អត្ថបទពាណិជ្ជកម្ម
Sprite ផ្លាស់ប្តូរសំបកដបពីពណ៌បៃតងទៅជាដបថ្លា
10, Mar 2022 , 3:54 pm        
រូបភាព
ដោយ: ថ្មីៗ
 រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រកាសគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួនសំដៅជួយដល់បរិស្ថាន តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លាវិញក្នុងគោលបំណងជួយសម្រួល និងជម្រុញដល់ការកែច្នៃសំបកវេចខ្ចប់ផលិតផលស្ព្រៃឡើងវិញ។
 
ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនស្របតាមចក្ខុវិស័យពិភពលោកគ្មានសំរាម (World Without Waste) សំដៅជួយប្រមូល និងកែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងទាំងអស់ដែលក្រុមហ៊ុនបានលក់នៅលើទីផ្សារនៅត្រឹមឆ្នាំ២០៣០។
 
ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លានេះ នឹងធ្វើឱ្យសំបកដបប្លាស្ទិកកាន់តែមានភាពងាយស្រួលខ្លាំងក្នុងការកែច្នៃឡើងវិញ។ បើទោះជាតាមលក្ខណៈបច្ចេកទេសសំបកដបប្លាស្ទិកពណ៌បៃតងអាចកែច្នៃឡើងវិញបានក៏ដោយ ក៏សំបកទាំងនេះជាធម្មតាមិនត្រូវបានកែច្នៃឡើងវិញឡើយដោយសារសំបកពណ៌បៃតងនេះចាំបាច់ត្រូវកែច្នៃដាច់ដោយឡែក។
 
សំបកវេចខ្ចប់ប្លាស្ទិក ពណ៌សថ្លា មានភាពពេញនិយមជាង ហើយត្រូវបានវិស័យឧស្សាហកម្មកែច្នៃឡើងវិញចាត់ទុកថាមានគុណតម្លៃជាង ដែលមានន័យថា សំបកដបថ្លាទាំងនេះមានតម្រូវការខ្លាំងជាង ហើយងាយស្រួលយកទៅកែច្នៃទៅជាផលិតផលផ្សេងៗ។ ដោយហេតុនេះ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា នឹងបង្កើនអត្រាការច្នៃសំបកវេចខ្ចប់ឡើងវិញនៅក្នុងស្រុក។
 
លោក DAVID WIGGLESWORTH អគ្គនាយកប្រតិបត្តិក្រុមហ៊ុនកូកា-កូឡាកម្ពុជា មានប្រសាសន៍ថា៖ «យើងទទួលស្គាល់ថា សំណល់សំបកវេចខ្ចប់គឺជាបញ្ហាធំ និងជាបញ្ហាបន្ទាន់នៅទូទាំងពិភពលោក និងនៅកម្ពុជាផ្ទាល់។ ប៉ុន្តែបញ្ហានេះគឺជាបញ្ហាដែលយើងទាំងអស់គ្នាអាចដោះស្រាយបាន ហើយក្រុមហ៊ុនកំពុងប្រឹងប្រែងចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ។ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា គឺជាវិធានការជាក់ស្តែងមួយសម្រាប់ម៉ាកយីហោរបស់យើង»។ 
 
 
លោកបានបន្ថែមថា៖ «យើងទទួលស្គាល់ថា កិច្ចការនេះគឺជារឿងត្រឹមត្រូវដែលយើងត្រូវធ្វើដើម្បីអាជីវកម្ម និងបរិស្ថានរបស់យើង ពោលគឺដើរលើទិសដៅស្របគ្នាទៅនឹងចក្ខុវិស័យពិភពលោកគ្មានសំរាមរបស់យើង។ ចក្ខុវិស័យនេះ សំដៅជួយប្រមូល និងកែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងក្នុងបរិមាណសមមូលទៅនឹងសំបកដបប្លាស្ទិក និងកំប៉ុងទាំងអស់ដែលយើងបានលក់នៅលើទីផ្សារនៅត្រឹមឆ្នាំ២០៣០។ អ្វីដែលកំពុងផ្លាស់ប្តូរនេះគឺពណ៌របស់សំបកវេចខ្ចប់។ រីឯផលិតផលស្ព្រៃ នឹងនៅតែបន្តផ្តល់ជូននូវរសជាតិក្រូចឆ្មារឆ្ងាញ់ពិសារដែលអតិថិជនតែងតែនិយមចូលចិត្តដដែល»។
 
ផលិតផលស្ព្រៃ ត្រូវបានដាក់លក់នៅលើទីផ្សារជាមួយនឹងសំបកវេចខ្ចប់ពណ៌បៃតងចាប់តាំងពីផលិតផលនេះត្រូវបានដាក់លក់ជាលើកដំបូងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៦១ និងក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៩៣។
ផលិតផលស្ព្រៃសំបកដបប្លាស្ទិកថ្លាថ្មីនេះ មានលក់ក្នុងចំណុះ១,៥លីត្រ ដែលនឹងរក្សារសជាតិឆ្ងាញ់ស្រស់ស្រាយពិសេសដូចដើម ហើយអតិថិជនអាចរកទិញបាននៅតាមបណ្តាដេប៉ូចែកចាយផ្សេងៗនៅទូទាំងប្រទេស។
 
គំនិតផ្តួចផ្តើមលើការប្តូរពណ៌សំបកដបក្នុងប្រទេសកម្ពុជានេះធ្វើឡើងទន្ទឹមគ្នាជាមួយបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អឺរ៉ុបភាគខាងលិច សហរដ្ឋអាមេរិក និងអាស៊ាន។
 
ក្រៅពីការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លា ក្នុងគោលបំណងបង្កភាពងាយស្រួលដល់ការកែច្នៃឡើងវិញ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានបន្តដាក់ចេញគំនិតផ្តួចផ្តើមនានាសំដៅបង្កើនការប្រមូល និងការកែច្នៃសំបកវេចខ្ចប់ប្លាស្ទិកឡើងវិញនៅកម្ពុជា។ 
 
នៅដើមឆ្នាំ២០២០ ក្រុមហ៊ុនបានចេញលក់ទឹកពិសាដាសានីចំណុះ ៣៥០ មីលីលីត្រ  ដែលមានសំបកដបដំបូងផលិតពីប្លាស្ទិកដែលបានកែច្នៃរួច ១០០% ឬហៅថា «Recycled PET / rPET»។ គិតត្រឹមឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និងក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក  កូកា-កូឡា កម្ពុជា បានប្រមូល និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន ១.៤៥០តោន។ ទន្ទឹងនឹងនេះដែរ ក្រុមហ៊ុនក៏ជួយបង្កើនការយល់ដឹងរបស់សហគមន៍អំពីការបែងចែកប្រភេទសំរាមឱ្យបានត្រឹមត្រូវ និងកែច្នៃសំណល់ឡើងវិញតាមការសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការដាក់ពង្រាយធុងសំរាមជាង ៩០០ធុង នៅតាមទីសាធារណៈ ផ្សារ សាលារៀននានាជាង ១២០ទីតាំងនៅទូទាំងប្រទេសរួចមកហើយ។
 
ក្រុមហ៊ុនក៏មានគំនិតផ្តួចផ្តើមមួយទៀត ហៅថា «ផ្តល់ជីវិតទី២ដល់ប្លាស្ទិករុំទំនិញ» ដែលលើកទឹកចិត្តឱ្យអ្នកលក់ដុំ និងអ្នកលក់រាយប្រគល់ស្បោងប្លាស្ទិករុំកេសភេសជ្ជៈមកឱ្យក្រុមហ៊ុនវិញសម្រាប់កែច្នៃឡើងវិញ។
 
ដើម្បីស្វែងយល់បន្ថែមអំពីគំនិតផ្តួចផ្តើមពិភពលោកគ្មានសំរាមរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សូមចូលទៅកាន់គេហទំព័រ ឬតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន។ 
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com