ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីរបស់លោក កឹម សុខា សុំឲ្យតុលាការ សងថ្ងៃ ដែលផ្អាកសវនាការ
09, Mar 2022 , 1:03 pm        
រូបភាព
លោក កឹម សុខា ដើរចេញមកមាត់ទ្វារផ្ទះ បន្ទាប់ពីបញ្ចប់ជំនួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា កាលពីឆ្នាំ២០១៩។ រូបពី AFP
លោក កឹម សុខា ដើរចេញមកមាត់ទ្វារផ្ទះ បន្ទាប់ពីបញ្ចប់ជំនួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា កាលពីឆ្នាំ២០១៩។ រូបពី AFP
សវនាការជំនុំជម្រះសេចក្តីលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបន្តដំណើរការ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ ត្រូវបានផ្អាកម្តងទៀត ដោយសារព្រះរាជអាជ្ញារងម្នាក់ ដែលកាន់សំណុំរឿងរបស់លោក កឹម សុខា និងតែងចូលរួមសវនាការនេះ បានឆ្លងជំងឺកូវីដ-១៩។ សវនាការរបស់លោក កឹម សុខា នឹងត្រូវលើកទៅសប្តាហ៍ក្រោយ គឺនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។



ទោះជាក្រោមហេតុផលថា ដោយសារមានអ្នកឆ្លងជំងឺកូវីដ-១៩ក្តី តែការផ្អាកសវនាការនេះ ធ្វើឲ្យក្រុមមេធាវីរបស់លោក កឹម សុខា មិនសូវសប្បាយចិត្តឡើយ។ ពួកគេ យល់ថា ការផ្អាកសវនាការម្តងហើយម្តងទៀតបែបនេះ ធ្វើឲ្យរឿងក្តីរបស់លោក កឹម សុខា អូសបន្លាយកាន់តែយូរ។

លោក អាង ឧត្តម មេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា ទាមទារឲ្យតុលាការប៉ះប៉ូវ ចំពោះការផ្អាកសវនាការ ពោលគឺ លោក ចង់ ឲ្យតុលាការ សងថ្ងៃ ដែលផ្អាកសវនាការនេះ នៅថ្ងៃណាមួយវិញ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកមេធាវីរូបនេះ ថ្លែងដូច្នេះថា៖«ផ្អាកជិត២ឆ្នាំហើយ នៅមិនទាន់ឆ្អែត ឥឡូវមកផ្អាកម្តងៗទៀត ពេលចូល [សវនាការ] វិញ យើង នឹងជជែកពីរឿងនេះ»។

តំណាងអយ្យការ (ព្រះរាជអាជ្ញា) មាន៣រូប ដែលចូលរួមសវនាការរបស់លោក កឹម សុខា ជារៀងរាល់សប្តាហ៍។ លោកមេធាវី អាង ឧត្តម យល់ថា ការដាក់តំណាងអយ្យការ៣រូបនេះ គឺដើម្បីបម្រុងពេលមានបញ្ហាកើតឡើង ដូច្នេះ គ្រាន់តែតំណាងអយ្យការម្នាក់ មានបញ្ហា មិនគួរផ្អាកសវនាការទាំងមូលឡើយ។ ម្យ៉ាងទៀត លោក យល់ថា បច្ចុប្បន្ន មនុស្សភាគច្រើន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ទៅ៤ដូស ហើយថែមទាំងមានថ្នាំព្យាលបាលទៀត។

«ថ្ងៃនេះ តំណាងអយ្យការឆ្លង ផ្អាកសវនាការ ថ្ងៃក្រោយ មន្រ្តីតុលាការឆ្លង ផ្អាកសវនាការទៀត អ៊ីចឹងផ្អាកមិនចេះចប់»។ នេះជាការត្អូញត្អែររបស់លោកមេធាវី អាង ឧត្តម។

កាលពីលើកមុន តុលាការ ធ្លាប់បានផ្អាកសវនាការលើលោក កឹម សុខា ម្តងរួចមកហើយ ដោយសារមានមេធាវីម្នាក់ ដែលការពារក្តីឲ្យខាងរដ្ឋាភិបាល បានឆ្លងជំងឺកូវីដ-១៩។ តុលាការ ពុំបានសងថ្ងៃ ដែលផ្អាកសវនាការនោះទេ។ ក្នុង១សប្តាហ៍ តុលាការ ប្រើពេលតែ១ព្រឹកប៉ុណ្ណោះ សម្រាប់បើកសវនាការលើលោក កឹម សុខា។

រឿងក្តីរបស់លោក កឹម សុខា បានអូសបន្លាយអស់រយៈពេល៤ឆ្នាំ ដោយគិតចាប់តាំងខែកញ្ញា ឆ្នាំ២០១៧មក។ លោក ត្រូវបានចោទពីសន្ទិដ្ឋភាពជាមួយបរទេស ដែលមានន័យថា ជាការគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទសន្ទិដ្ឋភាព ស្ថិតក្នុងចង្កោមនៃអំពើក្បត់ជាតិ ហើយអ្នក ដែលរងបទចោទនេះ ប្រឈមនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។

តុលាការ បានចាប់ផ្តើមបើកសវនាការលើលោក កឹម សុខា លើកដំបូង នៅដើមឆ្នាំ២០២០ តែក្រោមមកបន្តិច ក៏ផ្អាកទៅវិញ ក្រោមហេតុផលថា បារម្ភនឹងជំងឺកូវីដ-១៩។ រហូតដល់ដើមឆ្នាំ២០២២នេះ ទើបតុលាការ សម្រេចបើកសវនាការឡើងវិញ។ សរុបទៅ សវនាការលើលោក កឹម សុខា ដំណើរការបាន៣២លើកហើយ ដោយតុលាការ មិនទាន់សម្រេចសេចក្តីអ្វីទាំងអស់ចំពោះលោក៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com