ជាតិ
«ក្រុម​ស្គរ​ស្ត្រីមេធា» បង្កើត​ដោយស្ត្រី ដើម្បីបង្ហាញពីភាពរឹងមាំរបស់ស្ត្រីក្នុងសិល្បៈតន្ត្រី
13, Mar 2022 , 9:44 pm        
រូបភាព
សៀមរាប៖ គេធ្លាប់ឃើញក្រុមបុរស ដែលមានមាឌមាំ លើកលី និងវាយស្គរ ក្នុងកម្មវិធីតន្រ្តីសិល្បៈមួយចំនួន តែនៅខេត្តសៀមរាបមានក្រុមស្រ្តី ដែលមកពីគ្រួសារអ្នកសិល្បៈ បានបង្កើតជាក្រុមស្គរស្រ្ដី ដំបូងនៅខេត្តទេសចរណ៍មួយនេះ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។

 
ក្រុមស្គរស្រ្តីមេធា ជាឈ្មោះក្រុមសិល្បៈស្គរមួយ ដែលបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដោយស្រ្តីជាកូនចៅមានឪពុកម្ដាយជាអ្នកភ្លេង និងសិល្បៈបុរាណ ក្នុងខេត្តសៀមរាប។ 


 
អ្នកស្រី ម៉ែន ម៉ៅ ជាសមាជិកក្រុមស្គរស្រ្តីមេធា បានឱ្យដឹងថា ក្រុមស្គរនេះមានស្រ្តីសរុប៩នាក់ បូករួមទាំងមេក្រុម ដែលមើលការខុសត្រូវ។ ជាអ្នកផ្តួចផ្តើមគំនិតបង្កើតក្រុមមួយរូប អ្នកស្រី ម៉ៅ ប្រាប់ថា ចេះវាយតន្រ្តីស្គរនេះ៣ឆ្នាំមកហើយ ដែលដើមឡើយ អ្នកស្រីជាអ្នករៀនភ្លេងការបុរាណប៉ុណ្ណោះ។ ក្រោយឃើញភាពរឹងមាំ និងជំនាញនៃការវាយស្គររបស់ក្រុមបុរស អ្នកស្រី ម៉ៅ ក៏មានគំនិតចង់បង្កើតក្រុមស្គរនារី។
 
អ្នកស្រីរៀបរាប់ថា៖« ពួកខ្ញុំចង់ខ្លាំងដូចគេដែរ ក៏មានគំនិតចង់បង្កើតស្គរ ហើយអង្គការសិល្បៈខ្មែរអមតៈ ក៏បានផ្តល់ជាសិក្ខាសាលាដោយប្រមូលផ្តុំស្រ្តី បានរៀនស្គរ ទើបកកើតដល់សព្វថ្ងៃ«។ 
 
 
មានវ័យ៣២ឆ្នាំ អ្នកស្រី ម៉ៅ បានបញ្ជាក់ថា ដ្បិតតន្រ្តីស្គរ ត្រូវការប្រើកម្លាំងខ្លាំង និងភាពនឿយហត់ក៏ដោយ តែគាត់យល់ថា ការចូលរួមក្នុងសិល្បៈមួយនេះ ធ្វើឱ្យអ្នកស្រី ប្រែពីស្រ្តីទន់ខ្សោយមួយរូប មកជាស្រ្តីដែលមានភាពរឹងមាំ និងមានមោទកភាពចំពោះខ្លួនឯង។ អ្នកភូមិខ្នារ សង្កាត់ជ្រាវរូបនេះ ប្រាប់យ៉ាងដូច្នេះថា៖« ខ្ញុំមានមោទកភាពចំពោះខ្លួនឯង ដែលពីមុនខ្ញុំអត់អាចខ្លាំងចឹងទេ គេនិយាយអីក៏ខ្ញុំទន់ខ្សោយដែរ ដល់ពេលមករៀនស្គរខ្ញុំដឹង បើខ្ញុំអត់ខ្លាំងខ្លួនខ្ញុំ អត់ធ្វើឱ្យខ្លាំងខ្លួនឯងទេ ទោះបីជាអ្នកផ្សេងមិនអាចមើល ឬធ្វើដូចយើងបានដែរ ទាល់តែយើងខ្លាំងខ្លួនឯង ជួយខ្លួនយើង ទើបគេចង់រៀនពីយើងឱ្យខ្លាំងដូចយើងដែរ»។


 
ធម្មជាតិបង្កើតមនុស្សមក កម្លាំងស្រ្តីទាបជាកម្លាំងបុរស។ ការងារតន្រ្តីស្គរនេះទៀតសោត ក៏មិនមែនងាយស្រួលដែរ។ អ្នកស្រី ម៉ៅ ទទួលស្គាល់ចំណុចនេះ ហើយរំឭកថា កាលរៀនហាត់ដំបូង មានឈាមដៃផង តែឧបសគ្គនេះ មិនបានរារាំងការតាំងរបស់អ្នកស្រីឡើយ។ អ្នកស្រីរំឭកថា៖« បើអ្នកចិត្តស្រាល អាចនឹងឈប់ ព្រោះរៀនវាយដំបូងឈាមដៃ បែកដៃ ពងដៃ ខ្លះហើម ពេលប្រឹងក្ដាប់ ខ្លះយំ សុំឈប់ ព្រោះទ្រាំមិនបាន តែក្រោយពីជាតាំងចិត្តថា បើសិនជាឈប់ យើងអត់អាចធ្វើអ្វីសម្រាប់ខ្លួនឯងជាស្រ្តី»។ 
 
សមាជិកវាយស្គរមួយរូបទៀត គឺអ្នកស្រី ព្រិង ព្រំ មានវ័យ២៩ឆ្នាំ ក៏បានបង្ហាញពីភាពខ្លាំងក្នុងនាមជាស្រ្តី លើការវាយស្គរខ្លាំងៗ និងជាប់ៗគ្នា បង្កើតជាសាច់ភ្លេងដ៏ជក់ចិត្ត ទៅកាន់អ្នកទស្សនា ខណៈខ្លួនកំពុងមានពពោះ៣ខែក្ដី។ ក្រុមស្គរស្រ្តីមេធា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីសមាគមសហគ្រិនស្រ្តីកម្ពុជា ខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅ ដែលក្នុងនោះ មានស្រ្តីចូលរួមជាង១០០នាក់។ ក្រុមតន្រ្តីស្គរនេះ ធ្វើឱ្យសហគ្រិនស្រ្តីទាំងអស់ រំភើបជាខ្លាំង ជាមួយនឹងការសម្ដែងដ៏ល្អនៃចង្វាក់លេងស្គរដ៏ជំនាញ។ 
 
 
អ្នកស្រី ព្រិង ព្រំ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ចំពោះការគាំទ្រ ទះដៃពីទស្សនិកជន។ ក្រុមស្គរនេះ ចាប់ផ្តើមអញ្ជើញឱ្យសម្ដែងក្នុងកម្មវិធីនានាឡើងវិញ ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ១៩។ អ្នកស្រី ព្រំ ថាពួកគេទទួលបានចំណូលពីការលេងតន្រ្តីស្គរឡើង និងបានចំណូលបន្ថែមទៀតសម្រាប់គ្រួសារ។
 
អ្នកដឹកនាំក្រុមស្គរស្រ្តីមេធា គឺអ្នកស្រី កែវ ភក្រ្ត័។ ជាអ្នកសិល្បៈសហសម័យមួយរូប អ្នកស្រី ភក្រ្ត័  ស្ម័គ្រចិត្តមកជួយដឹកនាំក្រុមស្រ្តីនេះ រយៈពេល៧ខែមកហើយ និងចង់ឃើញក្រុមស្គរស្រ្តីនេះ មានការអភិវឌ្ឍកាន់តែខ្លាំងឡើង។ អ្នកស្រី ភក្រ្ត័ លើកឡើងថា៖« ក្រុមមេធា ជាក្រុមស្រ្តីដែលមកពីគ្រួសារមានប្រវត្តិជាអ្នកសិល្បៈ ដែលគាត់ចង់ជំនះលេងឧបករណ៍ស្គរ ដែលគេមិនលើកទឹកចិត្តឱ្យស្រ្តីលេងនោះទេ»។
 
អ្វីដែលពិសេស ដែលអ្នកស្រី ភក្រ្ដ័ ប្រាប់ថាអ្នកស្រីចង់ជួយដឹកនាំក្រុមស្រ្តីនេះ និងសរសើរពួកគេដែលមានកូនតូចៗហើយ តែនៅតស៊ូមកលេងសិល្បៈ ខុសពីស្រ្តីខ្លះក្នុងវិស័យសិល្បៈ ពេលពួកគេមានគ្រួសារ ក៏សម្រេចបោះបង់អាជីពនេះ៕
 
 
 
 

Tag:
 ក្រុមស្គរស្រ្តីមេធា
  ស្គរ
© រក្សាសិទ្ធិដោយ thmeythmey.com