កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Lewandowski ធ្វើបាន hat-trick និងជួយ Bayern Munich ឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រ
09, Mar 2022 , 5:59 pm        
រូបភាព
Robert Lewandowski រកបាន៣គ្រាប់ម្នាក់ឯង (Hat-Trick) ក្នុងការប្រកួត UEFA Champions League ដែល Bayern Munich យកឈ្នះលើក្រុម Red Bull Salzburg ៧-១ ជើងទី២។ ជ័យជម្នះនេះបានជួយក្រុមយក្សអាល្លឺម៉ង់ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។


នាជំនួបវគ្គ១៦ក្រុមក្របខណ្ឌអឺរ៉ុបនៅថ្ងៃទី៨ ខែមីនា ខ្សែប្រយុទ្ធ Lewandowski ស៊ុតបញ្ចូលទីបើកឆាក៣គ្រាប់ម្នាក់ឯងនៅនាទី១២, ២១ និង២៣។ Serge Gnabry បន្ថែមគ្រាប់ទី៤ មុនពេល Thomas Muller រកបាន២គ្រាប់ ខណៈ Leroy Sane សម្រេចគ្រាប់ទី៧ ឱ្យ Bayern Munich។ ១គ្រាប់របស់ Salzburg ធ្វើបានដោយ Maurits Kjaergaard។ ចប់ការប្រកួត Bayern Munich ឈ្នះ Salzburg ៧-១។
 
ជ័យជម្នះលើសលុបនេះក្នុងលទ្ធផលទាំងពីរជើង ៨-២ បានជួយក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bundesliga ឈានទៅវគ្គ​១/៤ផ្តាច់ព្រ័ត្រ Champions League រដូវកាល ២០២១-២២នេះ។
 
សម្រាប់ Lewandowski នេះជាការបង្ហាញខ្លួនលើកទី១០០ប្រកួត នៅ Champions League ខណៈខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ រកបាន៤០គ្រាប់ពីគ្រប់ការប្រកួតរដូវកាលនេះ។
 
ក្រៅពី Bayern Munich ក្រុមអង់គ្លេស Liverpool ក៏បានកក់កៅអីទៅវគ្គ៨ក្រុមចុងក្រោយផងដែរ បើទោះចាញ់ Inter Milan នៅជើងទី២ ក្នុងលទ្ធផល ១-០ ក្តី។ កាលពីជើងទី១ Liverpool ឈ្នះ Inter Milan ២-០៕
 

Tag:
 Champions League
  Robert Lewandowsk
© រក្សាសិទ្ធិដោយ thmeythmey.com