ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្តល់ជំនួយ៤៣លានដុល្លារទៀតដល់កម្ពុជា​ ដើម្បីបោសសម្អាតមីននិងពង្រីកប្រព័ន្ធទឹកស្អាត
02, Mar 2022 , 9:59 pm        
រូបភាព
លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កំពុងចុះហត្ថលេខាជាមួយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កំពុងចុះហត្ថលេខាជាមួយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន សម្រេចបន្តផ្តល់ជំនួយប្រមាណ៤៣លានដុល្លារទៀតដល់កម្ពុជា ដើម្បីការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីន និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។ ថវិកាដែលជាជំនួយឥតសំណងនេះ ត្រូវបានចុះហត្ថលេខាដោយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២មីនា។​

 
ក្នុងចំណោមជំនួយឥតសំណងជាង៤៣លានដុល្លារ​ ដែលជប៉ុនផ្តល់ឱ្យកម្ពុជា គឺមាន ១៨,២លានដុល្លារ សម្រាប់អនុវត្តគម្រោងបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីនដំណាក់កាលទីពីរ និងប្រមាណ២៥,៣លានដុល្លារទៀត គឺសម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។ 
 
បើតាមលោក ​ប្រាក់​សុខុន ជំនួយរបស់ជប៉ុនលើគម្រោងការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីនដំណាក់កាលទីពីរ នឹងជួយឱ្យមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) អាចបន្តបេសកកម្មរបស់ខ្លួន ដើម្បីបោសសម្អាតគ្រាប់មីននៅតាមតំបន់ឆ្ងាយៗ។ ជាពិសេសនៅតាមបណ្តោយព្រំដែន ដើម្បីអាចឱ្យប្រជាជនមូលដ្ឋានទទួលផលប្រយោជន៍ពីសកម្មភាពកសិកម្មលើដី ដែលបានបោសសម្អាតគ្រាប់មីនរួច។ លោក បានបញ្ជាក់ថា​ ប្រទេសជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងនានាពាក់ព័ន្ធនឹងការដោះមីននៅកម្ពុជា តាមរយៈការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងឧបករណ៍ ទាំងក្រោមភ្នាក់ងាររបស់រដ្ឋាភិបាលជប៉ុន និងអង្គការមិនមែនរដ្ឋាភិបាល។
 
ក្នុងពិធីចុះហត្ថលេខាប្រគល់-ទទួលជំនួយឥតសំណង នាព្រឹកថ្ងៃទី២មីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន បន្តលើកឡើងថា សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀងវិញ នឹងត្រូវបានពង្រីកបន្ថែម ទៅលើសមត្ថភាពបណ្តាញចែកចាយ និងសមាមាត្រគ្របដណ្តប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង ដែលបណ្តាលមកពីកំណើន នៃចំនួនប្រជាជននៅក្នុងខេត្ត។
 
ជប៉ុនជាប្រទេសមួយ​ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជាតាមរយៈការផ្តល់ទាំងជំនួយឥតសំណងនិងកម្ចី ក្នុងការពង្រីកគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ពោធិ៍សាត់ និងតាខ្មៅ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងទាំងនេះ ជប៉ុនសង្ឃឹមថា នឹងអាចជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជា៕ 
 

Tag:
 មីន
  ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com