ជាតិ
លោក ក្រុស សារ៉ាត់៖ ទារិកាដែលឆ្លងផ្ដាសាយបក្សីជាសះស្បើយហើយ
12, Mar 2022 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ ទារិកាអាយុ១ឆ្នាំម្នាក់ ត្រូវបានរកឃើញថាឆ្លងជំងឺផ្ដាសាយបក្សី ដែលជាករណីផ្ទុះឡើងសារជាថ្មីនៅខេត្តសៀមរាប ពេលនេះបានជាសះស្បើយវិញហើយ។

 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា បច្ចុប្បន្នទារិកាដែលមានស្រុកកំណើតនៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានជាសះស្បើយវិញហើយ ចំណែកក្រុមគ្រូពេទ្យបានចុះយកសំណាកមនុស្ស១៣ចំនួន បានបាញ់ថ្នាំផ្ទះ៦ខ្នង និងពុំរកឃើញករណីថ្មីឡើយ។ 
 
លោកប្រធានមន្ទីរបញ្ជាក់ថា ផ្ទះដែលឆ្លងជំងឺផ្ដាសាយបក្សីដល់កូនតូចនេះ ចិញ្ចឹមមាន់២០ក្បាល ហើយឈឺងាប់១១ក្បាល។ ករណីមាន់ងាប់នៅក្នុងភូមិកើតហេតុខាងលើ ចាប់មានតាំងពីក្នុងខែ កុម្ភៈមកម្ល៉េះ។ យ៉ាងណា ពុំមានការបញ្ជាក់លម្អិតថា ទារិកាខាងលើឆ្លងជំងឺផ្ដាសាយបក្សីនៅថ្ងៃណា និងចេញពីមន្ទីរពេទ្យនៅថ្ងៃណាទេ។ 
 
តាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC  ទារិកាខាងលើ បានបង្ហាញរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើម និងបានទទួលសេវាព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ។ តាមរយៈលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ថ្នាក់ជាតិនៅថ្ងៃទី១០ ខែមីនា  គឺបញ្ជាក់ថា មានវិជ្ជមាន Influenza A/H9។ ជាសកម្មភាពឆ្លើយតប ក្រសួងសុខាភិបាលបានបញ្ជូនមន្រ្តីនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដោយសហការជំមួយមន្រ្តីថ្នាក់ខេត្ត បានចុះស្រាវជ្រាវ បង្ការ និងទប់ស្កាត់ការរាតត្បាត ក៏ដូចជាអប់រំសុខភាពដល់សហគមន៍៕
 
 
 

Tag:
 ផ្ដាសាយបក្សី
  ក្រុស សារ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com