កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករប្រេស៊ីលចាកចេញពីអ៊ុយក្រែនដោយសុវត្ថិភាព ក្រោមជំនួយរបស់ស្ថាប័នបាល់ទាត់
02, Mar 2022 , 10:29 pm        
រូបភាព
កីឡាករប្រេស៊ីលរបស់ក្រុម Shakhtar Donetsk រួមទាំងគ្រួសារពួកគេ បានចាកចេញប្រទេសអ៊ុយក្រែនដោយសុវត្ថិភាពអស់ហើយ បន្ទាប់ពីជាប់គាំងក្នុងសណ្ឋាគារ ក្រោយការលុកលុយរបស់រុស្ស៊ី។ ការជម្លៀសកីឡាករអាចធ្វើទៅ ក្រោមជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) អ៊ុយក្រែន (UFA) និង ម៉ុលដូវ៉ាន់ (MFF)។


បើតាមការប្រកាសរបស់ក្លិប Shakhtar Donetsk នៃក្របខណ្ឌ Premier League របស់អ៊ុយក្រែននៅថ្ងៃទី១ ខែមីនា សមាជិកក្រុមខ្លួនដែលជាជនជាតិប្រេស៊ីលជាង១០នាក់ និងក្រុមគ្រួសាររបស់ពួកគេ បានចាកចេញទៅដល់ប្រទេសរូម៉ានីហើយ។
 
Shakhtar ដែលកំពុងឈរកំពូលតារាងបណ្តោះអាសន្នសម្រាប់រដូវកាល ២០២១-២២នេះបន្ថែមទៀតថា កីឡាករបរទេសរបស់ក្រុម Dynamo Kyiv ក៏បានចាកចេញពីអ៊ុយក្រែនផងដែរ។ ដោយឡែកកីឡាករប្រេស៊ីលបីនាក់ដែលលេងឱ្យ SK Dnipro-1 បានឆ្លងព្រំដែនចូលប្រទេសរូម៉ានីតាំងពីថ្ងៃទី២៦ ខែកុម្ភៈម្លេះ។
 
ក្រោយរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ក្រុមកីឡាករបាល់ទាត់ប្រេស៊ីលដែលប្រកបអាជីពនៅលីគប្រទេសអ៊ុយក្រែន បានអំពាវនាវដល់រដ្ឋាភិបាលពួកគេឱ្យជួយសង្គ្រោះចេញពីប្រទេសនេះ។
 
យ៉ាងណាក៏ដោយ កីឡាករបរទេសដែលអាចចាកចេញពីអ៊ុយក្រែន ធ្វើទៅបានក្រោមជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) និងអ៊ុយក្រែនឯណោះទេ។
 
«ការជម្លៀសកីឡាករអាចធ្វើទៅបានដោយសារជំនួយផ្ទាល់ខ្លួនរបស់ប្រធាន UEFA លោក Aleksander Ceferin ប្រធានសហព័ន្ធបាល់ទាត់អ៊ុយក្រែនលោក Andrii Pavelko និងប្រធានសហព័ន្ធបាល់ទាត់ម៉ុលដូវ៉ាន់លោក Leonid Oleinichenko»។ ក្លិប Shakhtar អះអាងដូច្នេះ ព្រមទាំងប្រកាស​អរគុណ​សម្រាប់​ជំនួយ​ដ៏ប្រពៃនេះ។
 
នៅថ្ងៃទី២៨ ខែកុម្ភៈ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានផ្អាកក្រុមជម្រើសជាតិ និងក្លិបនានារបស់រុស្ស៊ីពីសកម្មភាពបាល់ទាត់អន្តរជាតិរហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះដោយសាររដ្ឋាភិបាលក្រុងមូស្គូលុកលុយប្រទេសអ៊ុយក្រែនទាំងខុសច្បាប់ និងបានសម្លាប់មនុស្សរាប់សិបនាក់ និងបង្កឱ្យមានវិបត្តិជនភៀសខ្លួន។ ប្រសិនបើស្ថានភាពនៅអ៊ុក្រែនប្រសើរឡើងវិញឆាប់ៗ FIFA និង UEFA នឹងដកការព្យូរនេះចេញវិញ៕
Relate 112872
 
 

Tag:
 Shakhtar Donetsk
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com