ជាតិ
សង្គមជាតិ
សម្តេច ស ខេង៖«នៅបាត់ដំបង ពីមុន មើលមេឃមើលថ្ងៃមិនឃើញទេ ឥឡូវរកកន្លែងជ្រកបាំងថ្ងៃអត់បាន»
11, Mar 2022 , 1:15 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១របស់ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច) និងទិដ្ឋភាពព្រៃឈរដែលត្រូវកាប់បំផ្លាញនៅតំបន់មួយក្នុងប្រទេសកម្ពុជា (រូបពីគេហទំព័រ forestprotection.com/km)។
សម្តេច ស ខេង ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១របស់ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច) និងទិដ្ឋភាពព្រៃឈរដែលត្រូវកាប់បំផ្លាញនៅតំបន់មួយក្នុងប្រទេសកម្ពុជា (រូបពីគេហទំព័រ forestprotection.com/km)។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានរម្លឹកពីភាពសម្បូរហូរហៀនៃព្រៃឈើនៅកម្ពុជា កាលពីអតីតកាល។ ជាមួយគ្នានេះ សម្តេច បង្ហាញពីការបាត់បង់ព្រៃឈើយ៉ាងគំហុក នាពេលបច្ចុប្បន្ន។



ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ សម្តេច ស ខេង មានប្រសាសន៍ដូច្នេះថា៖«[ព្រៃឈើ] ពីមុន មើលមេឃមិនឃើញ មើលថ្ងៃមិនឃើញទេ តែឥឡូវនេះ រកន្លែងជ្រកបាំងថ្ងៃអត់បាន»។

សំឡេងសម្តេច ស ខេង



សម្តេច លើកយកករណីខេត្តបាត់ដំបងមកធ្វើជាទឡ្ហីករណ៍ជាក់ស្តែងថា កាលពីដើម ខេត្តបាត់ដំបង និងបណ្តាស្រុកមួយចំនួនរបស់ខេត្តបាត់ដំបង ដែលនៅតាមព្រំដែន សុទ្ធតែព្រៃឈើ។ សម្តេច បន្តថា ទោះមកដល់ទសវត្សរ៍៩០ ក៏ព្រៃឈើ នៅសល់ច្រើនដែរ។ ប៉ុន្តែ សម្តេច អះអាងថា មកដល់បច្ចុប្បន្ន ព្រៃឈើ ដែលជាធនធានធម្មជាតិ នៅសល់តិចតួចប៉ុណ្ណោះ។

សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បាននិយាយដាច់ដោយឡែកពីករណីព្រៃឈើ ក្នុងស្រុកសំឡូត ដែលជាស្រុកមួយរបស់ខេត្តបាត់ដំបង។ សម្តេច លើកឡើងថា ព្រៃឈើចាប់ពីស្រុកសំឡូតខេត្តបាត់ដំបង រហូតទៅដល់ព្រំប្រទល់ខេត្តកោះកុង កំពុងរងការទន្រ្ទាន។ សម្តេច បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យមើលការទន្ទ្រាន និងការកាប់បំផ្លាញព្រៃឈើក្នុងស្រុកសំឡូត។ សម្តេច ណែនាំថា វា ជាការងាយស្រួលណាស់ ដោយអាជ្ញាធរ អាចស្នើសុំអ៊ីឌីកុបទ័រ (Helicopter) ណាមួយ ឬប្រើត្រូន (Drone) ដើម្បីថតមើលពីខាងលើក្នុងតំបន់ព្រៃឈើ ដែលរងការទន្ទ្រាននោះ។

«សូមឲ្យរដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកសំឡូត ហើយមានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំឡូត មើលកន្លែងហ្នឹង ហើយទប់ស្កាត់។ បើមិនអ៊ីចឹង [ធនធានធម្មជាតិ] អស់តែម្តង អស់ហើយ កូនចៅយើង ជេរយើងហើយ»។ នេះជាបញ្ជារបស់សម្តេច ដោយសម្តេច សង្កត់ធ្ងន់ថា ទោះអ្នកទន្រ្ទាននោះ ជាអ្នកណាក៏ដោយ ក៏ត្រូវតែទប់ស្កាត់ដែរ។

ក្រៅពីព្រៃឈើ សម្តេចអនុប្រធានគណបក្សកាន់អំណាច ថែមទាំងបានរំលេចពីការហិតហោចនៃកូនភ្នំនៅកម្ពុជា។ សម្តេច បញ្ជាក់ថា៖«តាំងពីកូនភ្នំកូនអីហូរហែ ក៏អស់ដែរ។ ហ្នឹងហើយ ដែលថ្ងៃក្រោយ វេទនាយើង»។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលតែងរិះគន់រដ្ឋាភិបាលកម្ពុជា បានបង្ហាញក្នុងរបាយការណ៍ខ្លួន កាលពីខែមករា ឆ្នាំ២០២២ថា នៅឆ្នាំ២០២១ ព្រៃឈើកម្ពុជាជាង៦ពាន់ហិកតា ត្រូវបានកាប់បំផ្លាញ។ ព្រៃឈើជាង៦ពាន់ហិកតានោះ ស្ថិតក្នុងដែនជម្រកសត្វព្រៃចំនួន២ គឺដែនជម្រកសត្វព្រៃឡង់ និងជម្រកសត្វព្រៃព្រះរការ។

របាយការណ៍ពីក្រសួងបរិស្ថាន ដែលចេញញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងឆ្នាំ១៩៦៥ ផ្ទៃដីកម្ពុជាដល់ទៅ៧៣ភាគរយ ដែលគ្របដណ្តប់ដោយព្រៃឈើ ប៉ុន្តែមកដល់ត្រឹមឆ្នាំ២០១៨ ព្រៃឈើ បានថយមកនៅសល់ក្រោម៤៧ភាគរយលើផ្ទៃដីកម្ពុជា៕

Tag:
 ស ខេង
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com