កីឡាអន្តរជាតិ
អន្តរជាតិ
IPC ៖ អត្តពលិករុស្ស៊ីនិងបេឡារុសមិនអាចចូលរួមប្រកួតប៉ារ៉ាឡាំពិកនៅប៉េកាំងបានឡើយ
04, Mar 2022 , 8:29 am        
រូបភាព
ក្រុមអត្តពលិករុស្ស៊ីនិងបេឡារុសនឹងមិនអាចចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំងបានឡើយ។ នេះបើតាមការបញ្ជាក់ពី គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) នាថ្ងៃទី៣ខែមីនា។


ក្នុងសប្តាហ៍នេះគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសហាមឃាត់ក្រុមអត្តពលិករុស្ស៊ីនិងបេឡារុសពីការប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានា ប៉ុន្តែដល់ថ្ងៃទី២ខែមីនា IPC បានប្រកាសថាប្រទេសទាំងពីរត្រូវបានអនុញ្ញាតអាចប្រកួតបានឡើងវិញក្នុងលក្ខណៈអព្យាក្រិត្យ។ 
 
ការហាមឃាត់ទាំងនេះជាការឆ្លើយតបទៅនឹងការវាយប្រហារចូលក្នុងប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈ។ រុស្ស៊ីបានយកព្រំដែនប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តជាច្រកមួយក្នុងចំណោមច្រក២ផ្សេងទៀតដើម្បីវាយចូលប្រទេសអ៊ុយក្រែន។
 
បើតាមសេចក្តីថ្លែងការណ៍របស់ IPC បានលើកឡើងនាថ្ងៃទី២ខែមីនាថា អត្តពលិករុស្ស៊ីនិងបេឡារុសអាចចូលរួមប្រកួតបានស្ថិតក្រោមទង់តំណាងរបស់ប៉ារ៉ាឡាំពិក ព្រោះពួកគេជាកីឡាករមិនមែនអ្នកដែលវាយអ៊ុយក្រែនឡើយ។ ប៉ុន្តែដល់ថ្ងៃទី៣ខែមីនាប្រធាន IPC ក៏បានចេញសេចក្តីថ្លែងការណ៍ជាថ្មីអំពីប្រទេសទាំងពីរនេះមិនអាចចូលរួមប្រកួតវិញបាន។
 
«បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំពិសេសរួចមក ក្រុមប្រឹក្សាភិបាល IPC បានសម្រេចចិត្តបដិសេធមិនឱ្យអត្តពលិករបស់ប្រទេសរុស្ស៊ីនិងបេឡារុស មិនឱ្យប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងបន្តទៀតឡើយ។»នេះបើតាមសេចក្តីថ្លែងការណ៍របស់ IPC។
 
មកដល់ពេលនេះអត្តពលិកព្រមទាំងមន្ត្រីប៉ារ៉ាឡាំពិករុស្ស៊ីចំនួន៧១នាក់បានទៅដល់ប្រទេសចិនរួចរាល់ហើយសម្រាប់ត្រៀមប្រកួតនៅទីក្រុងប៉េកាំងដែល ការប្រកួតនឹងត្រូវបើកនៅថ្ងៃទី៤ខែមីនា៕
 

Tag:
 Paralympic Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com