កីឡាអន្តរជាតិ
អន្តរជាតិ
ចិនបដិសេធព័ត៌មានស្នើឱ្យរុស្ស៊ីពន្យាពេលវាយអ៊ុយក្រែន
04, Mar 2022 , 8:29 pm        
រូបភាព
ចិន នៅថ្ងៃទី៣ ខែមីនា បានបដិសេធរបាយការណ៍ព័ត៌មានដែលរាយការណ៍ថា ខ្លួនស្នើសុំរុស្ស៊ីពន្យាពេលវាយប្រហារឈ្លានពានអ៊ុយក្រែនរហូតដល់ព្រឹត្តិការណ៍អូឡាំពិករដូវរងាប៉េកាំងបញ្ចប់សិន។ បើតាមក្រសួងការបរទេសចិន ព័ត៌មាននេះ ជារឿងមិនពិត។


កាសែត New York Times របស់អាម៉េរិក បានផ្សាយព័ត៌មានទាក់ទងសំណើរបស់ចិនទៅកាន់រុស្ស៊ីដោយយោងតាមរបាយការណ៍ពីមន្រ្តីអាម៉េរិក។ យ៉ាងណាមិញ ក្រសួងការបរទេសចិន ចេញមុខទាត់ចោលរបាយការណ៍នេះ។
 
«កាសែត New York Times ច្បាស់ណាស់រាយការណ៍អំពីព័ត៌មានមិនពិត។ ការរាយការណ៍ទាំងនេះសុទ្ធសឹងតែជាការនិយាយបង្វែរ ដើម្បីបន្ទោសចិនទាំងស្រុង។» នេះជាការលើកឡើងរបស់លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិននាសន្និសីទសារព័ត៌មានថ្ងៃទី៣ ខែមីនា។
 
បើតាមការផ្សាយរបស់កាសែត New York Times មន្ត្រីជាន់ខ្ពស់ចិនបានដឹកពីផែនការរបស់រុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយសុំពន្យារពេលវាយប្រហាររហូតដល់អូឡាំពិកបញ្ចប់សិនតែម្ដង។ 
 
ចាប់តាំងពីសង្រ្គាមរបស់អ៊ុយក្រែននិងរុស្ស៊ី បានចាប់ផ្តើមឡើងរហូតមកដល់ពេលនេះ យ៉ាងហោចណាស់មនុស្សជាង១លាននាក់ហើយបានភៀសខ្លួនក្នុងប្រទេស និងទៅប្រទេសក្បែរខាងមានប៉ូឡូញ ស្លូវ៉ាគី រូម៉ានី រុស្ស៊ី និងម៉ុលដាវីផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com