ជាតិ
​​​ន​យោ​បាយ​ជាតិ​
LDP មិនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ ក្រោមហេតុផលថា«មានការរឹតត្បិត» ប៉ុន្តែ​ គ.ជ.ប ស្នើឲ្យកែពាក្យនេះវិញ
07, Mar 2022 , 3:35 pm        
រូបភាព
លោក អ៊ី សាំងឡេង អ្នកនាំពាក្យ LDP (អាវសខាងឆ្វេង) និងលោក ហង្ស ពទ្ធា អ្នកនាំពាក្យ គ.ជ.ប។
លោក អ៊ី សាំងឡេង អ្នកនាំពាក្យ LDP (អាវសខាងឆ្វេង) និងលោក ហង្ស ពទ្ធា អ្នកនាំពាក្យ គ.ជ.ប។
ភ្នំពេញ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) សម្រេចមិនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ ក្រោមហេតុផលថា«មានការឹតត្បិត»។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាត់ទុកការស​ម្រេចចិត្តចូលរួម ឬមិនចូលរួមបោះឆ្នោត ជាសិទ្ធិរបស់គណបក្សនីមួយៗ ។ ប៉ុន្តែគ.ជ.ប ស្នើឲ្យគណបក្សមួយនេះ កែតម្រូវពាក្យ «រឹតត្បិត»នេះវិញ ព្រោះដំណើរការបោះឆ្នោតគ្រប់យ៉ាង អនុលោមតាមច្បាប់។

 
លោក អ៊ី សាំងឡេង អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានបង្ហាញការសោកស្ដាយចំពោះការសម្រេចមិនចូលរួមឈរឈ្មោះបោះឆ្នោតនេះ ខណៈការបោះឆ្នោត ៥ឆ្នាំទើបមានម្ដង។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃទី៧មីនានេះ អ្នកនាំពាក្យLDP បានថ្លែងយ៉ាងដូច្នេះ៖ «ជាការសម្រេចចិត្តមួយដ៏ពិបាក(មិនឈរឈ្មោះក្នុងការបោះឆ្នោតឃុំសង្កាត់) ព្រោះជាយន្តការចូលរួមអភិវឌ្ឍប្រទេស ហើយក្នុងនាមជាគណបក្សនយោបាយមួយ ពិតណាស់គឺចង់ចូលរួមការបោះឆ្នោត…»។ 
 
មូលហេតុដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនចូលរួមឈរឈ្មោះបោះឆ្នោតនោះ ដោយសាររកឃើញភាពមិនប្រក្រតីជាច្រើន។ លោក អ៊ី សាំងឡេង បានបកស្រាយថា ក្រុមការងារLDP រកឃើញបញ្ហាបញ្ជីចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ, ការឈរឈ្មោះជាក្រុមប្រឹក្សាឃុំសង្កាត់ ដែលចេញពីឃុំសង្កាត់ផ្សេង, សមាសភាពរបស់គណៈកម្មការមួយចំនួន ដែលគ.ជ.ប បង្កើតឡើង គឺសុទ្ធតែមានតួនាទីក្នុងជួររដ្ឋាភិបាល។ 
 
LDP បានអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រឹតត្បិតខ្លាំង លើការទទួលបានទម្រង់លទ្ធផលឆ្នោតបឋម នៅតាមការិយាល័យបោះឆ្នោត។  LDP បន្ថែមថា គ.ជ.ប មិនប្រគល់ទម្រង់ ១១០២ ដល់ភ្នាក់ងារគណបក្សនយោបាយភ្លាមៗក្រោយរាប់សន្លឹកឆ្នោតឡើយ ដូចពេលមុនឡើយ ហើយថែមទាំងកំណត់យកសុពលភាពនៃសញ្ញាគូសលើសន្លឹកឆ្នោត តាមទម្រង់ចាស់ដដែលទៀតផង។ 
 
លោក អ៊ី សាំងឡេង អ្នកនាំពាក្យ LDP បានបញ្ជាក់ថា បើករណីគ.ជ.ប កែសម្រួលចំណុចមិនប្រក្រតីខាងលើនេះ ពិសេសទម្រង់១១០២នោះ គណបក្សលោក អាចនឹងពិចារណាឡើងវិញ ក្នុងការឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។ 
 
តែយ៉ាងណាអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ចាត់ទុកការប្រើពាក្យរឹតត្បិត ចំពោះដំណើរការបោះឆ្នោតរបស់LDPនេះ ជាពាក្យមិនពិត ។ លោក ពុទ្ធា បានបកស្រាយទម្រង់១១០២ ដែលគ.ជ.ប សម្រេចរក្សាទុកទម្រង់ដដែល ដោយសារមានការស្នើសុំពីគណបក្សចំនួន៦ នាពេលកន្លងមក។ បើតាមអ្នកនាំពាក្យរូបនេះ លទ្ធផលបឋមក្នុងទម្រង់១១០២ គឺត្រូវបានបិទភ្លាមៗនៅការិយាល័យបោះឆ្នោត។ 
 
«អ្វីៗគ.ជ.ប ធ្វើទៅតាមច្បាប់ ហើយការប្រើពាក្យត្បិតត្បៀតលើដំណើរការបោះឆ្នោត គឺការយល់ច្រឡំ។ គ.ជ.ប សុំឲ្យកែសម្រួល»។ នេះបើតាមលោក ពុទ្ធា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី៧ មីនានេះ ដោយបន្ថែមថា ការគូសសញ្ញាគាំទ្រគណបក្សណាមួយ គឺជាទម្រង់ដើមដដែល ដោយពុំមានភាពចាំបាច់ណាមួយ ត្រូវកែតម្រូវឡើយ។ 
 
បច្ចុប្បន្នគណបក្សដែលបានចុះឈ្មោះនៅក្រសួងមហាផ្ទៃសរុប៤៥ ក្នុងនោះមានគណបក្ស១៧ បានចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ លោក ហង្ស ពុទ្ធា បានបន្ថែមថា ក្នុងចំណោមគណបក្សទាំង១៧​នេះ គឺមាន៤គណបក្ស ដែលបានដាក់សមាជិកខ្លួន នៅទូទាំង២៥រាជធានី-ខេត្ត ។ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា, គណបក្សភ្លើងទាន, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕ 
 
 
 

Tag:
 នយោបាយ
  LDP
© រក្សាសិទ្ធិដោយ thmeythmey.com