ជាតិ
សេដ្ឋកិច្ច
«ក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ» នឹងចូលរួមទប់ស្កាត់បំណុលលើសលុបរបស់អតិថិជន
04, Mar 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ សមាគមធនាគារកម្ពុជា(ABC)​ សមាគមីក្រូហិរញ្ញវត្ថុ(CMC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់នូវ «ក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ» សម្រាប់ចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិង បរិយាបន្ន។ ការដាក់ឱ្យប្រើប្រាស់នូវក្រមប្រតិបត្តិនេះ ក៏ដើម្បី​​ចូលរួមទប់ស្កាត់បំណុលលើសលុប និងការពារអតិថិជន ដែលងាយរងគ្រោះផងដែរ។

 
«ក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ» ត្រូវបានប្រកាសឱ្យប្រើប្រាស់នាព្រឹកថ្ងៃទី៤មីនា ឆ្នាំ២០២២។​ បើតាមលោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា ការដាក់ឱ្យប្រើប្រាស់ក្រមប្រតិបត្តិនេះ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ និងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងគោលដៅចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន។


 លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា

«ក្រមប្រតិបត្តិនៃវិស័យធនាគារ និង ហិរញ្ញវត្ថុ នេះ ក៏ចូលរួមទប់ស្កាត់បំណុលលើសលុប និងការពារអតិថិជនដែលងាយរងគ្រោះ ផងដែរ»។ នេះជាការលើកឡើងរបស់លោក អ៊ិន ចាន់នី ដោយបន្ថែមថា ក្រមនេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ក្នុងការសម្រេចឱ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ (Market Diversification) ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ។ ក្រមប្រិបត្តិនេះ ក៏ឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេស គាំទ្រដល់និរន្តរភាពនៃកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលដល់ប្រជាជន និង កាត់បន្ថយភាពក្រីក្រ ។​
 
ជាមួយគ្នានេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា​ ក្រមនេះបានបង្កើតឡើង ដើម្បីធានាបាននូវនិរន្តភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា តាម​រយៈការបង្កើននូវការអនុវត្តប្រកបទៅដោយក្រម​សីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើនិងផ្តល់សេវាជូនដល់អតិថិជនប្រកបដោយការការពារ។ ក្រៅពីផ្តោតទៅលើបទដ្ឋានសីលធម៌ និងប្រកបទៅដោយវិជ្ជាជីវៈនោះ ក្រមប្រតិបត្តិនៃវិស័យ​​ធនាគារ និងហិរញ្ញវត្ថុនេះ ក៏ផ្តោតយ៉ាងសំខាន់និងជាពិសេសទៅលើហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ដែលក្នុងនោះបានចែងយ៉ាងច្បាស់អំពីការអនុវត្តតាមវិធានផ្តល់ឥណទាន (Lending Guidelines) និង ការគោរពទៅតាម​គោលការណ៍របស់ Client Protection Pathway (CP Pathway)​ ផងដែរ។ 
 

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។  រូបថត៖ ABC

លោក សុខ វឿន បានបញ្ជាក់ថា៖ « ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ បង្កើតឡើងសម្រាប់ស្តង់​ទាបបំផុតដើម្បី ឱ្យគ្រឹះស្ថានដែលជាសមាជិករបស់សមាគមទាំងបី ចងភ្ជាប់ជាមួយនឹងបទប្បញ្ញត្តិគ្រឹះស្ថានរបស់ខ្លួនអនុវត្ត»។ លោកបន្តនិយាយដូច្នេះ៖ «គ្រឹះស្ថានទាំងអស់មានពេលរហូតដល់ចុងឆ្នាំ២០២២ ក្នុងការកែលម្អប្រព័ន្ធនិងគោលនយោបាយរបស់ខ្លួនដើម្បីធានាថា គ្រឹះស្ថាននឹងមិនអនុវត្តក្រោមស្តង់ដាដែលក្រមនេះបានចែង»។
 
ការដាក់​ឱ្យប្រើប្រាស់នូវក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះ នឹងនាំឱ្យមានភាពជឿជាក់និងភាពរឹងមាំកាន់តែខ្លាំងឡើង នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជា​។ សម្រាប់លោក ប៉ិល រ៉េម៉ីស៊ីសុផន ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា​  ក្រមនេះ នឹងកំណត់ទំនាក់ទំនងរវាងស្ថាប័នហិរញ្ញវត្ថុនិងអតិថិជន ព្រមទាំងបណ្តុះឱ្យមាននូវគោលការណ៍ក្រមសីលធម៌ សុចរិតភាព​ ការគោរពច្បាប់ គណនេយ្យភាព និងការគោលសមធម៌ ជាដើម។


លោក  រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និង ជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ នៃ កម្ពុជា ។ រូបថត៖ ABC

លោក ប៉ិល រ៉េម៉ីស៊ីសុផន លើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ឱ្យមានភាពជឿជាក់ ការទទួលខុសត្រូវ ជាមួយការអនុវត្តតាមច្បាប់ដ៏ត្រឹមត្រូវ។  លោកបន្តនិយាយដូច្នេះ៖ « ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះ​ មានសារសំខាន់ខ្លាំងណាស់ក្នុងការអនុវត្ត។ ព្រោះគំនិតសំខាន់នៃក្រមនេះ ត្រូវកំណត់យ៉ាងច្បាស់លាស់នូវស្តង់ដារនិងគោលការណ៍ណែនាំ​ ដែលស្ថាប័នហិរញ្ញវត្ថុនីមួយៗត្រូវតែអនុវត្តតាមយន្តការងាយៗ ជាមួយការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនឱ្យបានយល់ និងអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីដោះស្រាយទំនាស់ផលប្រយោជន៍ និងការធ្វើហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ»។ 
 
ពាក់ព័ន្ធនឹងការដាក់ឱ្យប្រើក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ  ដែលផ្តល់សេវាហិរញ្ញវត្ថុនៅកម្ពុជា ​ប្រកបដោយការទទួលខុសត្រូវ​ វិជ្ជាជីវៈ និងប្រសិទ្ធភាព ជូនដល់ពលរដ្ឋនេះ ត្រូវបានធនាគារជាតិនៃកម្ពុជា​​ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ផងដែរ។  លោក  រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និង ជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ នៃ​កម្ពុជា  បានលើកឡើងថា ការណ៍នេះ​ បានឆ្លុះបញ្ចាំងពីសុឆន្ទៈ នៃការចូលរួមនិងការយកចិត្តទុកដាក់ពីសំណាក់សមាគមខាងលើ ចំពោះប្រសិទ្ធភាពនៃប្រតិបត្តិការក្នុងវិស័យធនាគារនិងហិរញ្ញវត្ថ។ ជាពិសេស ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនប្រកបដោយតម្លាភាព ​និងការទទួលខុសត្រូវខ្ពស់។ 


លោក ប៉ិល រ៉េម៉ីស៊ីសុផន ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា

ធនាគារជាតិ នៃ​ កម្ពុជា  ជឿជាក់ ថាក្របប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុនេះ នឹងក្លាយជាគោលការណ៍រួមសម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិញ្ញវត្ថុ ក្នុងការបង្កើតតម្លាភាពនៃការផ្តល់សេវា និងកិច្ចការពារអតិថិជន ដែលកសាងទំនាក់ទំនងល្អ ការប្រកួតប្រជែងដោយស្មើភាព និងសោ្មះត្រង់ ដើម្បីឱ្យប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាកាន់តែរីកចម្រើន និងប្រកបដោយបរិយាបន្ន។ នេះជាការលើកឡើងរបស់លោក រ័ត្ន សុវណ្ណនរៈ៕ 
 

Tag:
 ធនាគារ និងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com