កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករតួកគី Demir មិន​ពាក់​អាវ «No War» ព្រោះឃើញភាពលំអៀងរវាងបញ្ហានៅមជ្ឈិមបូព៌ា និងអឺរ៉ុប​
03, Mar 2022 , 8:29 am        
រូបភាព
ខ្សែការពារតួកគី​ Aykut Demir បដិសេធពាក់អាវដែលមានពាក្យ «គ្មានសង្គ្រាម» (No War) នាអំឡុងការប្រកួតកាលពី ថ្ងៃទី២៧ ខែកុម្ភៈដែលជាការប្រកួតលីគលំដាប់ទីពីររវាងក្រុម Erzurumspor ទល់ក្រុម Ankaragucu។

 
ក្រុមទាំងពីរបានពាក់អាវបង្ហាញពាក្យ«គ្មានសង្គ្រាម»ក្នុងការចូលរួមអំពាវនាវឱ្យបញ្ឈប់ការបាញ់គ្នាក្នុងប្រទេសអ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះក្រុមទាំងពីរក៏បានអញ្ជើញកីឡាករ Aykut Demir ឱ្យពាក់អាវយឺតនោះ តែត្រូវគេបដិសេធ។
 
ហេតុផលដែលកីឡាករវ័យ៣៣ឆ្នាំបានបដិសេធមិនព្រមពាក់អាវបែបនេះដោយសារខ្វះការយកចិត្តទុកដាក់នឹងការប្រងើយកន្តើយចំពោះបញ្ហាប្រជាជនដែលរស់នៅតំបន់មជ្ឈិមបូព៌ាក្នុងនោះក៏មានវិបត្តិសង្គ្រាមស៊ីវិលនៅប្រទេសយេម៉ែនផងដែរ។
 
«មនុស្សរាប់សែននាក់បានស្លាប់ជារៀងរាល់ថ្ងៃនៅតំបន់មជ្ឈិមបូព៌ា ខ្ញុំក៏មានអារម្មណ៍សោកស្តាយដូចគ្នា ហើយខ្ញុំចូលរួមរំលែក ការ ឈឺចាប់នេះចំពោះមនុស្សស្លូតត្រង់។ អ្នកបានព្រ​ងើយកន្តើយអំពីរឿង ទាំងនេះ ហើយពេលនេះវាបានមកដល់អឺរ៉ុប ខ្ញុំមិនចូលចិត្តពាក់ អាវយឺតទាំងអស់នេះឡើយ ព្រោះវាមិនបានសំដៅទៅកាន់ប្រទេសនៅមជ្ឈិមបូព៌ាអស់ទាំងនោះ»។ នេះជាការលើកឡើងរបស់កីឡាករ Aykut Demir។
 
ក្រោយពេល Demir បានពន្យល់ពីហេតុផលដែលមិនព្រមពាក់អាវប្រឆាំងរឿងរុស្ស៊ីវាយប្រហារអ៊ុយក្រែនបែបនេះ ខ្សែការពាររូបនេះក៏ទទួលរងការរិះគន់យ៉ាងខ្លាំង។
 
យ៉ោងតាមរបាយការណ៍មួយពីសំណាក់អង្គការសហប្រជាជាតិ UN បានផ្សាយជាសាធារណនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មនុស្សជាង ៣៧៧,០០​០ បានស្លាប់ដោយសារសង្គ្រាមត្រឹមឆ្នាំ ២០២១ និងមនុស្សរាប់លាននាក់បានផ្លាស់ប្តូរទីលំនៅ។
 
សង្គ្រាមប្រទេសស៊ីរីក៏កំពុងតែបន្ត តាមរបាយការណ៍របស់ BBC បានបង្ហាញ់ថាមនុស្សប្រមាណ ៣៨៧,១១៨នាក់ បាន ស្លាប់គិតត្រឹម ខែមីនាឆ្នាំ២០២១ ហើយប្រមាណ ២០៥,៣០០នាក់បានបាត់ខ្លួនដែលអាចសន្មតថាស្លាប់៕
 

Tag:
 Aykut Demir
  Ukraine
© រក្សាសិទ្ធិដោយ thmeythmey.com