កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel ថា ទណ្ឌកម្មលើលោក Abramovich មិនមែនជារឿងគួរឱ្យបារម្ភឡើយ
11, Mar 2022 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Thomas Tuchel អ្នកចាត់ការក្លិបបាល់ទាត់ Chelsea នាថ្ងៃទី១០ខែមីនា បានអះអាងថា លោកមិនបានព្រួយបារម្ភរឿងការដាក់ទណ្ឌកម្មលើម្ចាស់ក្លិបតោខៀវលោក Roman Abramovich ឡើយ។


លោក Abramovich គឺជាមហាសេដ្ឋី១រូបក្នុងចំណោម មហាសេដ្ឋី៧រូបផ្សេងទៀតដែលត្រូវរងទណ្ឌកម្មពីសំណាក់រដ្ឋាភិបាលអង់គ្លេស ហើយក្លិបតោខៀវ Chelsea ក៏ត្រូវរងផលប៉ះពាល់មិនផ្ទាល់ផងដែរ។ លើសពីនេះ Chelsea នឹងមិនអាចចុះកិច្ចសន្យាសម្រាប់កីឡាករថ្មី ការបន្តកិច្ចសន្យា ឬក៏ការលក់សំបុត្រប្រកួតឡើយ។
 
បើទោះបីជាក្លិបរងនៅបញ្ហាដែលសាយភាយពីសំណាក់ម្ចាស់ក្លិបបែបនេះក្តី គ្រូបង្វឹកវ័យ៤៨ឆ្នាំបានចេញមុខការពារដល់ក្លិប និងអះអាងថា មិនមែនជារឿងដែលគួរព្រួយបារម្ភ។
 
«តាមពិត ខ្ញុំមិនប្រាកដថា ខ្ញុំត្រូវបារម្ភពីរឿងនេះទេ តែខ្ញុំដឹងអំពីរឿងនេះ ហើយរឿងគ្រប់យ៉ាងតែងតែផ្លាស់ប្តូរសឹងតែរាល់ថ្ងៃ។ រឿងនេះបានផ្លាស់ប្តូរយ៉ាងធំពីម្សិលមិញមកដល់ថ្ងៃនេះ ប៉ុន្តែក្នុងដំណាក់កាលនេះក្លិបមួយក៏ត្រូវការការពារ ហើយខ្ញុំសប្បាយចិត្តដែលបានដឹកនាំក្រុមដ៏ខ្លាំងដូចនេះ។»លោក Tuchel និយយប្រាប់អ្នកកាសែតបែបនេះ។
 
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនប្រតិបត្តិការទូរស័ព្ទ Three ជាអ្នកឧបត្ថម្ភដ៏ធំរបស់ក្លិប បានព្យួរកិច្ចសន្យាបណ្តោះអាសន្ន និងស្នើដកស្លាកសញ្ញាក្រុមហ៊ុនចេញពីអាវក្រុមផងដែរ។
 
ដោយនាយប់ឈានចូលថ្ងៃទី១១ ក្លិបតោខៀវ Chelsea បានប្រកួតយកឈ្នះក្រុមបាតតារាង Norwich City ក្នុងលទ្ធផល ៣-១ ដើម្បីទទួលបានបីពិន្ទុបន្ថែម ហើយឈរលេខ៣ មាន៥៦ពិន្ទុនៅ Premier League៕
 

Tag:
 Thomas Tuchel
  Roman Abramovich
© រក្សាសិទ្ធិដោយ thmeythmey.com