ជាតិ
អ្នកជំនាញណែនាំឱ្យស្រ្ដីមានផ្ទៃពោះធ្វើលំហាត់កីឡាហែលទឹកឱ្យបានច្រើន
14, Mar 2022 , 8:29 am        
រូបភាព
សៀមរាប៖ ពីដើម ចាស់ទុំតែងណែនាំឱ្យស្រ្តីមានផ្ទៃពោះ កុំធ្វើចលនាច្រើន ដោយបារម្ភថាអាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។ បច្ចុប្បន្ន គ្រូពេទ្យបានផ្តល់ដំបូន្មានឱ្យគ្រប់ស្រ្តីដែលកំពុងពពោះ ព្យាយាមធ្វើចលនា ដូចជាហាត់កីឡាជាដើម។ កីឡាហែលទឹក ត្រូវបានអ្នកជំនាញចាត់ទុកថា ជាកីឡាដែលល្អប្រសើរជាងគេសម្រាប់ស្រ្ដីមានផ្ទៃពោះ។

 
«ការហែលទឹកពេលពពោះមិនបង្កគ្រោះថ្នាក់ទេ ថែមទាំងផ្តល់ប្រយោជន៍ច្រើនដល់ម៉ាក់ៗទៀត»។ នេះជាការលើកឡើង របស់លោកស្រី រ៉ា យ៉ា ប្រធានគ្រប់គ្រងទូទៅក្លឹបហែលទឹក សឺវ៉ាយវ៉ល (Survival Swim Club)។ លោកស្រីបន្ថែមថា ការហែលទឹកជួយដល់រាងកាយស្រ្ដីបានច្រើន ព្រោះរាងកាយទាំងមូល នឹងចាប់ផ្តើមធ្វើចលនាព្រមគ្នា ទាំងដង្ហើម ដៃ និងជើង។ល។ 


 
ម្ចាស់ក្លឹបហែលទឹករូបនេះ ណែនាំឱ្យស្រ្ដីមានផ្ទៃពោះ ចាប់ផ្តើមហែលទឹកចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៤ ព្រោះវាមានសុវត្ថិភាព ហើយអាចហែលបានគ្រប់ត្រីមាស។ យ៉ាងណាលោកស្រី រ៉ា យ៉ា ចង់ឱ្យស្រ្តីមានផ្ទៃពោះ ស្វែងរកអ្នកជំនាញច្បាស់លាស់ក្នុងការហ្វឹកហាត់កីឡាហែលទឹកអំឡុងពេលមានផ្ទៃពោះនេះ និងពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។ 
 
លោកស្រី រ៉ា យ៉ា រៀបរាប់បន្ថែមថា៖« ជាបទពិសោធន៍ខ្ញុំ ដោយសារកូនទី៣ ខ្ញុំហែលទឹកតាំងពី២៧សប្ដាហ៍ម្ល៉េះ ប៉ុន្តែខ្ញុំចង់ណែនាំ ប្រសិនគាត់ចង់ធ្វើលំហាត់ប្រាណនេះ គួរតែស្វែងរកអ្នកជំនាញឱ្យបានត្រឹមត្រូវ បើសិនជាគាត់ចង់ឱ្យការសម្រាកគាត់បានស្រួល ទាក់ទងទៅនឹងការឈឺចង្កេះ ទាក់ទងនឹងឈឺឆ្អឹងខ្នងអី ជាពិសេស​គាត់អាចសម្រួលដល់ដង្ហើមរបស់គាត់ទៀត  កូនទី៣របស់ខ្ញុំ គឺវះ តែអត់មានអារម្មណ៍ឈឺឆ្អឺងខ្នងសូម្បីបន្ដិច ខ្ញុំមានអារម្មណ៍ថា អត់ឈឺ តែកូនទី១ ទី២ ទទួលស្គាល់ថាឈឺមែន ខ្ញុំពិតជាចង់ឱ្យអ្នកគ្រប់គ្នាសាកល្បងមែនទែន»។


 
មគ្គុទ្ទេសក៍ទេសចរណ៍ លោកស្រី អ៊ុំ ម៉ារ៉ាដា ដែលមានបទពិសោធន៍ចំពោះការហែលទឹកកំឡុងពេលមានផ្ទៃពោះ ប្រាប់ថា លោកស្រីពិតជាទទួលបានអត្ថប្រយោជន៍ច្រើនពីកីឡាមួយនេះ ដែលលោកស្រីមិននឹកស្មានដល់។ លោកស្រី ម៉ារ៉ាដាពន្យល់ថា៖« អត្ថប្រយោជន៍មិននឹកស្មានដល់ តាមឮថា ហែលទឹកកាត់បន្ថយការឈឺចង្កេះ ធ្វើឱ្យមានអារម្មណ៍ល្អ តែអ្វីដែលខ្ញុំទទួលបានផ្ទាល់ លើសពីគេប្រាប់ ទី១ផ្នែករាងកាយ បម្រែបម្រួលរាងកាយកំឡុងពេលមានផ្ទៃពោះ គឺខ្ញុំអត់មានការឈឺចុកចាប់បន្ទាប់ពីការហែលទឹក មួយទៀតផ្នែកស្មារតី សម្រាប់ស្រ្ដីដែលមានផ្ទៃពោះ គឺអារម្មណ៍មិនទៀង អាស្រ័យស្ថានភាពគ្រួសារ ការងារ មួយទៀតបម្រែបម្រួលគត៌ដែលធ្វើឱ្យមានអារម្មណ៍មិនស្រួល តែបន្ទាប់ពីការហែលទឹកមក ធ្វើឱ្យខ្ញុំ មានអារម្មណ៍ស្ងប់ជាងមុន ខ្ញុំអត់សូវឆេវឆាវ និងគេងលក់ស្រួល»។


 
បន្ទាប់ពីទទួលបានបទពិសោធន៍ដ៏ល្អពីកីឡាហែលទឹកនេះ លោកស្រី ម៉ារ៉ាដា មិនគាំទ្រចំពោះការពពោះបែបបុរាណឡើយ។ លោកស្រីប្រាប់ថា ការមិនធ្វើសកម្មភាពអ្វីសោះ នឹងធ្វើឱ្យរាងកាយ និងស្មារតី ស្ពឹកស្រពន់។ អ្វីដែលជំរុញឱ្យលោកស្រីគិតពីចំណុចនេះកាន់តែខ្លាំងទៀតនោះ គឺបទពិសោធន៍ពីភ្ញៀវទេសចរបរទេសជាស្រ្តី ដែលដើរកម្សាន្តកំឡុងពេលមានផ្ទៃពោះ គឺពួកគេអាចឡើងប្រាសាទបានរហ័សរហួន ដែលផ្ទុយពីការឱ្យដំបូន្មានអ្នកខ្លះ ដែលណែនាំកុំឱ្យស្រ្តីពពោះដើរច្រើន។
 
តាមពិតទៅ នរណាៗក៏អាចចេះហែលទឹកដែរ តែការចេះបច្ចេកទេសហែលទឹកបានត្រឹមត្រូវ មិនដូចគ្នាទេ។ ស្រ្តីមានផ្ទៃពោះ ត្រូវការគ្រូបង្វឹកជំនាញ ដើម្បីឱ្យប្រាកដថា លំហាត់ប្រាណពួកគេមានសុវត្ថិភាព និងជួយដល់សុខភាព។ 
 
លោកស្រី ម៉ារ៉ាដា រៀបរាប់យ៉ាងដូច្នេះថា៖« ការហែលទឹកដែលខ្ញុំធ្លាប់ធ្វើពីមុន រវាងកូនទីមួយ និងកូនទីពីរ គឺគ្រាន់តែហែលទឹកធម្មតា ដែលហែលហត់ឈប់ បន្ទាប់ពីហែលពេលខ្លះ មានឈឺសាច់ដុំជើង ដោយសារខ្ញុំអត់ចេះប្រើដង្ហើមដើម្បីឱ្យមានអុកស៊ីសែនចេញចូលសម្រាប់សាច់ដុំ ហើយនឹងកាយវិការហែលទឹករបស់ខ្ញុំ ធ្វើអត់ត្រូវតាមបច្ចេកទេស តែនៅកូនទីបីនេះ ខ្ញុំបានបទពិសោធន៍ពីអ្នកដែលគេធ្លាប់ហែលទឹកពីមុនមក កំឡុងពេលពពោះ និងអ្វីដែលខ្ញុំព្យាយាមស្វែងយល់ពីព័ត៌មានចំពោះការហែលទឹក រួមនិងគ្រូបង្រៀនដែលត្រូវតាមបច្ចេកទេស ធ្វើឱ្យខ្ញុំយល់ថា ការហែលទឹក គឺមានសារសំខាន់បំផុតសម្រាប់អ្នកមានផ្ទៃពោះ ដែលតម្រូវឱ្យមានការបង្រៀនពីគ្រូ មិនមែនចេះខ្លួនឯង យើងអាចចេះហែលបានល្អ ដែលធ្វើឱ្យរាងកាយយើងមានអត្ថប្រយោជន៍នោះទេ ជាពិសេសគឺផ្នែកស្មារតីតែម្ដង»។
 
ដ្បិតថា កីឡាហែលទឹកមានសារប្រយោជន៍ច្រើន តែពលរដ្ឋមួយចំនួនធំ មិនទាន់ជ្រោតជ្រាបលំហាត់កីឡាមួយនេះនៅឡើយ។ ពួកគេនៅតែយល់ថា ការហែលទឹកជារឿងធម្មតា ដែលពួកគេអាចហែលដោយខ្លួនឯងបាន និងគ្រប់ទីកន្លែង។ លោកស្រី រ៉ា យ៉ា ក៏ទទួលស្គាល់ពីចំណុចនេះដែរ ដោយថា បច្ចុប្បន្នពលរដ្ឋយល់ពីកីឡានេះច្រើន ខុសពីឆ្នាំ២០១៨ ពេលលោកស្រីបង្កើតក្លឹបហែលទឹក គឺមានភាពលំបាកក្នុងការណែនាំឱ្យពួកគេយល់ពីកីឡាមួយនេះ៕
 
រូបភាពផ្តល់ដោយក្លឹបហែលទឹក Survival
 

Tag:
 កីឡាហែលទឹក
  ស្រ្ដីមានផ្ទៃពោះ
© រក្សាសិទ្ធិដោយ thmeythmey.com