ជាតិ
«តំបន់រ៉ាមសារ» ​ទាំងប្រាំនៅកម្ពុជា៖ បឹងទន្លេឆ្មារ, កោះកាពិ, ស្ទឹងត្រែង, ព្រែកទាល់ និងស្ទឹងសែន
13, Mar 2022 , 6:59 pm        
រូបភាព
ដោយ:
តំបន់រ៉ាមសារ (តំបន់ដីសើម) នីមួយៗ សម្បូរដោយធនធានធម្មជាតិ សត្វប្រភេទកម្រ ជីវៈចម្រុះ ដែលជាសក្តានុពលសម្រាប់ការអភិរក្ស និងវិស័យទេសចរណ៍​។ ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០២២ ប្រទេសកម្ពុជាបានចុះបញ្ជីតំបន់រ៉ាមសារចំនួន៥ ដែលស្ថិតក្នុងខេត្តផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ។  ទន្ទឹមនេះ តំបន់ទាំងនោះសម្បូរសក្តានុពលច្រើនវិស័យ សម្រាប់ទុកជាប្រយោជន៍ដល់សាធារជន។

 
ប្រទេសកម្ពុជាមានតំបន់រ៉ាមសារចំនួនប្រាំ រួមមាន តំបន់រ៉ាមសារបឹងទន្លេឆ្មារ, តំបន់រ៉ាមសារកោះកាពិ, តំបន់រ៉ាមសារស្ទឹងត្រែង, តំបន់រ៉ាមសារព្រែកទាល់ និងតំបន់រ៉ាមសារស្ទឹងសែន។
ជាមួយគ្នានោះ តំបន់រ៉ាមសារនីមួយៗ តែងមានធនធានធម្មជាតិ និងជីវៈចម្រុះដែលមានសក្តានុពលសម្រាប់ពលរដ្ឋ និងវិស័យទេសចរណ៍នៅក្នុងតំបន់ សហគមន៍ និងមានតម្លៃរួមលើកិច្ចការពារ និងអភិរក្សបរិស្ថានជុំវិញ។

ទេសភាពដើមឈើ   ធនជាតិប្លែកៗ នៅតំបន់រ៉ាមសារ ក្នុងខេត្តស្ទឹងត្រែង 

តំបន់រ៉ាមសារបឹងទន្លេឆ្មារ៖ តំបន់នេះ ស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ២៨ម៉ឺនហិកតា និងត្រូវបានចុះបញ្ជីលេខ ៩៩៧ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩៩។  តំបន់រ៉ាមសារទន្លេឆ្មា នេះ សម្បូរដោយរុក្ខជាតិ មច្ឆាប្រភេទកម្រ ក្នុងនោះដូចជាត្រីរាជ ត្រីគល់រាំង។ ចំពោះថនិកសត្វ មានដូចជា ភេខ្លួនរលោង ខ្លាត្រី និងពពួកសត្វស្លាបទឹក។  សត្វទាំងនោះភាគច្រើន ជាប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់លើពិភពលោក ដូចជារនាលស រនាលពណ៌ ទុងប្រផេះ ពពួលទឹក  ស្មោញ ត្រដក់តូច និងត្រដក់ធំ។ ជាពិសេសតំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹកដែលអំណោយផលដល់អេកូទេសចរណ៍បែបធម្មជាតិ។   

ទិដ្ឋភាពលើ ក្នុងតំបន់រ៉ាមសារ  ព្រែកទាល់ ក្នុងខេត្តបាត់ដំបង  រូបភាពដោយ ប្រធានមន្ទីរបរិស្ថាន 
 
តំបន់រ៉ាមសារកោះកាពិ៖ តំបន់នេះ ស្ថិតក្នុងខេត្តកោះកុង  មានផ្ទៃដីទំហំ១២ម៉ឺនហិកតា និងត្រូវបានចុះបញ្ជីលេខ៩៩៨ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩។ បើតាម Ramsam និងក្រសួងបរិស្ថាន​តំបន់នេះផ្ដល់ប្រភពសារធាតុចិញ្ចឹម គាំទ្រដល់ការនេសាទតាមឆ្នេរសមុទ្រ ហើយវាមានព្រៃកោងកាងដែលជាជម្រករបស់សត្វស្លាបកម្រ ដូចជា​សត្វត្រយ៉ងយក្ស និងថនិកសត្វដែលកំពុងរងការគំរាមកំហែងជាសកល ដូចជាពង្រួល និងស្វាព្រាម។
 
តំបន់រ៉ាមសារស្ទឹងត្រែង ៖ តំបន់នេះ ស្ថិតនៅខ្សែកណ្ដាលនៃទន្លេមេគង្គខាងជើងនៃខេត្តស្ទឹងត្រែង។ រ៉ាមសារស្ទឹងត្រែងមានផ្ទៃដីទំហំ១៤៦០ហិកតា និងត្រូវបានចុះបញ្ជីលេខ ៩៩៩  នៅថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ១៩៩៩។ តំបន់រ៉ាមសារនេះ ជាតំបន់មានសក្តានុពលទេសចរណ៍ ​ ដោយសារសម្បូរកោះ ដូចជាកោះហាន កោះថ្មកំបោរ កោះសារឃូន កោះទន្សាយ និងកោះពូថៅ តំបន់ទាំងនេះ ភាគច្រើន​សម្បូរភ្ញៀវចាប់អារម្មណ៍។ នាពេលបច្ចុប្បន្ន ក្រៅពីសក្តានុពលរបស់តំបន់ ទីតាំងនោះក៏ជាទីជម្រកសម្រាប់សត្វទឹក ប្រភេទកម្រៗ និងមច្ឆាជិតផុតពូជដូចជា ត្រីរាជ និងផ្សោតក្បាលត្រឡោកផងដែរ។

 ទិដ្ឋភាពសត្វ ក្នុងធម្មជាតិ នៅក្នុងតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង   រូបភាពដោយប្រធានមន្ទីរបរិស្ថានខេត្ត បាត់ដំបង

តំបន់រ៉ាមសារព្រែកទាល់៖ តំបន់នេះ ស្ថិតក្នុងខេត្តបាត់ដំបង ក៏ត្រូវបានចាត់ចូលជាតំបន់​ដែលសម្បូរធនធាន និងជីវៈចម្រុះប្រភេទកម្រៗ ​សម្រាប់ទាក់ទាញការអភិរក្ស និងទេសចរឱ្យទៅទស្សនាតំបន់នោះ។ តំបន់រ៉ាមសារព្រែកទាល់ មានទំហំ២១៣៤២ហិកតា  បានចុះបញ្ជីលេខ២២៤៥ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។ តំបន់ព្រែកទាល់ជាជម្រក ដ៏សម្បូរបែបនៃប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជាសាកល ដូចជា សត្វអណ្ដើកទន្លេ  ក្រពើភ្នំ ត្រីគល់រាំង និងត្រីរាជ។ ​ក្រៅពីសម្បូរធនធានកម្រ និងជិតផុតពូជ តំបន់នេះ មានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹក ដែលអំណាយផលដល់អេកូទេសចរណ៍ធម្មជាតិ។  បច្ចុប្បន្ន សហគមន៍ និងពលរដ្ឋមួយចំនួន កំពុងទទួលបានផលប្រយោជន៍ ដោយផ្ទាល់ និងប្រយោលពីធនធាន ទាំងនោះក្រោមដំណើរការនៃការផ្តល់សេវាកម្មទៅកាន់ភ្ញៀវ។

 ទិដ្ឋភាពលើ ក្នុងតំបន់រ៉ាមសារ  ក្នុងខេត្តស្ទឹង ត្រែង

តំបន់រ៉ាមសារស្ទឹងសែន៖  ស្ថិតក្នុងខេត្តកំពង់ធំ ជាតំបន់មានសក្តានុពលមិនចាញ់ តំបន់រ៉ាមសារក្នុងខេត្តផ្សេងទៀតទេ។ តំបន់នេះ មានផ្ទៃដីទំហំ៩២៩៣ហិកតា  និងត្រូវបានចុះបញ្ជីលេខ២៣៦៥ នៅថ្ងៃទី២ វិច្ឆិកាឆ្នាំ ២០១៨។ តំបន់រ៉ាមស្ទឹងសែន មានព្រៃលិចទឹកដែលផ្ដល់ទីជម្រកសម្រាប់ពពួកសត្វស្លាបជាង៧៩ប្រភេទ ដូចជាស្មោញ ត្រដក់តូច ត្រដក់ធំ ទុងប្រផេះ អង្កត់ខ្មៅ អកត្រីក្បាលប្រផេះ និងថនិកសត្វប្រមាណ៩ប្រភេទ។ លើសពីនេះ តំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹកដែលមានអំណោយផលដល់អេកូទេសចរណ៍ធម្មជាតិ។
 
សូម​បញ្ជាក់ថា តំបន់រ៉ាមសារ គឺជាតំបន់ដីសើមដែលត្រូវនឹងលក្ខណៈវិនិច្ឆ័យនៃតំបន់ដីសើមដែលមានសារសំខាន់ជាអន្តរជាតិ។ដូចជាវត្តមានប្រភេទសត្វកម្រ និងកំពុងរងគ្រោះ, ជីវចម្រុះ, វដ្តនៃជីវិត និងជម្រក ជាដើម។ អនុសញ្ញាតំបន់ដីសើម ឬអនុសញ្ញារ៉ាមសារ ត្រូវបានបង្កើតឡើងនៅក្រុងរ៉ាមសារ ប្រទេសអ៊ីរ៉ង់ ក្នុងឆ្នាំ១៩៧១។ កម្ពុជាបានអនុម័តយល់ព្រមលើអនុសញ្ញានេះ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩៕
 

Tag:
 កម្ពុជា
  តំបន់រ៉ាមសារ
  តំបន់ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com