ជាតិ
ក្រសួងបរិស្ថាន ជំរុញឱ្យសាលានៅខេត្តព្រះសីហនុ ច្នៃសំរាមធ្វើ ជីកំប៉ុស្តដើម្បីបរិស្ថានបៃតង
13, Mar 2022 , 9:49 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន
ដោយ:
ក្រសួងបរិស្ថាន ​ឱ្យសាលារៀន៥ ញែកសំរាម កែច្នៃសំរាម និងសំណល់ផ្សេងៗ ដើម្បីធ្វើជាជីកំប៉ុស្ត និងជួយឱ្យបរិស្ថានក្នុងសាលាមានភាពបៃតង។ សាលារៀនដែលអាចអនុវត្តគម្រោងនេះបាន ត្រូវមានទីធ្លាទូលាយ ដែលអាចគ្រប់គ្រងសំណល់ប្រចាំថ្ងៃ និងមានការញែកសំរាមត្រឹមត្រូវ។

 
ក្រសួងបរិស្ថាន សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ជំរុញឱ្យវិទ្យាល័យ និងអនុវិទ្យាល័យមួយចំនួន អនុវត្តគម្រោងកែច្នៃសំរាម ទៅជាជីកំប៉ុស្ត។ សាលារៀនដែលអាចអនុវត្តគម្រោងនេះត្រូវមានទីធ្លាធំទូលាយសមស្របនឹងសំណល់ប្រចាំថ្ងៃ ដោយមានធុងសម្រាប់ដាក់សំរាមតាមប្រភេទផ្សេងៗគ្នា និងត្រូវមានសំណល់សរីរាង្គ ។ ជាមួយគ្នានោះ ថ្នាក់នាំសាលាត្រូវឱ្យសិស្សកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
 
បើតាមលោក សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន សាលារៀន៥ ត្រូវបានជ្រើសរើសឱ្យអនុវត្តគម្រោងនេះដំបូងគឺ អនុវិទ្យាល័យ ហ៊ុន សែន មិត្តភាព, អនុវិទ្យាល័យក្រុងព្រះសីហនុ, អនុវិទ្យាល័យព្រៃនប់, វិទ្យាល័យស្ទឹងហាវ និង អនុវិទ្យាល័យវាលរ៉េញ។ សាលាទាំងនោះត្រូវអនុវត្តគម្រោងនេះឱ្យបានជោគជ័យ ដើម្បីធ្វើជាគំរូ សម្រាប់ការអនុវត្តគម្រោងនេះនៅសាលារៀនដទៃទៀត។
 
គួរបញ្ជាក់ផងដែរ បើតាមរបាយការណ៍ពីក្រសួងបរិស្ថាន ខេត្តព្រះសីហនុ បង្កើតសំរាម ចន្លោះ ពី ៣៥០ ទៅ ៤០០ តោន ក្នុងមួយថ្ងៃ ក្នុងចំណោម សំរាម ទាំងនេះ​គឺមាន ៦៥ ភាគរយ គឺជាសំរាម សំណល់សរីរាង្គ , ២០ ភាគរយជាសំណល់ប្លាស្ទិក និង១៥ភាគរយជាសំណល់រឹង៕
 
 
 

Tag:
 ព្រះសីហនុ​
  ជីកំប៉ុស្ត
© រក្សាសិទ្ធិដោយ thmeythmey.com