ជាតិ
បុរស៩នាក់ត្រូវបាន​បញ្ជូន​ទៅតុលាការកំពត​លើ​ករណីសម្លាប់ឆ្កែ Husky ៣ក្បាល
13, Mar 2022 , 4:54 pm        
រូបភាព
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអះអាងថា ជនសង្ស័យចំនួន៩នាក់ ដែលបានលួចសម្លាប់ឆ្កែពូជ Husky ៣ ក្បាល  នៅភូមិស្វាយធំ ក្រុងកំពត បានជាប់ បណ្ដឹងពី​បទ លួចទ្រព្យសម្បត្តិអ្នកដទៃ ហើយព្យាយាមបំបាត់ព័ស្ដុតាង។

 
«ជនសង្ស័យទាំងអស់៩នាក់ បានបញ្ជូនទៅតុលាការ​ហើយ»។ នេះជាការលើ កឡើងរបស់ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត មក​កាន់សារព័ត៌មាន​ថ្មីៗ ដោយ​លោក​បន្តថា ជនសង្ស័យ​ទាំងនោះ ជាកម្មករសំណង់ ហើយជាបុរសទាំងអស់។
 
លោក​ស្នងការខេត្ត មិនបានបញ្ជាក់លំអិតឡើយពី​រឿងហេតុទាក់ទង​នឹង​ករណីនេះ ប៉ុន្តែលោកបាន​សរសេរនៅលើ​ហ្វេសប៊ុក​របស់ខ្លួននៅថ្ងៃដដែល​ថា៖ «សត្វក៏ត្រូវតែ មានយុត្តិធម៌ដែរ ករណីចាប់ឆ្កែ Husky ធ្វើម្ហូប ជនសង្ស័យត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ»។
 
បើតាម​ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ជនសង្ស័យ​ទាំង​៩នាក់នោះ ប្រឈម​រង​ការចោទប្រកាន់ពីបទ​ លួចទ្រព្យសម្បត្តិអ្នកដទៃ ហើយព្យាយាមបំបាត់ព័ស្តុតាង។
 
លោកបញ្ជាក់បន្ថែមថា ជនសង្ស័យទាំងនោះ បានលួចសម្លាប់ឆ្កែចំនួន៣ក្បាល ពី​ម្ចាស់​របស់វាដែល​រស់នៅក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ។ 
 
ក្នុងបទសម្ភាសជាមួយ TVFB Live ម្ចាស់ឆ្កែ បានអះអាងថា លោក មិនចង់ឱ្យមនុស្សមាន បញ្ហាដោយសារឆ្កែខ្លួន ព្រោះពួកគេក៏មានគ្រួសារផងដែរ ប៉ុន្តែលោក ចង់ឱ្យសមត្ថកិច្ចចាប់ជនល្មើសដែលសម្លាប់ឆ្កែប៉ុណ្ណោះ។ «ខ្ញុំ ចង់ចាប់តែអ្នកបានសម្លាប់ឆ្កែខ្ញុំទេ»។ នេះជាការលើកឡើងរបស់លោក ដោយបន្តថា អ្នកទាំង៩នោះ មិនបានសារភាពថាអ្នកណាម្នាក់ឡើយ។
 
Husky ជាពូជឆ្កែដែលមាន​ប្រភពពី​តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។ តាម​ទន្លាប់​ទូទៅ វា​ជាប្រភេទឆ្កែ​ដែល​ប្រើ​ប្រាស់​ដើម្បីអូសរទេះនៅតំបន់ទឹកកក៕
 

Tag:
 សម្លាប់ឆ្កែ
 កំពត
  Husky
© រក្សាសិទ្ធិដោយ thmeythmey.com