ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ៖ប្រទេសខ្លះ មិនទទួលយកជនជាតិខ្លួន ដែលកម្ពុជាបញ្ជូនទៅវិញ
09, Mar 2022 , 4:09 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១របស់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។
សម្តេច ស ខេង ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១របស់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។
ដោយ: ថ្មីៗ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ចេញព័ត៌មានអំពីប្រទេសខ្លះ បដិសេធមិនព្រមទទួលយកជនជាតិរបស់ខ្លួន ដែលចូលមកកម្ពុជា ដោយខុសច្បាប់ ឬចូលមកស្របច្បាប់ដែរ តែប្រព្រឹត្តបទល្មើស ហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅវិញ។



ធ្វើជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ សម្តេច ស ខេង បានថ្លែងថា៖«មានប្រទេសខ្លះ គាត់អត់យកទេណា។ គាត់ដឹងថា ជាជនជាតិគាត់ តែយើងស្នើឲ្យគាត់យកត្រឡប់ទៅវិញ បញ្ជូនទៅ គាត់ No (បដិសេធ)។ អាហ្នឹង ដែលពិបាក យើងកំពុងខិតខំប្រឹងប្រែងធ្វើការងារនេះ»។
 
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ បានប្រកាសចំឈ្មោះប្រទេស ដែលមិនព្រមទទួលយកជនអន្តោប្រវេសន៍របស់ខ្លួនពីកម្ពុជាវិញ។ លោកនាយឧត្តមសេនីយ៍ផ្កាយ៤រូបនេះ បញ្ជាក់ថា៖ «អាជ្ញាធរវៀតណាម មិនទទួលយកជនអន្តោប្រវេសន៍វៀតណាមគ្រប់រូប ឬជនអន្តោប្រវេសន៍វៀតណាម ដែលមានបំណងត្រឡប់ទៅវៀតណាមវិញ»។ 
 
របាយការណ៍ពីសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ដែលដកស្រង់ទៅចុះផ្សាយដោយសារព័ត៌មាន VNEXPRESS របស់វៀតណាម កាលពីចុងឆ្នាំ២០២១ បានឲ្យដឹងថា គិតតែនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានជនជាតិវៀតណាមប្រមាណ៣ម៉ឺននាក់ ​កំពុងរស់នៅ។  
 
សម្តេច ស ខេង បានកោតសរសើរ និងអរគុណរដ្ឋាភិបាលចិន ដែលតែងទទួលយកជនជាតិរបស់ខ្លួន នៅរាល់ពេលដែលអាជ្ញាធរកម្ពុជា ចាប់បញ្ជូន ឬបណ្តេញទៅវិញ។ សម្តេចរដ្ឋមន្រ្តីយល់ថា បើរដ្ឋាភិបាលចិន បដិសេធមិនទទួលយកជនជាតិខ្លួន កម្ពុជានឹងលំបាកក្នុងការស្វែងរកកន្លែងដាក់ពួកគេ។  
 
លោក ប៉ោ ភក្តិ អះអាងថា ជនអន្តោប្រវេសន៍ខ្លះ ត្រូវអាជ្ញាធរកម្ពុជាបណ្តេញចេញហើយ តែបានលួចឆ្លងដែនខុសច្បាប់ត្រឡប់មកកម្ពុជាវិញ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមកម្ពុជា៕ 
 
 

Tag:
 ស ខេង
  អន្តោប្រវេសន៍ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com