ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល គ្រោងចំណាយ១០០លានដុល្លារ ធ្វើផ្លូវជាតិលេខ៤ឡើងវិញ
10, Mar 2022 , 8:56 am        
រូបភាព
សកម្មភាពរថយន្តកំពុងចរាចរណ៍ នៅលើផ្លូវជាតិលេខ៤។ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
សកម្មភាពរថយន្តកំពុងចរាចរណ៍ នៅលើផ្លូវជាតិលេខ៤។ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ៤ ​ឡើងវិញ បានចាប់ផ្តើមជាមួយនឹងទំហំទឹកប្រាក់ជាង១០០លានដុល្លារ​។ ថវិកាសម្រាប់សា្ថបនា និងពង្រីកផ្លូវមួយខ្សែនេះ គឺកម្ពុជាទទួលបានពីកម្ចីសម្បទាន ពីធនាគារពិភពលោក(World Bank)។

 
ការសា្ថបនាផ្លូវជាតិលេខ៤ ពីឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល ឆ្ពោះទៅ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអនុវត្តហើយ។ បើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវមួយខ្សែនេះ នឹងចំណាយពេល៥ឆ្នាំក្នុងការសាងសង់ ដោយគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ 
 
ការសាងសង់ផ្លូវជាតិលេខ៤នេះ រដ្ឋាភិបាលទទួលបានកម្ចីសម្បទាន ពីធនាគារពិភពលោកក្នុងចំនួន ១១០លានដុល្លារ សម្រាប់ជួសជុល និងថែទាំផ្លូវ ដោយត្រូវពង្រីក និងក្រាលកៅស៊ូ AC ដែលមានប្រវែងជិត២០០គីឡូម៉ែត្រ។ លោក សុទ្ធាយុត្តិ បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធ​តេលេក្រាម នារសៀលថ្ងៃទី៩មីនា យ៉ាងដូច្នេះ។ លោក បន្ថែមថា​ សម្រាប់កំណាត់ផ្លូវនេះ មិនមានពិធីបើកការដ្ឋានសាងសង់ជាផ្លូវការឡើយ។
 
ការស្ថាបនាផ្លូវជាតិលេខ៤ ដែល​ជា​ជំនួយ​​របស់​​សហរដ្ឋអាម៉េរិក​​ពីមុនមកនេះ គឺត្រូវបែងចែកជាកញ្ចប់ ក្នុងការសាងសង់ ដោយមានក្រុមហ៊ុនមួយចំនួនទទួលបន្ទុក។ បើតាមលោក​ សុទ្ធាយុត្តិ ក្រុមហ៊ុនម៉ៅការទទួលការសាងសងទាំងនោះមាន៖ ក្រុមហ៊ុន Sinohydro Corporation Limited ក្រុមហ៊ុន China Railway International Group Co., Ltd ក្រុមហ៊ុនGUMKANG Construction Co., Ltd និងក្រុមហ៊ុនមួយចំនួន​ទៀត កំពុងធ្វើនីតិវិធី។
 
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវជាតិលេខ៤នេះ នឹងត្រូវពង្រីកកៅស៊ូដែលមានបច្ចុប្បន្ន ទទឹងមានផ្លូវ ៧ម៉ែត្រ ឱ្យទៅ១០ម៉ែត្រវិញ។ តាមបណ្តោយផ្លូវ នឹងត្រូវពង្រីកស្ពានបេតុង និងលូ ចំនួន៤៦ទីតាំង  រួមទាំងធ្វើស្ពានថ្មី ៨ទីតាំង​ ថែមទៀតផងដែរ។​
 
ក្រសួងសាធារណការ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន កាលពីថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២២ ថា​ការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ គឺដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ពលរដ្ឋគ្រប់រដូលកាល ដែលកន្លងមក តាមបណ្តាយផ្លូវជាតិនេះ ត្រូវបានជន់លិច និងខូចខាតជារឿយៗ ដោយសារទឹកជំនន់៕
 
 
 

Tag:
 ផ្លូវជាតិលេខ៤
  លោក ហ៊ាង សុទ្ធាយុត្តិ
  ព្រះសីហនុ​
  ធនាគារពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com