ជាតិ
តំបន់ការពារទេសភាពអន្លង់ព្រីងខេត្តកំពត មានសត្វខ្វែកសមុទ្រមួយចំនួនហើរមកពីរុស្ស៊ី
12, Mar 2022 , 6:59 pm        
រូបភាព
ដោយ:
នៅក្នុងឆ្នាំ២០២២នេះវត្តមានសត្វក្រៀល៩៧ក្បាល និងសត្វខ្វែកសមុទ្រកន្ទុយខ្មៅជាង៤ម៉ឺនក្បាលនិងសត្វផ្សេងទៀត បានធ្វើដំណើរទៅរកចំណីនៅតំបន់ការពារទេសភាពអន្លង់ព្រីង។ លោក ឈឹមម៉េង បញ្ជាក់ថា តំបន់ការពារនេះ គ្មានករណីទន្ទ្រានយកដី ការបរបាញ់ ឬការគំរាមកំហែង ដែលធ្វើឱ្យជីវិតសត្វសុវត្ថិភាព។

 
លោក ឈឹម ម៉េង នាយកតំបន់ការពារទេសភាពអន្លងព្រីងក្នុងខេត្តកំពតបានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ​ឆ្នាំនេះសត្វដែលវិលចូលមករកចំណីក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង
ដូចជា សត្វក្រៀល និងសត្វខ្វែកសមុទ្រកន្ទុយខ្មៅមានចំនួន ច្រើនជាងរាល់ឆ្នាំ។  បើតាមការស្មានរបស់ក្រុមអភិរក្សក្រៅពីវត្តមានរបស់សត្វក្រៀល សត្វខ្វែកសមុទ្រកន្ទុយខ្មៅ កើនឡើងមួយចំនួន ដែលធ្វើដំណើរមកពីប្រទេសរុស្ស៊ីមកកាន់តំបន់នេះច្រើន។ 


 រូបភាពសត្វក្រៀល ដោយលោក ឈឹម ម៉េង

« ឆ្នាំនេះក្រៀលក៏មកចុះរកចំណីក៏ច្រើនខ្វែកសមុទ្រកន្ទុយខ្មៅមកពីរុស្ស៊ីក៏ច្រើន។ ពួកវាមានរហូតដល់ទៅជាង ៤ម៉ឺនក្បាលឯណោះ។ក្រៅពីនេះ សត្វប្រភេទផ្សេងក៏កំពុងរកចំណីនៅក្នុងតំបន់នេះ ដោយសុខសាន្ដនិងមិនមានការបៀតបៀន»។ នេះជាការលើកឡើងរបស់នាយកតំបន់ការពារខាងលើ។ 


 រូបភាពសត្វក្រៀល ដោយលោក ឈឹម ម៉េង 
 
លោក ឈឹម ម៉េង បានបន្ថែមថា តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតក្នុងទីតាំងដែលទឹកជោរនាច។ ការណ៍នេះ អាចបង្ករឱ្យតំបន់នេះ អំណោយផលសម្រាប់ជីវៈចម្រុះ។  ជាមួយគ្នានេះ នៅក្នុងតំបន់បច្ចុប្បន្នសម្បូរមើមផ្លុង ដែលជាចំណីសម្រាប់សត្វក្រៀល សត្វខ្វែកសមុទ្រកន្ទុយខ្មៅនិងសត្វប្រភេទផ្សេងទៀត។
 
«ទឹកជោរនាចទៅមក បានជួយធ្វើឱ្យដីមានសភាពធូរ ងាយស្រួលដល់ដំណើរការរកចំណីសម្រាប់សត្វនៅតាមវាល។ មួយវិញ ក្រវ៉ាត់ ដែលធ្វើដើម្បីស្ដុកទឹក បានចូលរួមមួយផ្នែកធំ ដល់ការរក្សាលំនឹងជីវៈចម្រុះ ដើម្បីទ្រទ្រង់ និងឃាត់ដំណើរ មិនឱ្យសត្វចាក់ចេញពីក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ទៅតំបន់ផ្សេង»។ នេះជាការបញ្ជាក់របស់លោក ឈឹម ម៉េង។


 រូបភាពដោយ លោក ឈឹម ម៉េង

លើសពីនេះ ការចូលរួមរបស់ពលរដ្ឋនៅក្នុងសហគមន៍ក្នុងការការពារសត្វ ជីវៈចម្រុះក្នុងតំបន់ ក៏បានរួមចំណែកសំខាន់ក្នុងកិច្ចការពារ​​ និងរក្សាសត្វនៅតំបន់ការពារទេសភាពអន្លង់ព្រីងដែរ។ 
 
«ករណីបំពាន ទន្ទ្រានដី​មិនមានទេ ករណីបរបាញ់សត្វក៏គ្មានដែរ។ កន្លងមក ពលរដ្ឋនៅក្នុងសហគមន៍ទទួលបានការបណ្ដុះបណ្ដាលនិងបានស្វែងពីប្រយោជន៍នានា ទាក់ទងវត្តមានសត្វនៅក្នុងតំបន់ការពារ»។ នេះជាបកស្រាយរបស់លោកម៉េង ពីសុវត្ថិភាពរបស់សត្វក្នុងតំបន់ទេសភាពអន្លង់ព្រីង។ 
 
លោកបានបន្ថែមថា បើទោះបីជាតំបន់នេះ សម្បូរចំណីនិងជីវៈចម្រុះសម្រាប់សត្វស្លាបក្តី ក៏ក្រុមការងាររបស់ក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូ និងកសិករបានសហការធ្វើកសិកម្មដាំស្រូវ សម្រាប់ក្រៀល ដោយមិនប្រើថ្នាំនិងជីគីមី។
 
« យើងដាំស្រូវដោយមិនប្រើថ្នាំ និងជីគីមី ក្នុងបំណងរក្សាសុវត្ថិភាពចំណី សម្រាប់សត្វក្រៀល និងសត្វប្រភេទផ្សេងទៀត។ ពួកយើងព្យាយាមធ្វើយ៉ាងនេះ ចង់ឱ្យចំណីរបស់សត្វស្លាបក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង មានសុវត្ថិភាព»។ នេះជាការលើកឡើងរបស់លោក ឈឹម ម៉េង៕
 
   
  
 
 

Tag:
 ខេត្តកំពត
  សុវត្ថិភាព
 សត្វស្លាប
© រក្សាសិទ្ធិដោយ thmeythmey.com