិនធៀន មានប្រសាសន៍ដូច្នេះ ដោយបន្តថា ៖ «ប្រទេសចិន នឹងបន្តផ្តល់ជំនួយដល់កម្ពុជាតាមសមត្ថភាពរបស់ខ្លួនដែលអាចធ្វើបាន ដើម្បីកែលម្អបណ្តាញផ្លូវទូទាំងប្រទេសកម្ពុជា។ ផ្លូវជាតិលេខ៣១ ៣៣ ៤១ ដែលភាគីកម្ពុជា បានយកចិត្តដាក់ទុកនោះ ក៏មានសង្ឈឹមអាចដាក់ការដ្ឋានសាងសង់ជាផ្លូវការ នាឆ្នាំនេះ។ យើងកំពុងពិចារណាដោយសកម្ម អំពីការជួយកែលម្អផ្លូវពីខេត្តកំពតដល់ ខេត្តព្រះសីហនុ ផងដែរ»៕ 
 

Tag:
 ផ្លូវជាតិលេខ៣
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com