ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងកំណត់ទិសដៅប្រកបដោយមហិច្ឆតា ឆ្ពោះទៅរកបរិយាបន្នហិរញ្ញវត្ថុ អក្ខរកម្មឌីជីថល និងការលើកកម្ពស់ស្ត្រី សម្រាប់ឆ្នាំ២០២២នេះ។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះ បានឱ្យដឹងថា ក្រុមហ៊ុនមានបំណងកំណត់ទិសដៅ លើការលើកកម្ពស់ស្រ្តីក្នុងកន្លែងការងារ ព្រមទាំងស្រ្តីដែលជាម្ចាស់សហគ្រាសធុនតូច និងធុនមធ្យម (SME) ជាមួយនឹងយុទ្ធនាការអក្ខរកម្មឌីជីថល និងការអប់រំផ្នែកហិរញ្ញវត្ថុ។ ដើម្បីសម្រេចបានការងារនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី បានកំណត់ទិសដៅមួយដោយបង្កើន ១០ភាគរយ នូវចំនួនស្រ្តី ដែលប្រើប្រាស់កម្មវិធីទូទាត់ប្រាក់ TrueMoney wallet និងស្រ្តីដែលជាបណ្តាញភ្នាក់ងារដ៏ខ្លាំងរបស់ខ្លួន ដែលមានជាង ១ម៉ឺនភ្នាក់ងារ។
លោកស្រី ឃួន ហ្រ្វង់ដារា បានមានប្រសាសន៍ថា៖ «កម្ពុជាជាប្រទេសមួយ ដែលកំពុងមើលឃើញមានសហគ្រិនស្រ្តី និងបុគ្គលិកដែលជាស្រ្តីក្នុងកន្លែងការងារ កាន់តែច្រើនឡើងៗ។ នេះគឺជានិន្នាការមួយដែលក្រុមហ៊ុន ទ្រូម៉ាន់នី ចង់លើកទឹកចិត្តឱ្យកើតមាន និងអភិវឌ្ឍវា។ ការកំណត់ទិសដៅបែបនេះ នឹងជួយដល់ការអភិវឌ្ឍប្រទេស និងសហគមន៍ ព្រមទាំងជាមហិច្ឆតាក្នុងការរីកចម្រើនផ្ទាល់របស់យើងផងដែរ»។
យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី គន្លឹះមួយក្នុងចំណោមគន្លឹះសំខាន់ៗ ដើម្បីសម្រេចបានទិសដៅកំណើនបែបនេះ នឹងជាយុទ្ធនាការធ្វើទីផ្សារ និងសេវាកម្ម «ដែលផ្តោតលើស្រ្តី»។
លោកស្រី ហ្រ្វង់ដារា បានបន្ថែមថា៖ «ស្រ្តីកម្ពុជាមាននិន្នាការ ងាកទៅរកវិស័យសេវាកម្មដូចជាបដិសណ្ឋារកិច្ច លក់ដូរ ហើយក៏មានវិស័យហិរញ្ញវត្ថុផងដែរ។ ដូច្នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី មានផែនការលើកកម្ពស់ផលិតផល និងសេវាកម្មប្រកបដោយច្នៃប្រឌិត ឆ្ពោះទៅកាន់ផ្នែកជាក់លាក់ទាំងនេះ នៃសេដ្ឋកិច្ច»។
យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ស្រ្តីកាន់តែច្រើនឡើង កំពុងបញ្ចប់ការសិក្សាពីសាលា និងមហាវិទ្យាល័យ ហើយកំពុងចូលរួមក្នុងកម្លាំងពលកម្មរបស់ប្រទេសជាតិ ដែលមានន័យថា អ្នកផ្តល់សេវាកម្មឥឡូវនេះ ចាំបាច់ត្រូវបម្រើដល់ផ្នែកសង្គមដែលកំពុងរីកចម្រើននេះ។
លោកស្រីបន្តថា៖ «កាលសម័យមុន ស្រ្តីគ្រប់គ្រងកិច្ចការក្នុងផ្ទះ និងមើលថែទាំកូន។ តែឥឡូវនេះស្រ្តីកំពុងចូលរួមកាន់តែខ្លាំង ក្នុងការធ្វើសេចក្តីសម្រេចិត្តផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារ។ នេះគឺជាមូលហេតុដែលស្រ្តីនៅកម្ពុជា ចាំបាច់ត្រូវដឹងថាតើអ្វី គឺជាជម្រើសនិងឧបករណ៍ហិរញ្ញវត្ថុ ដែលពួកគេអាចរកបាន»។
ស្រ្តីម្នាក់ដែលក្រុមហ៊ុន ទ្រូម៉ាន់នី មានបំណង ជួយជាមួយនឹងគំនិតផ្តួចផ្តើមអាជីវកម្មដែលផ្តោតលើស្រ្តីនោះ គឺអ្នកស្រី លឹម ស៊ីវជូ ដែលជាភ្នាក់ងាររបស់ក្រុមហ៊ុន។ អ្នកស្រី លឹម ស៊ីវជូ គឺជាភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី អស់រយៈពេលប្រហែលជា ២ ឆ្នាំមកហើយ។ ក្នុងអំឡុងពេលធ្វើជាភ្នាក់ងារនេះ អ្នកស្រីផ្តល់សេវានេះ ជូនអតិថិជនរបស់គាត់។
អ្នកស្រី លឹម ស៊ីវជូ ដែលមានបញ្ជរទ្រូម៉ាន់នី នៅជិតពហុកីឡដ្ឋានអូឡាំពិកក្នុងរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ «និយាយទៅសម្រាប់ខ្ញុំ ដែលជាភ្នាក់ងារផ្ទាល់គឺជួយដល់ជីវភាពប្រចាំថ្ងៃបានច្រើនណាស់ កាលពីដំបូងឡើយនៅផ្ទះមើលកូនទេ តែដល់ពេលឥឡូវជាក់ស្តែង គឺខ្ញុំបានការងារហ្នឹងមកគឺជួយសម្រួលដល់ខ្ញុំច្រើនមែនទែន។ ទីមួយខ្ញុំបានមើលកូននៅផ្ទះ ហើយទីពីរ ខ្ញុំមានមុខរបរច្បាស់លាស់មានអាជីវកម្មដោយខ្លួនឯង ជាស្ត្រីមួយដែលមានអាជីវកម្មច្បាស់លាស់ខ្លួនឯង ដោយមិនពឹងពាក់ទៅលើខាងគ្រួសារ»។
ស្រ្តីម្នាក់ទៀតដែលកោតសរសើរដល់សេវារបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែរនោះគឺកញ្ញា លី ឈី។ កញ្ញា លី ឈី បានអ្នកគ្រប់គ្រងអាជីវកម្មអស់រយៈពេលប្រហែល ២ឆ្នាំមកហើយ។ គាត់បានប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលផ្តល់ដោយក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីជាប្រយោជន៍ដល់អាជីវកម្ម ដូចជាការទូទាត់តាម QR កូដ និងសេវាឌីជីថល។
កញ្ញា លី ឈី មានប្រសាសន៍ថា៖ «សេវាទូទាត់តាមQR កូដរបស់ទ្រូម៉ាន់នី អាចជួយបានច្រើនដល់ហាងយើងខ្ញុំ ដូចជាអាចជួយឱ្យភ្ញៀវងាយស្រួល ក្នុងកាប្រើប្រាស់ ដោយគាត់អាចទិញហើយស្គេនកូដ ទូទាត់លុយបានលឿនទាន់ចិត្ត ហើយមួយទៀតអាចកើនចំណូលបានច្រើនសម្រាប់ហាងយើងខ្ញុំ ជាពិសេសមួយទៀត បុគ្គលិកពួកខ្ញុំ អាចផ្ទេរលុយទៅមកយ៉ាងងាយស្រួលផងដែរ»។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតក្នុងប្រទេស ដោយមានបណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុនមានចំនួនជាង ១ម៉ឺនភ្នាក់ងារ ដែលរង់ចាំផ្ដល់សេវាទាក់ទង នឹងហិរញ្ញវត្ថុនៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា។ ៦១ ភាគរយ នៃបណ្តាញភ្នាក់ងារគឺជាស្រ្តី ហើយ ៤២ភាគរយ នៃបុគ្គលិករបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏ជាស្រ្តីផងដែរ។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទ ដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា៕
(អត្ថបទពាណិជ្ជកម្ម)