កីឡាអន្តរជាតិ
អន្តរជាតិ
New York Times៖ ចិន​ដឹងផែន​ការរុស្ស៊ី​វាយអ៊ុយក្រែន ហើយបានស្នើឲ្យចាំរហូតដល់ចប់អូឡាំពិក
03, Mar 2022 , 4:29 pm        
រូបភាព
មន្រ្តីជាន់ខ្ពស់ចិន បានស្នើទៅមន្ត្រីជាន់ខ្ពស់រុស្ស៊ីកាលពីដើមខែកុម្ភៈ ឱ្យពន្យារវាយ ប្រហារអ៊ុយក្រែន ដោយរង់ចាំរហូតដល់ព្រឹត្តិការណ៍កីឡារអូឡាំពិករដូវរងាក្រុងប៉េកាំងបញ្ចប់សិន។ នេះបើតាមការអះអាង ពីមន្ត្រីជាន់ខ្ពស់អាម៉េរិកនាថ្ងៃទី២ ខែមីនាដែលចេញផ្សាយដោយកាសែត New York Times ។

 
បើតាមរបាយការណ៍ស៊ើបការណ៍​សម្ងាត់របស់អាម៉េរិកដែលផ្សាយដោយកាសែត New York Times ចិនបានដឹង ពីផែនការ និងចេតនារបស់រុស្ស៊ីក្នុងការវាយប្រហារលើអ៊ុយក្រែន មុនព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំង។ ក្រោយពេលព្រឹត្តិការណ៍អូឡាំពិកប៉េកាំងបញ្ចប់បានត្រឹមរយៈពេល ៤ថ្ងៃរុស្ស៊ីបានបើកការវាយប្រហារ ចូលក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។
 
បើតាមទីភ្នាក់ងារ Reuters វិញ ចិនបានស្នើសុំរុស្ស៊ីលើរឿងនេះពិតមែន ប៉ុន្តែប្រភពបដិសេធមិនផ្តល់ព័ត៌មានលម្អិតឡើយ ដោយសារតែពេលនេះបញ្ហាកំពុងតែមានការរសើបខ្លាំង។
 
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងសមភាគីចិន ស៊ី ជិនភីង បានជួបគ្នាអំឡុងថ្ងៃបើកព្រឹត្តិការណ៍ អូឡាំពិកទីក្រុងប៉េកាំងកាលពីថ្ងៃទី៤ ខែកុម្ភៈ និងបានប្រកាសពីភាពជាដៃគូគ្មានដែនកំណត់ ហើយក៏បានសន្យាសហការគ្នាបន្ថែមទៀតក្នុងការប្រឆាំងជាមួយពួកលោកខាងលិច។
យ៉ាងណាមិញ ស្ថានទូតចិនប្រចាំអាម៉េរិក បដិសេធព័ត៌មានខាងលើ។
 
«ការអះអាងដោយរបាយការណ៍ពាក់ព័ន្ធខាងលើគឺជាការស្មានដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយវាជាការ លើកឡើងដើម្បីគោលបំណងចោទប្រកាន់ និងការប្រមាថចិន»។ នេះបើតាសម្តីលោក Liu Pengyu អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន។
 
ទាក់ទងទៅនឹងបញ្ហានេះ ក្រសួងការបរទេសអាម៉េរិក ភ្នាក់ងាស៊ើបការណ៍សម្ងាត់ CIA និងក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន មិនបានឆ្លើយតបទៅនឹងការសាកសួរណាមួយឡើយ៕
 

Tag:
 ​Paralympics Beijing 2022
  Russia invasion
© រក្សាសិទ្ធិដោយ thmeythmey.com