ជាតិ
សេដ្ឋកិច្ច
១០ឆ្នាំក្នុងរបរ​កាត់​ស្បែកជើង ​អ្នកស្រី ផល្លី មានមោទកភាព ដែលបាន​​ស្រាយបញ្ហា​ឱ្យអតិថិជន
08, Mar 2022 , 8:59 pm        
រូបភាព
អ្នកស្រី ហួន ផល្លី  ម្ចាស់សិប្បកម្មផលិតស្បែកជើងខ្មែរពីស្បែកគោនៃសាជីវកម្មខ្មែរ
អ្នកស្រី ហួន ផល្លី ម្ចាស់សិប្បកម្មផលិតស្បែកជើងខ្មែរពីស្បែកគោនៃសាជីវកម្មខ្មែរ
ភ្នំពេញ៖ ប្រមាណ១០ឆ្នាំមកហើយ ដែលអ្នកស្រី ហួន ផល្លី​​ ធ្វើជាជាងកាត់ស្បែកជើងម៉ូតទំនើបនានា នៅក្នុងទឹកដី​នៃខេត្តកណ្តាល។ ​​ បច្ចុប្បន្ន ដ្បិតថា មុខរបរហាក់មិនសូវទទួលបានការគាំទ្រច្រើនពីអតិថិជន ក៏ពិតមែន ប៉ុន្តែស្ត្រីវ័យ៣១ឆ្នាំរូបនេះ នៅតែបង្ហាញភាពសប្បាយចិត្ត និងមានមោទកភាពលើខ្លួនឯង ដែលបានបំពេញនូវតម្រូវការ​ និងដំណោះស្រាយបញ្ហារបស់អតិថិជន ដែលមកកាត់ស្បែកជើងនៅសាជីវកម្ម​ខ្មែរ ​(​Khmer​ ​Corp)។

 
«ភ្ញៀវដែលកន្លែងមកខ្ញុំ គឺមានបញ្ហាជើងតូចពេក និងធំពេក ដែលពិបាកក្នុងការស្វែងរកស្បែកជើងនៅលើទីផ្សារសម្រាប់ប្រើប្រាស់។ អ៊ីចឹង! នៅពេលដែលខ្ញុំដោះស្រាយបញ្ហាឱ្យភ្ញៀវបាន គឺសប្បាយចិត្ត និងមានមោទកភាពមែនទែន»។ នេះជាការលើកឡើងរបស់អ្នកស្រី ហួន ផល្លី ដែលបានបន្តមុខរបរជាជាងកាត់ស្បែកជើងនេះ ពីឪពុកក្មេកតាំងពីឆ្នាំ២០១២មក។ 


ស្បែកជើងបុរស-ស្ត្រីនានា ដែលអ្នកស្រី ហួន ផល្លី យកមកលក់ក្នុងពិពរណ៌មួយកន្លែង នៅភ្នំពេញ។

សាជីវកម្មខ្មែរ​ ឬ ​​Khmer​ ​Corp គឺជាយីហោនៃការផលិតផលស្បែកជើង ធ្វើដោយដៃជាលក្ខណៈគ្រួសាររបស់អ្នកស្រី ផល្លី។ ការផលិតស្បែកជើងមួយគូៗ សម្រាប់កុមារ ស្រី្ត និងបុរស ​ អ្នកស្រីផល្លី គឺធ្វើឡើងដោយសម្រិតសម្រាំង ទាំងគុណភាព ​និងម៉ូតរចនា Unique   ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រើប្រាស់ ​និងទាន់សម័យ មិននចាញ់ស្បែកនាំចូលពីបរទេសឡើយ​។  អ្នកស្រី បានអះអាងប្រាក់សារព័ត៌មានថ្មីៗ ពីភូមិ​ព្រែកក្របៅ​ទី៣​ ​ឃុំ​ព្រែកអំពិល​ ​ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្តកណ្តាល​  តាមទូរសព្ទ នាថ្ងៃទី៨មីនា ថា ស្បែកដែលសាជីវកម្មខ្មែរផលិត អាចប្រើប្រាស់មិនក្រោមមួយឆ្នាំ នោះទេ។
 
អ្នកស្រី ផល្លី មានគម្រោងបើកហាងមួយកន្លែង នៅរាជធានីភ្នំពេញ ទោះបីជាការប្រើប្រាស់​ស្បែកជើងខ្មែរធ្វើពីស្បែកគោនេះច្រើននៅឡើយក៏ដោយ។ ស្ត្រីរូបនេះ ពន្យល់បន្ថែមដូច្នេះថា៖​ « ចំពោះអាជីវកម្មនេះ ខ្ញុំស្រលាញ់។ ស្រលាញ់ក្នុងការចេញម៉ូតស្បែកជើង ដែលមានភាពជា Unique  របស់ខ្លួន ផ្តល់ឱ្យអតិថិជនប្រើប្រាស់ដោយមានផាកសុខភាព។ ខ្ញុំគ្រោងបើកហាងមួយកន្លែងនៅភ្នំពេញ នៅឆ្នាំ២០២២ ដើម្បីឱ្យអតិថិជននៅភ្នំពេញ អាចមើលម៉ូតស្បែកស្អាតៗ និងវាស់កាត់ស្បែកជើងនៅហាងផ្ទាល់តែម្តង ដោយពុំចាំបាច់ទៅដល់សិប្បកម្ម នៅខេត្តកណ្តាលផ្ទាល់»។ 
 


ស្បែកជើង នារី

គម្រោងនៃការពង្រីកអាជីវកម្មនេះ គឺអ្នកស្រី ផល្លី  មានឆន្ទៈក្នុងការលើកស្ទួយ និងចូលរួមអភិរក្ស ការប្រើប្រាស់ស្បែកជើងខ្មែរ ដែលឪពុកក្មេករបស់ខ្លួន បង្កើតឡើងតាំងពីឆ្នាំ១៩៨៦មកម្ល៉េះ។ អ្នកស្រី ផល្លី រួមជាមួយក្រុមការងារ៣នាក់ទៀត អាចផលិតស្បែកជើងបាន៤ទៅ៥គូក្នុងមួយថ្ងៃ ដែលមានអតិថិជនភាគច្រើន បញ្ជាទិញតាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​។
 
បើតាមអ្នកស្រី ផល្លី ស្បែកជើងសម្រាប់កុមារ មានតម្លៃពី៧ ទៅ៩ដុល្លារ ក្នុងមួយគូ, សម្រាប់ស្ត្រីមានតម្លៃពី១៥ ដល់១៩ដុល្លារក្នុងមួយគូ និងសម្រាប់បុរសវិញមានតម្លៃពី២៥ ដល់២៩ដុល្លារក្នុងមួយគូ ដោយតម្លៃទាំងនេះ គឺអាស្រ័យទៅលើម៉ូតនីមួយៗ និងទំហំ​ នៃស្បែកជើង​៕ 
 
​​

Tag:
 អាជីវកម្ម
  ស្បែកជើង
  ​ហួន ផល្លី
  ៨មីនា
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com