ជាតិ
សេដ្ឋកិច្ច
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃ៤៥លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់
07, Mar 2022 , 8:59 pm        
រូបភាព
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃ៤៥លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការ នាថ្ងៃទី៧មីនា ឆ្នាំ២០២២
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃ៤៥លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការ នាថ្ងៃទី៧មីនា ឆ្នាំ២០២២
ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃ៤៥លានដុល្លារ ដែលរដ្ឋាភិបាលប្រទេសចិនផ្តល់ឱ្យកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការ នាថ្ងៃទី៧មីនា។ តាមរយៈជំនួយឥតសំណងរបស់ចិននេះ នឹងជួយពង្រឹងវិស័យសុខាភិបាលកម្ពុជា ជាពិសេសនៅខេត្តត្បូងឃ្មុំ និង បណ្តាខេត្តជាប់ទន្លេមេគង្គនៃត្រើយខាងកើតឱ្យកាន់តែប្រសើរ។

 
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលមានសមត្ថភាពទទួលព្យាបាលអ្នកជំងឺឬគ្រោះថ្នាក់ធ្ងន់ៗ គំរាមកំហែងដល់អាយុជីវិត ត្រូវបានដាក់ឱ្យដំណើការ។  មន្ទីរពេទ្យនេះ មានអគារចំនួន៩ខ្នង ដែលមានគ្រែសម្រាប់អ្នកជំងឺចំនួន៣០០គ្រែ ដោយចែកចេញជាផ្នែក និងមុខជំនាញផ្សេងៗគ្នា។ ក្នុងនោះមានផ្នែកជំងឺទូទៅ ផ្នែកជំងឺកុមារ ផ្នែកជំងឺឆ្លង  ផ្នែកពិគ្រោះជំងឺ  ផ្នែកICU  ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់រោគស្ត្រីនិងសម្រាលកូន ផ្នែកវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៍ និងឱសថស្ថាន រួមទាំងមានបន្ទប់រំងាប់មេរោគ និងផលិតអុកស៊ីសែន ថែមទៀត។ 
 

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

មន្ទីរពេទ្យទំនើបតម្លៃប្រមាណ៤៥លានដុល្លារនេះ មានទំហំជាង២,៤ម៉ឺនម៉ែត្រការ៉េ ដែលត្រូវបានសង់ឡើងនៅលើផ្ទៃដីលើសរុប ៥៥ ៨១៥ម៉ែត្រការ៉េ។  បើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យនេះ គឺជាគម្រោងធំទីពីរ បន្ទាប់ពីអគារមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដែលត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ នាចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០២២ ផងដែរ។ 
 
សម្រាប់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នឹងក្លាយជាមន្ទីរប្រចាំតំបន់ ដែលមានផ្នែកឯកទេសនិងបំពាក់នូវឧបករណ៍ទំនើបៗជាច្រើន សម្រាប់បម្រើដល់សាធារណជន។   លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា មន្ទីរពេទ្យថ្មីនេះ មានបុគ្គលិកសុខាភិបាលជិត២០០នាក់។ ក្នុងមាន វេជ្ជបណ្ឌិតឯកទេស៨នាក់, វេជ្ជបណ្ឌិត២៨នាក់ និងឱសថការី៩នាក់...។ 
 
ក្រោយចំណាយពេល៣ឆ្នាំក្នុងការសាងសង់ ចាប់ពីថ្ងៃទី១មីនា ឆ្នាំ២០១៩មក លោក វ៉ាង វិនធាន អគ្គឯករដ្ឋទូតចិនប្រចាំកម្ពុជា សង្ឃឹមថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនេះ នឹងដើរជាតួនាទីសំខាន់ក្នុងការការពារអាយុជីវិត និងសុខភាពរបស់សាធារណជន។  លោក វ៉ាង វិនធាន ដែលថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧មីនា ឆ្នាំ២០២២ បាននិយាយថា ក្នុងរយៈប៉ុន្មានថ្ងៃទៀត  ចិន នឹងបញ្ជូនក្រុមគ្រូពេទ្យពិសេសថ្នាក់ជាតិ មកមន្ទីរពេទ្យនេះ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់ថ្នាំចិនសែ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយកម្ពុជា។


 សម្តេច ហ៊ុន សែន

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ គឺជាមន្ទីរពេទ្យទំនើប និងធំជាងគេក្នុងចំណោមខេត្ត-ក្រុងចំនួន២៤នៅកម្ពុជា។ សម្តេច បានអះអាងថា មន្ទីរពេទ្យនេះ មិនត្រឹមបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ។  តែវានឹងរួមចំណែកបម្រើដល់ពលរដ្ឋនៅខេត្តកំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ផងដែរ។ សម្តេច បានបន្ថែមថា មន្ទីរពេទ្យនេះ ក៏មានកន្លែងផលិតអុកស៊ីសែនដោយខ្លួនឯង សម្រាប់ផ្គត់ផ្គង់មន្ទីរពេទ្យបង្អែកនានាខេត្តខេត្តត្បូងឃ្មុំ និងបណ្តាខេត្តនៅក្នុងតំបន់បាន ផងដែរ៕ 
 

Tag:
 មន្ទីរពេទ្យ
  ជំនួយចិន
  ត្បូងឃ្មុំ
  លោក ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com