អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Yeo's បានផ្តួចផ្តើមយុទ្ធនាការសង្គម(CSR) ដើម្បីជួយដល់សហគមន៍ក្រីក្រ តាមរយៈការគាំទ្ររបស់ខ្លួនដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)
04, Mar 2022 , 3:18 pm        
រូបភាព
 នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ កុមារគឺជាក្រុមងាយរងគ្រោះ ដែលជួបការលំបាកក្នុងការទទួលបានការអប់រំត្រឹមត្រូវ ដោយសារឧបសគ្គនៃភាពក្រីក្រខ្លាំង។ ដើម្បីជួយដោះស្រាយបញ្ហានេះនៅក្នុងប្រទេសកម្ពុជា នៅខែធ្នូ ឆ្នាំ២០២១ កន្លងមកនេះ ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា បានរៀបចំយុទ្ធនាការទំនួលខុសត្រូវសង្គម (CSR) ដែលមានឈ្មោះថា «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា»  ដើម្បីគាំទ្រដល់សិស្សានុសិស្ស នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) ដោយផ្តល់ថវិកាចំនួន ៥ម៉ឺនដុល្លារអាម៉េរិក សម្រាប់ការសាងសង់សាលាមត្តេយ្យទីពីរ ដែលនឹងផ្តល់ឱកាសក្នុងការសិក្សាសម្រាប់កុមារ ដែលរស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជាអតីតទីលានចាក់សំរាម ក្នុងគោលបំណងបង្កើនការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងសហគមន៍ក្រីក្រ ​នៅក្នុងប្រទេសកម្ពុជា។
 
បើយោងតាមរបាយការណ៍របស់អង្គការ UNDP ប្រចាំប្រទេសកម្ពុជា ​សម្រាប់គ្រួសារក្រីក្រ អត្រាដែលកុមារមិនបានទទួលការអប់រំមានកម្រិតខ្ពស់ ជាងកុមាររស់នៅក្នុងគ្រួសារ ដែលមានជីវភាពធូរធារ​ ដល់ទៅ៤ដងឯណោះ។ ភាពខុសគ្នា រវាងកុមារនៅជនបទ និងទីក្រុង ក៏នៅតែមានកម្រិតខ្ពស់ផងដែរ។ ដោយបានពិចារណាអំពីបញ្ហាទាំងអស់នេះ និងពិចារណាលើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ ក្រុមហ៊ុន Yeo's បានរួមគ្នា ជួយផ្តល់នូវការអប់រំប្រកបដោយគុណភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការលើកកម្ពស់អនាគតរបស់កុមារ ក៏ដូចជាចូលរួមការអភិវឌ្ឍន៍ប្រទេសកម្ពុជាប្រកបដោយចីរភាព។
 
ក្រុមហ៊ុន Yeo's បានប្តេជ្ញាចិត្ត ក្នុងការរួមចំណែកដល់សង្គមកម្ពុជា តាមរយៈការផ្តល់នូវការអប់រំកាន់តែប្រសើរឡើង សម្រាប់កុមារនៅកម្ពុជា ហើយក៏សូមលើកទឹកចិត្ត ឱ្យមានការចូលរួមពីសាធារណជន តាមរយៈយុទ្ធនាការលើប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុករបស់ក្រុមហ៊ុន Yeo's  ដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ ដល់ចុងខែមេសា ឆ្នាំ ២០២២។ ​ គោលបំណងនៃយុទ្ធនាការសង្គម (CSR) នេះ Yeo's បានប្តេជ្ញាចិត្ត ក្នុងការចូលរួមជួយដល់អង្គការ CCF ក្នុងការសាងសង់សាលាមត្តេយ្យថ្មីមួយ សម្រាប់កុមារក្រីក្រ។
 
លោកស្រី សង វាន្នី ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយក្នុងការគាំទ្រ និងធ្វើការជាមួយអង្គការ CCF ដែលជាអង្គការមិនរកប្រាក់ចំណេញឈានមុខគេនៅកម្ពុជា ដែលបានខិតខំជួយកុមារក្រីក្ររាប់ពាន់នាក់ ឱ្យក្លាយជាអនាគតអ្នកដឹកនាំ តាមរយៈការផ្តល់នូវការអប់រំ ដែលមានគុណភាព ខ្ពស់និងការបណ្តុះបណ្តាលអំពីភាពជាអ្នកដឹកនាំ ដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍសហគមន៍ឱ្យមានភាពកាន់តែប្រសើរឡើង។»
 
លោកស្រី សង វាន្នី បានបន្ថែមទៀតថា៖ «ក្នុងនាមជាក្រុមហ៊ុន ដែលមានទំនួលខុសត្រូវ និងយកចិត្តទុកដាក់ សម្រាប់ការអភិវឌ្ឍសហគមន៍ គោលដៅរបស់យើង គឺធ្វើយ៉ាងណាជួយដល់កុមារកម្ពុជា ឱ្យទទួលការអប់រំដ៏ល្អប្រសើរ។ Yeo's សូមឆ្លៀតឱកាសនេះ អញ្ជើញប្រជាជនកម្ពុជា និងអតិថិជនរបស់ Yeo’s ទាំងអស់ ឱ្យចូលរួមជាផ្នែកមួយ នៃយុទ្ធនាការរបស់យើង ដើម្បីផ្តល់ការគាំទ្រ និងជួយលើកស្ទួយជីវិតកុមារកម្ពុជា ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ពួកគេ។» 
 
លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គការ CCF បានមានប្រសាសន៍ថា៖  «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលមានឱកាសសហការជាមួយក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា ក្នុងការកសាងសាលាមត្តេយ្យថ្មី។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការនេះ កុមារតូចៗជាច្រើន នឹងទទួលបានយកចិត្តទុកដាក់ ព្រមជាមួយការអប់រំប្រកបដោយសុវត្តិភាព និងគុណភាព ខណៈពេលដែលឪពុកម្តាយរបស់គេកំពុងបំពេញភារកិច្ច​។ យើងពិតជាបានឃើញការកើនឡើង នូវបញ្ហាជាច្រើនកើតឡើងចំពោះកុមារ ចាប់តាំងពីមានការកើតឡើងនៃចំនួនជំងឺកូវីដ-១៩។ យើងរំពឹងថា រាល់កុមារទាំងអស់ នៅក្នុងសហគមន៍ នឹងមានឱកាសទទួលជីវិតដ៏ល្អប្រសើរ តាមរយៈបរិក្ខារសិក្សាផ្សេងៗ ដែលយើងនឹងសម្រេចបានជាមួយ Yeo's។»
 
តាមរយៈយុទ្ធនាការសង្គម «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា» ក្រុមហ៊ុន Yeo's បានរៀបចំសកម្មភាពជាច្រើន សម្រាប់សាធារណជន ក្នុងនោះរួមមានការរចនាកំប៉ុងរបស់ភេសជ្ជៈ Yeo's ការប្រកួតគូរគំនូរ ការប្រលងរូបថត យុទ្ធនាការផ្សព្វផ្សាយ តាមរយៈបុគ្គលសាធារណៈសំខាន់ៗ និងការផ្សព្វផ្សាយខ្លឹមសារអប់រំផ្សេងៗផងដែរ។
 
ការរចនាកំប៉ុងរបស់ភេសជ្ជៈ Yeo's ៖
ដើម្បីអបអរសាទរភាពជាដៃគូ និងអនាគតសាលាមត្តេយ្យ ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា ក៏បានរចនាកំប៉ុងជាពិសេស ចំនួន២រសជាតិ ដែលបង្ហាញពីចក្ខុវិស័យ និងយុទ្ធនាការសង្គមនេះ ដោយបញ្ចូលម៉ាកយីហោរបស់អង្គការ CCF នៅលើកំប៉ុងភេសជ្ជៈរបស់ Yeo's ផងដែរ។ ក្នុងនោះ ភេសជ្ជៈ Yeo's រសជាតិទឹកសណ្តែកសៀង និងរសជាតិទឹកតែត្រ​ឡាច ត្រូវបានរចនាកំប៉ុងជាពិសេស ដែលលោកអ្នកអាចរកទិញបាន នៅតាមបណ្តាលហាងផ្សេងៗ នៅទូទាំងប្រទេស។
 
Yeo's មានមោទកភាព ក្នុងការក្លាយជាក្រុមហ៊ុន ដែលបានគាំទ្រកុមារក្រីក្រ ហើយប្តេជ្ញាចិត្តផ្តួចផ្តើមកម្មវិធីសង្គម (CSR) ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា។ ដោយសារតែមានការគាំទ្រពីអតិថិជនរបស់ Yeo’s ដែលបានធ្វើឱ្យយុទ្ធនាការនេះ អាចដំណើរការបានយ៉ាងរលូន។ ពេលដែលលោកអ្នកទិញភេសជ្ជៈរបស់ Yeo's អ្នកក៏អាចចូលរួមដោយផ្ទាល់ នៅក្នុងយុទ្ធនាការដ៏សំខាន់នេះ ហើយក៏ក្លាយជាផ្នែកមួយ នៃបុព្វហេតុសង្គមដ៏ល្អមួយនេះ។
 
ការប្រកួតគូរគំនូរ៖
ដើម្បីជួយឱ្យកុមារ អាចបង្ហាញពីសក្ដានុពលរបស់ពួកគេ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន Yeo’s បានរៀបចំការប្រកួតគូរគំនូរ ជាមួយកុមារចំនួន ៥០នាក់ ដែលកំពុងសិក្សានៅក្នុងសហគមន៍ របស់អង្គការមូលនិធិកុមារកម្ពុជា (CCF)។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្តល់ឱកាសឱ្យកុមារ អាចបង្កើតគំនិតច្នៃប្រឌិត និងស្រមៃអំពីសាលាមត្តេយ្យក្នុងក្តីសុបិនរបស់ពួកគេ។ អ្នកឈ្នះចំនួន ៥នាក់ នឹងទទួលបានរង្វាន់គួរឱ្យទាក់ទាញផងដែរ! ហើយស្នាដៃ ដែលបានជ្រើសរើស នឹងត្រូវបានដាក់តាំងបង្ហាញ នៅក្នុងការិយាល័យរបស់ក្រុមហ៊ុន Yeo’s ផងដែរ។ 
 
ការប្រកួតប្រជែងរូបថត៖
ជាផ្នែកមួយនៃយុទ្ធនាការសង្គមនេះ Yeo's បានរៀបកម្មវិធីការប្រកួតប្រជែងរូបថត ដែលបានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើ​ទំព័រហ្វេសប៊ុក​របស់ Yeo's Cambodia។ សាធារណជន អាចចូលរួមដោយគ្រាន់តែឆ្លើយសំណួរចំនួន ៥ អំពីយុទ្ធនាការសង្គម ហើយអ្នកឈ្នះរង្វាន់សរុបចំនួន ១០ នាក់ នឹងទទួលបានភេសជ្ជៈ Yeo's មួយកេស និងម៉ាសការពារចំនួន ២ ដឹកជញ្ជូនដល់គេហដ្ឋានរបស់អ្នក ព្រមជាមួយកាតទូរស័ព្ទចំនួន ១០ ដុល្លារ។


 
យុទ្ធនាការផ្សព្វផ្សាយតាមរយៈបុគ្គលសាធារណៈសំខាន់ៗ៖
ដើម្បីបណ្តុះការយល់ដឹងបន្ថែមទៀត អំពីការអប់រំរបស់កុមារនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Yeo's ក៏បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងបុគ្គលសាធារណៈចំនួន ៥រូប រួមមាន៖ Jany Min, ReanThort, Sinora, Soy Senghour និង Dalinna ដើម្បីតស៊ូមតិ លើបញ្ហាប្រឈមរបស់កុមារក្រីក្រ និងដើម្បីធានាថា កុមារក្រីក្រនៅកម្ពុជា អាចទទួលបានការអប់រំដ៏ល្អសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ពួកគេ និងសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ដែលភាគច្រើនបានរងគ្រោះ ដោយផលប៉ះពាល់សេដ្ឋកិច្ចពីជំងឺកូវីដ-១៩។
 
ពីព្រោះឪពុកម្តាយរបស់កុមារទាំងនេះ មិនអាចបញ្ជូនកូនៗរបស់គាត់ ទៅសាលាមត្តេយ្យដើមរបស់ CCF បាននោះទេ ពីព្រោះវាមានចម្ងាយឆ្ងាយ និងត្រូវការចំណាយច្រើន សម្រាប់ការធ្វើដំណើរ។ ម្យ៉ាងវិញទៀត នៅតំបន់នេះនៅក្នុងសង្កាត់ស្ទឹងមានជ័យនេះ ក៏ពុំមានបញ្ញត្តិផ្សេងៗ សម្រាប់គ្រប់គ្រងសុវត្ថិភាព ឬការអប់រំសម្រាប់កុមារតូចៗនោះទេ។ ក្នុងពេលថ្ងៃ កុមារទាំងនេះ តែងតែទុកឱ្យដើរលេងតាមដងផ្លូវ ខណៈពេលដែលឪពុកម្តាយកំពុងបំពេញភារកិច្ច​។ ដូច្នេះ គោលបំណងនៃការសាងសង់សាលានេះ គឺដើម្បីសម្រួលដល់កុមារក្នុងការងាយស្រួលទៅសាលារៀន ក៏ដូចផ្តល់ទីធ្លាសម្រាប់កុមារលេងផងដែរ ដែលនេះជាទីតាំងដ៏ល្អឥតខ្ចោះ សម្រាប់កុមារក្នុងការសិក្សាប្រកបដោយសុវត្ថិភាព។  
 
លើសពីនេះទៅទៀត ដោយសារតែឃើញថា មានកុមារជាច្រើននៅក្នុងសហគមន៍ក្រីក្រកំពុងប្រឈម មុខនឹងឧបសគ្គផ្នែកការអប់រំ ទើបយុទ្ធនាការសង្គមនេះ នឹងជួយដោះស្រាយបញ្ហាទាំងនោះ ដោយធ្វើយ៉ាងណាធានាឱ្យបានថា កុមារទាំងនោះមានឱកាស​ទទួលបានការសិក្សាថ្នាក់មូលដ្ឋាន ប្រកបដោយបរិក្ខារត្រឹមត្រូវមានចំនួនកាន់តែច្រើន។ តាមរយៈគម្រោងនេះ កុមារមិនត្រឹមតែទទួលបាននូវសុវត្ថិភាព ក្នុងពេលដែលឪពុកម្តាយកំពុងបំពេញភារកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកុមារ ក្នុងការអភិវឌ្ឍសមត្ថភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សា នៅថ្នាក់បឋមសិក្សា នៅពេលពួកគេឈានដល់អាយុ៦ ឆ្នាំ។
 
ការផ្សព្វផ្សាយខ្លឹមសារអប់រំផ្សេងៗ៖
ក្នុងនាមជាក្រុមហ៊ុន ដែលមានទំនួលខុសត្រូវ ក្រុមហ៊ុន Yeo's បានប្តេជ្ញាចិត្តក្នុងការគាំទ្រ និងជួយសហគមន៍ងាយរងគ្រោះ។ ជាមួយគ្នានោះផងដែរ Yeo's មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងគាំទ្រដល់ការអប់រំរបស់កុមារក្រីក្រ តាមរយៈទំព័រហ្វេសប៊ុក Yeo’s Cambodia’s Official Facebook Page។ តាមរយៈការបង្ហោះមាតិកា​ជាប្រចាំនៅលើហ្វេសប៊ុក សាធារណជនទូទៅអាចស្វែងយល់បានយ៉ាងទូលំទូលាយ អំពីតម្រូវការ និងបញ្ហាប្រឈមរ បស់កុមារក្រីក្រនៅកម្ពុជា។
 
ជាចុងក្រោយ ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា ប្តេជ្ញាបន្តការរួមចំណែកដល់សហគមន៍ និងជួយលើកកម្ពស់ការអប់រំសម្រាប់កុមារកម្ពុជា​ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ពួកគេ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com