ជាតិ
នរវិទូ អាំង ជូលាន៖ «បារមី» មិនមែនជា​របររកស៊ីនោះឡើយ
12, Mar 2022 , 10:46 am        
រូបភាព
ភ្នំពេញ​៖ លោក​នរវិទូ​ អាំង​ ជូលាន​ បាន​បញ្ជាក់​ថា ពាក្យ​ថា​បារមី​ ប្រែ​ថា​ល្អ​​ឥត​ខ្ចោះ ឬ​ល្អ​​ដល់​កំពូល។ ហើយ​​ពី​ដើម​ឡើយ​បារមី​ សំដៅ​ដល់​ព្រះ​ពុទ្ធ​អង្គរ​​។ ដោយ​ឡែក​ការ​ស្នង​រូប​​​បារមី ពី​អតីតកាល​មានតិច​តួច​ ហើយ​មាន​តែ​នៅ​ទី​ក្រុង ឬ​នៅ​តាម​ភ្នំ​ណា​មួយ​ ព្រោះ​អ្នក​​រត់ទៅ​​រក​នោះ ​សុទ្ធ​តែ​ជា​អ្នក​មិន​ស្គាល់​គ្នា​។ បារមី​មិន​អាច​មាន​នៅ​តាម​ស្រុក​ភូមិ​ឡើយ​ ព្រោះ​អ្នក​នៅ​ក្នុង​ភូមិ ​មិន​អាច​និយាយ​ភូត​ភរ​គ្នា​បាន​ឡើយ​។

  
 
ក្នុង​បទ​សម្ភាស​ផ្ទាល់​ជា​មួយ​សារព័ត៌​មាន​ថ្មី​ៗ លោក​នរវិទូ​ អាំង​ ជូលាន បាន​ពន្យល់​ថា ពាក្យ​ថា​បារមី​ ប្រែ​ ថា​ល្អ​​ឥត​ខ្ចោះ ល្អ​​ដល់​កំពូល។ បារមី​ពី​ដើម​សំដៅ​ដល់​ព្រះ​ពុទ្ធ​អង្គ​​ ព្រោះ​ព្រះ​អង្គ​បាន​​ កសាង ​បារមី ​ច្រើន​ ជាតិ​។ លោក​នរវិទូបន្ថែម​ថា ដ្បិត​តែ​ពី​ដើមបារមី​​សំដៅដល់​ព្រះ​ពុទ្ធ​ក៏​ពិត​មែន ប៉ុន្តែ​ សម័យ ​ក្រោយ​ៗ ​មក​ទៀត បែរ​ជា​មាន​អ្នក​​យក​ពាក្យ​ថា​បារមី​នោះ​ ទៅ​ធ្វើ​ជា​របរ​រក​ស៊ី​។
 
លោក អាំង ជូលាន ពន្យល់​បន្ថែម​៖«​អ្នក​ស្រុក​ភូមិ​ ធ្វើ​​ស្រែ​ជា​មួយ​គ្នា ច្រូត​ស្រូវ​ជា​មួយ​គ្នា​ មិន​អាច ​ភូតភរ ​គ្នា​បាន​ទេ​។ បារមី​មាន​តែ​នៅ​ទី​ក្រុង​ ឬ​ទៅ​តាំង​ទី​នៅ​លើ​ភ្នំ​ណាមួយ​​អ៊ីចឹង​ទៅ​។ ​ខ្ញុំ​ធ្លាប់​ឃើញ​បារមី​នោះ គឺ​គេ​យក​អាហ្នឹង​ជា​របរ​​រក​ស៊ី។ អ្នក​មក​មើល​នោះ​មិន​មែន​ជា​អ្នក​ភូមិ​ជា​មួយគ្នា​ ឬ​អ្នក​ភូមិ​ជិត​គ្នា​ទេ​​ ហើយ ​គាត់(អ្នក​បារមី​) ​ខ្លួន​ឯង​នោះ​ក៏​មិន​នៅ​ក្នុង​ភូមិ​ដែរ​។ អ្នក​ដែល​ទៅ​រក​ហ្នឹង​ មាន​លុយ​មាន​កាក់​ ដើម្បី​ ធ្វើ​ជា​ជំនូន​។ នេះ​គ្រាន់​តែ​ជា​យោបល់​ខ្ញុំ​ផ្ទាល់​ណា​។ កុំ​ឱ្យ​ខ្ញុំ​និយាយ​ហួស​ហ្នឹង​ទៀត ខ្ញុំ​មិន​ចង់​ថា ​អ្នក​ណា​អ្នក​ណី​ទេ»។ ​
 
យោង​តាម​វចនានុក្រមខ្មែរ​​ សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត បារមី មាន​ន័យ​ថា គុណ​ជាតិ​ដ៏​ល្អដែល​បុគ្គល​គួរ​បំពេញ​។ ឧទាហរណ៍​ទស​បារមី(បារមី១០) គឺ​ចរិយា​ដ៏​ល្អ​លើស​លន់​ ឬ​គុណ​ជាតិ​ដ៏​ល្អ​ ដែល​គួរ​បំពេញ​មាន​១០​យ៉ាង​។ ១ ទានៈ ការ​ធ្វើ​អំណោយ ២ សីលៈ ការ​រក្សា​កាយ​វាចាឱ្យ​បរិសុទ្ធ​ប្រពៃ។ ៣ នេក្ខម្មៈ ការ​ចេញ​ចាក​កាម គឺ​ចេញ​បួស​ ៤ បញ្ញា ការ​ដឹង​ច្បាស់​នូវ​សេចក្ដី​ពិត​ ៥ វីរិយៈ ព្យាយាម​ ៦ ខន្តិ សេចក្ដី​អត់ធន់ ៧ សច្ចៈ ការ​កាន់​សម្ដី​ពិត​មិន​រើរុះ ៨ អធិដ្ឋានៈ ការ​អធិដ្ឋាន​ឱ្យឃើញ​ជាក់​ស្ដែងតាម​ហេតុ​ពិត​។ ៩ មេត្តា ការ​ផ្សាយ​សេចក្ដី​រាប់​អាន​ ចំពោះ​សព្វ​សត្វ​មិន​រើស​មុខ ១០ ឧបេក្ខា ដំណើរ​តាំង​ចិត្ត ជើយ​ព្រងើយ​ដោយ​ស្មោះ​ស្មើ។
 
បារមី​ទាំង​១០​នេះឯង ដែល​ពោធិសត្វ​រាល់​ព្រះ​អង្គ​ បំពេញ​ឱ្យ​បាន​ត្រាស់​ជា​ព្រះ​សព្វញ្ញុពុទ្ធ​​​៕ 
 

Tag:
 អក្សរ​សាស្ត្រ​ខ្មែរ​
 ប្រពៃណី
  វប្បធម៌
  ជំនឿ
© រក្សាសិទ្ធិដោយ thmeythmey.com