ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក ផ្តល់កម្ចីជាង១០០លានដុល្លារ​ ដើម្បីលើកកម្ពស់ការថែទាំសុខភាពជនងាយរងគ្រោះនៅកម្ពុជា
12, Mar 2022 , 7:59 pm        
រូបភាព
គ្រួសារក្រីក្រមួយនៅខេត្តមណ្ឌលគិរីមានប័ណ្ណសមធម៌ សម្រាប់បានសេវាថែទាំសុខភាពសាធារណៈ_។ រូបថត៖ ធនាគារពិភពលោក
គ្រួសារក្រីក្រមួយនៅខេត្តមណ្ឌលគិរីមានប័ណ្ណសមធម៌ សម្រាប់បានសេវាថែទាំសុខភាពសាធារណៈ_។ រូបថត៖ ធនាគារពិភពលោក
ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានអនុម័តកម្ចីប្រមាណ១០០លានដុល្លារដល់កម្ពុជា ដើម្បីយកទៅ លើកកម្ពស់លទ្ធភាពទទួលបាន​សេវាថែទាំសុខភាពមានគុណភាពនៅទូទាំងប្រទេស។  ជាពិសេស គឺសម្រាប់​ជួយដល់ក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ដោយបញ្ជាក់ថា ទំហំនៃប្រាក់កម្ចីនេះ ក៏សម្រាប់គាំទ្រដល់ការឆ្លើយតបប្រសិទ្ធភាពទៅនឹងវិបត្តិសុខភាពនានា ដែលអាចកើតមាននៅកម្ពុជា ផងដែរ។

 
ធនាគារពិភពលោក សម្រេចផ្តល់កម្ចីចំនួន១១៣លានដុល្លារ សម្រាប់ជួយលើកកម្ពស់លទ្ធភាពទទួលបាន​សេវាថែទាំសុខភាពដែលមានគុណភាពនៅកម្ពុជា។ ទំហំកម្ចីនេះ ត្រូវបានអនុម័តកាលពីថ្ងៃទី១០មីនា ឆ្នាំ២០២២។ បើតាមធនាគារធនាគារពិភពលោក កម្ចីទាំងនោះនឹងផ្តោតពិសេសក្នុងការថែទាំដល់ពលរដ្ឋដែលជាងរង និងសម្រាប់ឆ្លើយតបនឹងវិបត្តិសុខភាពផ្សេងៗដែលអាចនឹងកើតឡើង។ 
 
កម្ចីនេះ គឺជាដំណាក់កាលទីពីរនៃគម្រោង ការលើកកម្ពស់សមធម៌និងគុណភាពនៃការថែទាំសុខភាព (H-EQIP-2) ក្នុងគោលដៅឆ្ពោះទៅពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាថែទាំសុខភាពពេញផ្ទៃប្រទេសកម្ពុជា។ គម្រោងនេះ បានអនុវត្តចាប់ពីឆ្នាំ២០១៦នៃដំណាក់កាលទីមួយរហូតដល់ឆ្នាំ២០២២។ កម្ពុជា កំពុងតែរៀបចំបង្កើតឡើងនូវរចនាសម្ព័ន្ធធានារ៉ាប់រងសុខភាពមួយសម្រាប់ពលរដ្ឋគ្រប់រូប ដែលជាជំហានសំខាន់មួយឆ្ពោះទៅសម្រេចគោលដៅធ្វើឱ្យមានសេវាថែទាំសុខភាពគ្របដណ្តប់ទូទាំងប្រទេស នៅត្រឹមឆ្នាំ២០៣០។
 
ធនាគារធនាគារពិភពលោក ជឿជាក់ថា កញ្ចប់ហិរញ្ញប្បទានថ្មីនេះ នឹងពង្រីកការគាំទ្រដល់មូលនិធិសមធម៌សុខាភិបាល  (Health Equity Fund) ក្នុងការ​រ៉ាប់រងការចំណាយថ្លៃសេវាថែទាំសុខភាពសម្រាប់ជនក្រីក្រ និងកែលម្អគុណភាពសេវា​តាម​រយៈការលើកកម្ពស់​ការ​យល់​ដឹង​, កាត់បន្ថយឧបសគ្គនានា និងពង្រីកប្រព័ន្ធផ្តល់ព័ត៌មានសុខាភិបាល។ ធនាគារពិភពលោកបានបញ្ជាក់ថា គម្រោងនេះនឹងជួយ​ដល់​កម្មវិធី​ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្តង់ដាទទួលស្គាល់ថ្នាក់ជាតិ ពង្រីកអំណោយថវិកាសម្រាប់ការផ្តល់សេវា និង​ផ្តល់ហិរញ្ញប្បទានផ្អែកតាមសមិទ្ធកម្ម​ការងារ។ គម្រោងនេះ ក៏មានគោលដៅឆ្ពោះទៅបង្កើនសេវាទប់ស្កាត់ជំងឺដែលមិនឆ្លងផ្ទាល់រវាងមនុស្ស នៅទូទាំងប្រទេស ផងដែរ។
 
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ ថា៖ «ការពង្រីកសមធម៌ក្នុងលទ្ធភាពទទួលបានការថែទាំសុខភាពនៅតែជាគោលដៅសំខាន់ដដែល ថ្វីបើកម្ពុជាមានភាពរីកចម្រើននៅក្នុងការផ្តល់​សេវាថែទាំសុខភាពដល់ប្រជាជនរបស់ខ្លួនពិតមែនក៏ដោយ»។ លោកស្រី បន្ថែមថា គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានគោលបំណងខាងលើ តាមរយៈការពង្រីកលទ្ធភាពសម្រាប់ជនក្រីក្រ និង​ជនងាយរងគ្រោះដើម្បីទទួលបានសេវាថែទាំសុខភាព។
 
 
បើតាមធនាគារពិភពលោក ហិរញ្ញប្បទានថ្មីនេះគឺសបញ្ជាក់នូវភាពជាដៃគូយូរអង្វែងក្នុងចំណោមដៃគូនានា។ ក្នុងកញ្ចប់ចំនួន១១៣លានដុល្លារនេះ គឺមាន៥៥លានដុល្លារ​ ជាកម្ចីឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association) នៃធនាគារពិភពលោក និងអំណោយថវិកា៥៨លានដុល្លារទៀត បានពីប្រទេសអូស្រ្តាលី ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (German Development Bank) ប្រទេសកូរ៉េខាងត្បូង និង​សេវាហិញ្ញប្បទានសកល (Global Financing Facility)។  សម្រាប់កម្ពុជានឹងរួមចំណែកទឹកប្រាក់ចំនួន១៨៦លានដុល្លារ ដែលជា​ហិរញ្ញប្បទានបដិភាគ ក្នុងគម្រោងលើកកម្ពស់សមធម៌និងគុណភាពនៃការថែទាំសុខភាព (H-EQIP-2) ក្នុងគោលដៅឆ្ពោះទៅពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាថែទាំសុខភាពពេញផ្ទៃប្រទេស៕ 
 
 
 

Tag:
 ហិរញ្ញប្បទាន
  World Bank
© រក្សាសិទ្ធិដោយ thmeythmey.com