ជាតិ
សង្គមជាតិ
លោកស្រី ចក់ សុភាព៖ សិទ្ធិស្ត្រីត្រូវបានលើកកម្ពស់ តែមិនទាន់មានការគាំពារពេញលេញ
07, Mar 2022 , 9:59 am        
រូបភាព
 រូបថតផ្តល់ឱ្យ
រូបថតផ្តល់ឱ្យ
ភ្នំពេញ៖ លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) មើលឃើញថា សមភាពយេនឌ័រក្នុងកិច្ចការលើកកម្ពស់សិទ្ធិមនុស្ស មានការចូលរួមជំរុញច្រើន ពីស្ថានប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ ទោះជាយ៉ាងនេះក្តី បញ្ហាចោទនៅតែមាន ខណៈអ្នកការពារសិទ្ធិមនុស្សជាស្រី្ត ទាមទារសិទ្ធិរបស់ខ្លួន ដោយសារការអនុវត្តច្បាប់ និងផ្នត់គំនិតយេនឌ័រ ក្នុងសង្គមខ្មែរនៅមានកម្រិត ហើយបញ្ហានិទណ្ឌភាពក្នុងសង្គមក៏នៅកើតមាន។ កញ្ញា ឡាយ សុភាវតី នៃសារព័ត៌មានថ្មីៗ(Thmeythmey) បានសម្ភាស លោកស្រី ចក់ សុភាព អំពីកិច្ចការងាររបស់ស្រី្តក្នុងការងារលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។



សូមអញ្ជើញលោកអ្នកនាង អានបទសម្ភាសនេះទាំងស្រុងដូចតទៅ៖ 
 
កញ្ញា ឡាយ សុភាវតី៖ លោកស្រី ចក់ សុភាព អាចវាយតម្លៃពីសមភាពយេនឌ័រក្នុងវិស័យកិច្ចការងារលើកកម្ពស់ប្រជាធិបតេយ្យ ពិសេសការតស៊ូមតិ និងការឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជាសព្វថ្ងៃបានទេ ថាមានស្ថានភាពបែបណា?
 
លោកស្រី ចក់ សុភាព៖ បើយើងមើលពីសមភាពយេនឌ័រ និងការគោរពស្រី្តនៅកម្ពុជា មានវឌ្ឍនភាពច្រើន ពីរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ក្នុងការលើកកម្ពស់ស្រី្ត ឲ្យចូលរួមកិច្ចការងារនយោបាយ រដ្ឋបាល ឯកជន និងសហគ្រិនផងដែរ។ ប៉ុន្តែយើងពិនិត្យមើលថា តើតួនាទីក្នុងការធ្វើសេចក្ដីសម្រេចចិត្តរបស់ស្រី្ត និងការដឹកនាំ ស្ថិតនៅកម្រិតណា? ក្នុងជួររដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នឯកជនមួយចំនួន ព្យាយាមបញ្ជូលស្រី្តក៏ពិតមែន ប៉ុន្តែពុំជាអ្នកដើរតួនាទីលើការធ្វើសេចក្ដីសម្រេចចិត្ត និងដឹកនាំឡើយ។ ពិនិត្យឲ្យជ្រៅ គុណភាពក្នុងការជំរុញ និងចំនួនអ្នកការពារសិទ្ធិមនុស្សស្រី្ត នៅមានកម្រិតតិចតួចនៅឡើយ។ទិដ្ឋភាពទូទៅ រដ្ឋាភោបាលនិងវិស័យឯកជនផ្សេងៗ មានភាពវិជ្ជមានក្នុងការគាំទ្រសិទ្ធិស្រី្តប៉ុន្តែអ្នកការពារសិទ្ធិមនុស្សជាស្ត្រី តែងរងការរើសអើង និងបង្ក្រាបពីសំណាក់អាជ្ញាធរ។ ជាក់ស្ដែង យើងអាចឃើញតាមរយៈក្រុមស្រី្តថ្ងៃសុក្រ និងក្រុមកូដករស្រី្តនៃបុគ្គលិកណាហ្គាវើលដ៍ជាដើម ពួកគេសកម្មក្នុងការតស៊ូមតិ ខណៈសិទ្ធិកូដកម្ម និងទាមទារទាំងនោះ ត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ ប៉ុន្តែបែរជាទទួលរងការរើសអើង និងហិង្សាគ្រប់ទម្រង់ទៅវិញ ពោលគឺការចាប់ខ្លួនរុញច្រានប្រើហិង្សា ការចោទប្រកាន់ចាប់ខ្លួនជាដើម។ បច្ចុប្បន្នក្នុងសង្គមកម្ពុជា ឧបសគ្គដែលរារាំងអ្នកការពារសិទ្ធិមនុស្សជាស្រី្ត គឺខ្វះការពារពេញលេញ។ អ្នកមានមានទ្រព្យសម្បត្តិ និងសិទ្ធិអំណាច ពិសេសក្នុងជួររដ្ឋាភិបាលប្រព្រឹត្តខុស នៅតែរួចផុតពីទោសទណ្ឌ ដោយគ្រាន់តែរងត្រឹមពិន័យរដ្ឋបាល ផ្ទេរឬដកតំណែងប៉ុណ្ណោះ។ ដូច្នេះ សមភាពយេនឌ័នក្នុងវិស័យលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា នៅតែពិបាករីកចម្រើន និងមានគុណភាព ខណៈនិទណ្ឌភាពនៅតែបន្តមាន។ 


 រូបថតផ្តល់ឱ្យ 
 
កញ្ញា ឡាយ សុភាវតី៖ ជាស្រី្តធ្វើការលើផ្នែកតស៊ូមតិ និងឃ្លាំមើលសិទ្ធិមនុស្ស តើលោកស្រីផ្ទាល់ ជួបញ្ហាប្រឈមដូចម្ដេចខ្លះ នៅពេលបំពេញការងារ? 
 
លោកស្រី ចក់ សុភាព៖ ដូចខ្ញុំបានលើកបញ្ហាប្រឈមខាងលើខ្លះហើយ ហើយសម្រាប់ខ្ញុំផ្ទាល់ ដែលជាស្ដ្រីឈរលើការពារសិទ្ធិមនុស្ស ក្នុងនាមជាតំណាងអង្គការសង្គមស៊ីវិល គឺតែងរងហិង្សាផ្នែកយេនឌ័រ មានការសើចចំអក ប្រមាថ គំរាមគ្រប់ទម្រង់។ ជាក់ស្ដែងនៅពេលរដ្ឋាភិបាលរៀបចំបង្កើតច្បាប់ សណ្ដាប់ធ្នាប់សាធារណៈ ដោយកំណត់លើការស្លៀកពាក់របស់ស្រី្ត គឺមានអ្នកកាត់តរូបខ្ញុំ និងក្រុមស្រី្តផ្សេងដែលចូលជំទាស់ ត្រង់មាត្រារិតត្បិតសេរីភាពស្លៀកពាក់ និងសេចក្ដីសម្រេចចិត្តរបស់ស្រី្ត ទៅជារូបអាក្រាតកាយ។ ខ្ញុំរងការចំអកមកវិញថា៖ «ថ្ងៃមុខទៅបែបចង់ឲ្យកូនចៅជំនាន់ក្រោយ ដើរដោះខោអាវ ឬអាក្រាតហើយ បានជាខំជំទាស់នឹងអាជ្ញាធរ ឬការតាក់តែងច្បាប់»។ ការដាក់គំនាបវប្បធម៌ កំណត់សេរីភាព កំណត់សេចក្ដីសម្រេច និងដាក់បន្ទុកលើស្រី្ត ពុំអាចដោះស្រាយបញ្ហាបានឡើយ លុះត្រាតែដាក់ទោសទាណ្ឌលើអ្នកប្រព្រឹត្ត។ សមភាពយេនឌ័រគ្រប់វិស័យក៏ដូចរគ្នាដែរ គឺត្រូវបញ្ឈប់ការដាក់បន្ទុកលើស្រី្ត ហើយលើកកម្ពស់ដោយផ្ដើមចេញពីបុគ្គលម្នាក់ៗ គ្រួសារ អាជ្ញាធរ រួមទាំងអ្នកពាក់ព័ន្ធក្នុងសង្គមទាំងមូល មានវឌ្ឍនភាព និងគុណភាព។ 
 
កញ្ញា ឡាយ សុភាវតី៖ ឃើញមានឧបសគ្គច្រើន ក្នុងនាមជាស្រី្តធ្វើការលើការការពារសិទ្ធិមនុស្ស តើថ្ងៃខាងមុខ លោកស្រីនៅតែបន្តកិច្ចការងារនេះទៀត ឬងាកទៅស្វែងរកការងារក្នុងវិស័យផ្សេង? 
 
លោកស្រី ចក់ សុភាព៖ ការងារក្នុងជួររដ្ឋាភិបាល ស្ថានប័នឯកជន និងសង្គមស៊ីវិល សុទ្ធតែមានតម្លៃ និងមានបញ្ហាប្រឈមដូចគ្នាៗ។ មែនទែនទៅពេលពលរដ្ឋ សង្គមស៊ីវិល ដាក់សំណើទៅរដ្ឋាភិបាល អាជ្ញាធរក៏ជួបប្រឈម ហើយសង្គមស៊ីវិលក៏ដូចគ្នាដែរ ព្រោះជាអ្នកលាតត្រដាងការពិតរបស់បុគ្គលដែលប្រព្រឹត្តខុស និងការយល់ឃើញខុសពីសំណាក់រដ្ឋាភិបាល។ អ្វីដែលសំខាន់លើការប្រឈមទាំងនេះ គឺត្រូវឆ្លើយតបដោយសន្តិវិធីតាមច្បាប់ មិនមែនប្រើហិង្សាឡើយ។ ដូច្នេះខ្ញុំនៅតែបន្តការងារនេះដដែល ព្រោះគោលបំណងដើម្បីរួមចំណែកឲ្យសង្គម និងប្រទេសយើង កាន់តែមានប្រជាធិបតេយ្យពេញលេញ ហើយក្នុងសង្គមដើរតួនាទីសំខាន់ណាស់ ដើម្បីបំពេញ ឬពិនិត្យមើលចំណុចខ្វះខាតរបស់រដ្ឋាភិបាល។ 
 
 រូបថតផ្តល់ឱ្យ 
 
កញ្ញា ឡាយ សុភាវតី៖ តើលោកស្រីមានទស្សនៈ និងចង់ឲ្យការគាំទ្របែបណា លើវិស័យការងារលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា? 
 
លោកស្រី ចក់ សុភាព៖ ក្នុងនាមយើងអង្គការសង្គមស៊ីវិល ធ្វើការលើផ្នែកសិទ្ធិមនុស្ស ក្នុងនោះក៏ផ្ដោតលើសិទ្ធិស្រី្ត យើងចង់ឃើញកម្ពុជា អនុលោមទៅតាមច្បាប់ជាតិ និងអន្តរជាតិដែលកម្ពុជាមាន និងទទួល។ ច្បាប់ដែលកម្ពុជាមានពិសេសរដ្ឋធម្មនុញ្ញ ដែលធានាដល់សិទ្ធិពលរដ្ឋគ្រប់រូប ចូលយ៉ាងសកម្មក្នុងសង្គមសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ កម្ពុជាបានទទួលអនុសញ្ញាជាច្រើន ពាក់ព័ន្ធនឹងការគាំពារសិទ្ធិមនុស្ស និងការលុបបំបាត់ហិង្សាលើស្រី្តផងដែរ។ ដូច្នេះ បើកម្ពុជាដើរតាមបទដ្ឋានច្បាប់ទាំងនេះ ពលរដ្ឋគ្រប់រូប គួរតែអាចទទួលបានសេរីភាពពេញលេញ ចូលរួមកិច្ចការសង្គមដោយគ្មានការភ័យខ្លាច និងហិង្សាចាប់បង្ខំឡើយ។ ជាមួយគ្នាដែរ សាធារណជនទាំងអស់ត្រូវគាំពារដល់ស្រី្ត ដើម្បីឲ្យស្រី្តកាន់តែមានភាពក្លាហាន។ ការផ្ដាល់ប្ដូរផ្នាត់គំនិតយេនឌ័រនេះ គឺត្រូវការចូលរួមទាំងអស់គ្នា ពិសេសសមាជិកគ្រួសារ ដើម្បីជួយគាំទ្រសេចក្ដីសម្រេចចិត្តរបស់ស្រី្ត និងសកម្មភាពរបស់ពួកគេ សម្រាប់ប្រឆាំងគំនាបផ្លូវចិត្តពីគ្រប់មជ្ឈដ្ឋាន។ ខ្ញុំសង្ឈឹមថា យើងទាំងអស់គ្នា នឹងជួយផ្លាស់ប្ដូរផ្នាត់គំនិត ដែលដាក់បន្ទុកលើស្រី្ត និងផលវិជ្ជមានលើពលរដ្ឋទូទៅបាន។ 


លោកស្រី ចក់ សុភាព (ឈរកាន់ក្រដាស)ដាក់លិខិតសុំកន្លងមក។ រូបពីហ្វេសប៊ុករបស់លោកស្រី ចក់ សុភាព
កញ្ញា ឡាយ សុភាវតី៖ ចុងក្រោយ លោកស្រី្តមានសារអ្វីទៅកាន់ស្រី្តផ្សេងទៀត ដើម្បីចូលរួមជួយលើកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា? 
 
លោកស្រី ចក់ សុភាព៖ ខ្ញុំអរគុណស្រី្តគ្រប់រូប ដែលតែងតែការពារសិទ្ធិស្រី្ត ហើយលើកទឹកពួកគេឱ្យបន្តការគាំពារលើសិទ្ធិសេរីភាព និងភាពអង់អាចរបស់ស្រី្ត ដើម្បីសមភាពយេនឌ័រ ទាំងអស់គ្នា។ យើងទាំងអស់គ្នា នឹងបន្តចូលរួមដោះស្រាយបញ្ហាក្នុងសង្គម និងលើកកម្ពស់សិទ្ធិមនុស្ស ដើម្បីការរស់នៅរបស់ពួកយើងកាន់តែប្រសើរ៕ 

Tag:
 ចក់ សុភាព
  CCHR
  សិទ្ធិមនុស្ស
  ស្រី្ត
  ៨មីនា
© រក្សាសិទ្ធិដោយ thmeythmey.com