ជាតិ
សង្គមជាតិ
ក្រុមហ៊ុន «ប្រឈមនឹងការរំលាយចោល» បើសាងសង់សំណង់ដោយគ្មានការអនុញ្ញាត
03, Mar 2022 , 9:29 am        
រូបភាព
ទិដ្ឋភាពអគារក្នុងរាជធានីភ្នំពេញ
ទិដ្ឋភាពអគារក្នុងរាជធានីភ្នំពេញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអនុញ្ញាតក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ សាងសង់សំណង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ នេះបើតាមលិខិតរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងដែនដី ចេញនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ដើម្បីជម្រាបទៅដល់គ្រប់ម្ចាស់ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់។



ក្រសួងដែនដី នឹងចាត់មន្រ្តីអធិការកិច្ចសំណង់ ឲ្យចុះទៅត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការ «ដកហូតអាជ្ញាបណ្ណ លិខិតអនុញ្ញាតិប្រកបអាជីវកម្មសាងសង់ និងការដាក់ទណ្ឌកម្មផ្សេងៗទៀត» ចំពោះក្រុមហ៊ុន ឬក្រុមជាងសំណង់ ដែលសាងសង់សំណង់ដោយគ្មានការអនុញ្ញាត។ 
 
បន្ថែមពីនេះ មន្រ្តីអធិការកិច្ចសំណង់របស់ក្រសួងដែនដី អាចកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ ដើម្បីស្នើសុំឲ្យចាត់វិធានការផ្សេងៗទៀត ដូចជារឹបអូសសម្ភារៈ បរិក្ខារ ឧបករណ៍ ពិន័យជាប្រាក់ ផ្តន្ទាទោសដាក់ពន្ធនាគារ និងអាចឈានទៅដល់«រំលាយក្រុមហ៊ុនសំណង់ ឬក្រុមជាងសំណង់»។
 
ក្រសួងដែនដី ចាត់ទុកការសាងសង់សំណង់ដោយគ្មានការអនុញ្ញាត ថាជាអំពើខុសច្បាប់ ពីព្រោះគម្រោងសាងសង់នោះមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ច។ ក្រសួងដែនដី បន្តថាការសាងសង់សំណង់ ដែលគ្មានការអនុញ្ញាតអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព គុណភាព និងសុវត្ថិភាពសំណង់៕  
 
 

Tag:
 សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com