ជាតិ
សេដ្ឋកិច្ច
ប្រវត្តិពាក្យ «រៀល» នៃរូបិយវត្ថុកម្ពុជា
18, Jan 2024 , 4:37 pm        
រូបភាព
រូបថតផ្ដល់ដោយ៖ សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន
រូបថតផ្ដល់ដោយ៖ សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន
ភ្នំពេញ៖ «រៀល» គឺជារូបិយវត្ថុរបស់កម្ពុជា។ ប្រវត្តិនៃពាក្យនេះត្រូវបានគេពន្យល់ខុសៗគ្នា ដោយប្រវត្តិវិទូមួយចំនួន ដែលមកពីលោកខាងលិចភាគច្រើនលើកឡើងថា រៀលមានកំណើតមកពីពាក្យ «real» ដែលផ្តល់កំណើតឱ្យពាក្យ riel។ ចំណែក ការលើកឡើងមួយចំនួនទៀតថាពាក្យ «រៀល» មានកំណើតមកពីត្រីរៀល។

 
សៀវភៅ«រូបិយវត្ថុ និងអធិបតេយ្យភាព» ភាគ១ និពន្ធដោយលោក ហ្សង់ ដានីញ៉ែល ហ្គារឌែរ ដែលផ្ដល់ដោយសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន បានរៀបរាប់ថា ប្រវត្តិវិទូដែលមកពីលោកខាងលិច ភាគច្រើនបានលើកឡើងថា ពាក្យ Real បានផ្តល់កំណើតឱ្យពាក្យ Riel។  ក្រុមអ្នកគាំទ្រនិក្ខេបបទនេះនិយាយថា ពាក្យរៀល(riel) គឺជាការសរសេរជាខ្មែរ នូវឈ្មោះលុយពីយ៉ាសរបស់ម៉ិកស៊ិក ដែលបានក្លាយជារូបិយវត្ថុគោល តាំងពីចុងសតវត្សរ៍ទី១៦មក នៅទ្វីបអាស៊ី ជាពិសេសគឺអាស៊ីអាគ្នេយ៍។ 
 
ការរៀបរាប់ខាងលើមានន័យថាពាក្យ រៀល មានទំនាក់ទំនងជួរខាងបុព្វញាតិ មិនមែនជួរខាងបច្ឆាញាតិទេ ជាមួយលុយពីយ៉ាស និងលុយពីយ៉ាសរបស់ឥណ្ឌូចិន ដែលលេចឡើងក្នុងសតវត្សរ៍ទី១៩ឡើយ។ ស្រដៀងនឹងបាតុភូតនៃការប្រើភាសាក្នុងស្រុក ក្នុងការហៅឈ្មោះ រូបិយវត្ថុរបស់អឺរ៉ុបកើតឡើងជារឿយៗ។ វាកើតឡើងពីតំបន់មហាសមុទ្រឥណ្ឌា ទៅតំបន់អាស៊ីអាគ្នេយ៍ ពីតំបន់ម៉ាហ្កាស្កា ទៅដល់ថៃ។ 
 
ទោះជាមានការអះអាងបែបនេះ ក៏មានអំណះអំណាងមួយចំនួនទៀត លើកឡើងអំពី ត្រីរៀល ដែលមានអត្ថន័យខាងនិរុត្តិសាស្រ្ត និងនិមិត្តសញ្ញាគួរឱ្យចាប់អារម្មណ៍បំផុត។ ត្រីរៀល គឺជាត្រីតូចមួយនៅក្នុងទន្លេមេគង្គ និងទន្លេសាប ដែលគេយកមកធ្វើប្រហុក មុំា ទឹកត្រី ត្រីឆ្អើរ។ ត្រីរៀល តែងតែត្រូវបានប្រជានេសាទនៅតាមស្ទឹង និងស្រែចម្ការ ក៏ដូចជាអ្នករស់នៅទីក្រុង យកមកប្រើនៅក្នុងរបបហូបចុករបស់គេ ដែលមានតែបាយ និងបន្លែប៉ុណ្ណោះ ហើយក្លិនឆួលរបស់វា បានអណ្តែតនៅតាមដងស្ទឹង និងទីផ្សារនានា។ 
 
គេនេសាទត្រីរៀល ដោយប្រើឧបករណ៍គ្រប់ប្រភេទ តាំងពីសំណាញ់ រហូតដល់អួន ដែលមានរូបរាងដូចជាឆត្រយោងធំមួយ មានចំណងនៅចុងសងខាង ហើយទូកទាញចាប់ពីពាក់កណ្តាលទន្លេ មកច្រាំងដោប្រើខ្សែពួរប្រវែងជិត ១០០ម៉ែត្រ។ 
 
ត្រីរៀលនៅក្នុងអួន រត់ចូលទៅក្នុងថ្នក់ខាងក្រោម ហើយពេលវាលោតចេញពីទឹក ត្រូវនឹងថ្ងៃ ត្រីនោះមានរាងទ្រវែង និងមានស្រកាចាំផ្លេកដូចជាកាំជ្រួច។ គេមើលទៅឃើញដូចជាក្បាលម៉ាស៊ីន ដែលបាញ់ចេញជាទឹកប្រាក់អ៊ីចឹង។ ដោយមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងហេតុការណ៍នេះ អភិបាលបារាំងម្នាក់ ដែលធ្វើដំណើរតាមទន្លេសាប បានស្នើសុំឱ្យគេយកឈ្មោះត្រីរៀលនេះ មកហៅឈ្មោះរូបិយវត្ថុខ្មែរ។ 
 
និក្ខេបបទនេះ កាន់តែសមស្របទៅទៀត បើគេគិតថា ត្រីនេះមានរាងដូចជាដុំប្រាក់ណែនដែលមានចុងរាងកោងបន្តិចដូចគ្នា ហើយដុំស័ង្កសី សំណប៉ាហាំង ឬដុំដែករបស់ជនជាតិដើមភាគតិចកួយ នៅខាងជើងកំពង់ធំក៏ដូចគ្នា ដែរ។ លោក Jean Delvert ដែលបានស្គាល់អំពីជីវភាពរស់នៅ តាមទីជនបទរបស់ខ្មែរយ៉ាងច្បាស់ បាននិយាយរៀបរាប់អំពីកសិករខ្មែរដូច្នេះថា៖«ជានិច្ចជាកាលពាក្យ រៀល គឺជាពាក្យដ៏មានប្រជាប្រិយបំផុតហៅ រូបិយវត្ថុ»។ ពាក្យនេះវាកើតឡើងឯងៗ ដូចនៅដើមទសវត្សរ៍ឆ្នាំ១៩៥០ នៅពេលគេត្រូវរកឈ្មោះដាក់ឱ្យរូបិយវត្ថុជាតិ ដែលត្រូវយកលំនាំតាមលុយពីយ៉ាស។ 
 
កម្លាំងនៃបុត្តភាព និងទម្លាប់ហៅឈ្មោះរូបិយវត្ថុដូចដែលបានឃើញនេះ គឺជាចរិតលក្ខណៈគន្លឹះនៃរូបិយវត្ថុ។ តែលោក Delvert ប្រើពាក្យ«ជានិច្ចជាកាល»នេះ ហាក់ដូចជាមានន័យច្រើនយ៉ាង។ តើពាក្យ riel នេះត្រូវបានគេយកមកប្រើតាំងពីមុនពាក្យ real ឬអ្វី? តើពាក្យហៅរូបិយវត្ថុរបស់ម៉ិកស៊ិក បានក្លាយទៅជាឈ្មោះដើមសម្រាប់គ្រប់រូបិយវត្ថុឬអ្វី? តើវាអាចមកពីការជក់ចិត្តរបស់មន្រ្តីបារាំង ទៅលើត្រីពណ៌ប្រាក់នោះ ឬមួយគ្រាន់តែបានមកផ្សាំខ្លួននៅលើពាក្យណាមួយ ដែលគេប្រើទូទៅរួចទៅហើយ? 
 
មានហេតុផលល្អមួយដែលគិតថា ឈ្មោះរូបិយវត្ថុរបស់ Hispano-Mexican ត្រូវបានគេអនុម័តដោយផ្អែកលើឈ្មោះត្រី មានរាងតូចពណ៌ប្រាក់ ដែលគេស្គាល់យ៉ាងច្បាស់។ អត្ថន័យជានិមិត្តរូបនេះ គឺគ្មានអ្វី ក្រៅពីឈ្មោះត្រីនោះទេ៕ 
 
បើសិនជាលោកអ្នកចង់ដឹងកាន់តែច្បាស់អំពី ប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនា សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន។ 
 
 

Tag:
 អំពីលុយ រៀល
  សៀវភៅ«រូបិយវត្ថុ និងអធិបតេយ្យភាព»
  សារមន្ទីរ ស.ស.រ
© រក្សាសិទ្ធិដោយ thmeythmey.com