ជាតិ
FAO នឹងជួយពង្រឹងសមត្ថភាពកែច្នៃផលកសិកម្មកម្ពុជាតាមស្តង់ដារ ដើម្បី​ឈានដល់ការនាំចេញ
03, Mar 2022 , 7:59 am        
រូបភាព
អង្កការ FAO នឹងបន្តជួយពង្រឹងសមត្ថភាពកែច្នៃផលកសិកម្មកម្ពុជាឲ្យស្របតាមស្តង់ដារ គុណភាព សុវត្ថិភាព ដើម្បីឈានដល់ការនាំចេញបន្ថែមទៀត។ អង្គការ FAO គឺជាដៃគូអភិវឌ្ឍន៍វិស័យកសិកម្មដ៏សំខាន់មួយរបស់កម្ពុជា ដែលកំពុងចូលរួមលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនផលិតភាពផលិតកម្មជាដើម។


នៅក្នុងកិច្ចពិភាក្សាជាមួយនាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO)ថ្មីប្រចាំកម្ពុជា លោក វេង សាខុន​ រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងថា អង្គការ FAO តែងតែជួយឧបត្ថម្ភគាំទ្រដល់វិស័យកសិកម្មកម្ពុជា តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍផ្សេងៗ។ គម្រោងទាំងនេះ កំពុងផ្ដល់ផ្លែផ្កាគួរឲ្យកត់សម្គាល់ និងបានជួយជំរុញ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិករ។ រដ្ឋមន្រ្តី​កសិកម្ម​ បន្តថា នេះគឺជាទុនដល់ការពង្រឹងសមត្ថភាពផលិត ធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបនឹងបរិបទទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ ពិសេសស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣។
 
ជាមួយគ្នានេះ លោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO)ថ្មីប្រចាំកម្ពុជា បានលើកឡើងថា បេសកកម្មគាំទ្រកសិកម្មរបស់អង្គការ FAO លើទឹកដីកម្ពុជាកន្លងមកទទួលបានជោគជ័យ។ ជាក់ស្តែង គម្រោងអភិវឌ្ឍន៍វិស័យកសិកម្មមួយចំនួនកំពុងអនុវត្ត ហើយលោកស្រី សង្ឃឹមថានឹងរួមចំណែកអភិវឌ្ឍន៍វិស័យមួយនេះឲ្យមានការរីកចម្រើនបន្ថែមទៀត។
 
ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរក៏បានឯកភាព លើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការពង្រឹងសមត្ថភាពកែច្នៃតាមរយ:វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម ប្រព័ន្ធទីផ្សារកសិផល (ដំណាំ បន្លែ សត្វ និងត្រី)។ ទន្ទឹមនឹងនេះ ប្រព័ន្ធត្រជាក់ក្នុងខ្សែច្រវាក់ផលិតកម្ម (Cold Chain System) ការអភិវឌ្ឍន៍អនុវិស័យវារីវប្បកម្ម និងព្រៃឈើ សេវាកម្មផ្តល់ធាតុចូលកសិកម្ម ដើម្បីបង្កើនផលិតកម្មស្បៀង អាហារូបត្ថម្ភ ការស្រូបយកបច្ចេកវិទ្យាកសិកម្មថ្មីៗយកទៅអនុវត្ត លើកកម្ពស់ស្តង់ដារផលិត ធានាបានគុណភាព សុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញ រក្សាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕  
 
 
 
 
 
 

Tag:
 កសិកម្ម
  អង្កការ FAO
© រក្សាសិទ្ធិដោយ thmeythmey.com