ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋ ស្នើឱ្យរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាតម្លៃប្រេងសាំង ដើម្បីសម្រួលដល់ជីវភាព
14, Mar 2022 , 11:58 am        
រូបភាព
ពលរដ្ឋ ស្នើឱ្យរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាតម្លៃប្រេងសាំង ដើម្បីសម្រួលដល់ជីវភាពពួកគេ ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការស្នើនេះ ស្របពេលប្រេងសាំងឡើងថ្លៃ រហូតជាង៥០០០រៀលក្នុងមួយលីត្រ។

 
គ្រូបង្រៀន និងជានិស្សិតបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅខេត្តតាកែវ លោក ង៉ែត វ៉ុន បានលើកឡើងថា ការកើនឡើងតម្លៃសាំង បានធ្វើឱ្យប៉ះពាល់ការខ្លាំងដល់ជីវភាពក្នុងគ្រួសារ។ ជារៀងរាល់ថ្ងៃ លោក ត្រូវធ្វើដំណើរទៅបង្រៀនសិស្សចម្ងាយប្រមាណ១៦គីឡូម៉ែត្រ ខណៈចុងសប្ដាហ៍ លោកត្រូវធ្វើដំណើរជាង៧០គីឡូម៉ែត្រទៀត ដើម្បីបន្តការសិក្សានៅទីរួមខេត្តតាកែវ។ ដូច្នេះ ក្នុងអំឡុងពេលសាំងឡើងថ្លៃនេះ លោក វ៉ុន ត្រូវចំណាយអស់ប្រមាណ៥ម៉ឺនរៀលក្នុងសប្ដាហ៍ លើថ្លៃចាក់សាំង។
 
លោក ត្អូញត្អែថា មិនមែនមានតែសាំងមួយមុខទេដែលឡើងថ្លៃ ពោលគឺស្ទើតែគ្រប់ទំនិញ សុទ្ធសឹងឡើងថ្លៃទាំងអស់ ខណៈលោក ក៏មានបន្ទុកជំពាក់ធានាគារ និងចំណាយផ្សេងៗទៀត។ ដូច្នេះ លោក យល់ថា ពលរដ្ឋជួបបញ្ហាប្រឈមច្រើន ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ អស់រយៈជាង២ឆ្នាំមកនេះ។​  
 
លោក ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«ផលប៉ះពាល់មានច្រើន ដោយសារខ្ញុំរៀនផង និងធ្វើការងារផង ហើយណាមួយឥឡូវនេះ ជារដូវមង្គលការ(ចំណាយលើចំណងដៃការ)។ អ៊ីចឹង ក្នុងមួយកម្មវិធី យ៉ាងហោចណាស់ក៏យើងត្រូវចងដៃ៧ម៉ឺនរៀល ឬច្រើនជាងនេះដែរ ហើយក្នុងមួយខែៗ ខ្ញុំមាន៣ ឬ៤រោង។ ដោយសារជីវភាពពុំសូវធូរធារ យើងបានខ្ចីធានាគារ អ៊ីចឹង ខ្ញុំត្រូវបង់ឱ្យគេប្រចាំខែទៀត។ ដូច្នេះ បញ្ហាសាំងដែលឡើងថ្លៃហ្នឹង គឺប្រឈមខ្លាំង ព្រោះអីយើងទៅណាក៏ជីះម៉ូតូ»។   
 
ចំណែក លោក កែវ តុងហេង ជាងម៉ាស៊ីននៅក្រុមហ៊ុនមួយកន្លែង បានឱ្យដឹងដែរថា ក្នុងអំឡុងពេលកូវីដ១៩នេះ សាំងបានឡើងថ្លៃបន្តបន្ទាប់ ខណៈក្រុមហ៊ុនរបស់លោក ពុំបានដំឡើងប្រាក់ឈ្នួលឱ្យស្របតាមតម្លៃសាំងនោះទេ។ លោក បន្តថា ផលប៉ះពាល់ខ្លាំងបំផុតរបស់ពលរដ្ឋនាពេលបច្ចុប្បន្ន នោះគឺ ចំណូលតិច ប៉ុន្តែចំណាយច្រើន។ 
 
លោក បញ្ជាក់ថា ប្រសិន បើសាំងនៅតែបន្តឡើងថ្លៃទៀត នឹងធ្វើឱ្យចំណូលលោកធ្លាក់ចុះខ្លាំង។ ដូច្នេះ លោក ស្នើឱ្យរដ្ឋាភិបាល បញ្ចុះតម្លៃសាំងមកត្រឹមជាង៣ពាន់រៀលក្នុងមួយលីត្រ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។
 
លោក ប្រាប់ដូច្នេះថា៖«បើសាំងឡើងទៀត កាន់តែពិបាកមែនទៀតហើយ។ អ៊ីចឹង ខ្ញុំចង់ឱ្យចុះមកត្រឹម៣៥០០ ឬ៣៧០០រៀលក្នុងមួយលីត្រ ដូចពីមុន យើងស្រួលជិះ។ តែបើឡើងដល់ ៥ទៅ៦ពាន់រៀល ខ្ញុំមានលុយឯណាចាក់សាំង ហើយការងារតាមក្រុមហ៊ុនឥឡូវ ក៏គេអត់ហ៊ានដំឡើងប្រាក់ខែដែរ ដោយសារជំងឺកូវីដ»។ 
 
បច្ចុប្បន្នសាំងធម្មតាលក់រាយនៅកម្ពុជា មានតម្លៃ៤៨០០រៀលក្នុងមួយលីត្រ ខណៈសាំងស៊ុបពែរ បានឡើងដល់៥៣៥០រៀលក្នុងមួយលីត្រ និងសាំងម៉ាស៊ូតមានតម្លៃ៤៥០០រៀលក្នុងមួយលីត្រ។ 
 
ក្រោយមានការលើកឡើងជាច្រើនពាក់ព័ន្ធនឹងប្រេងសាំងឡើងថ្លៃ សម្ដេច ហ៊ុនសែន នាយករដ្ឋមន្រី្ត កាលពីថ្ងៃទី២ មីនា បានសុំឲ្យពលរដ្ឋយោគយល់ចំពោះការកើនឡើងតម្លៃប្រេងសាំងនេះ។ សម្ដេច បានបញ្ជាក់ថា ពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩ ខណៈសង្គ្រាមរវាងរុស្ស៉ីនិងអ៊ុយក្រែន​ ក៏បានធ្វើឱ្យអតិផរណាប្រេងអន្តរជាតិកើនឡើងផងដែរ។ 
 
សម្ដេច ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា៖«សុំពលរដ្ឋយើងមេតាយោគយល់ ការឡើងថ្លៃប្រេង មិនមែនឡើងតែកម្ពុជាទេ ឡើងគ្រប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក។ យើងមិនមែនជាប្រទេសផលិតប្រេងទេ សូម្បីតែប្រទេសផលិតប្រេង ក៏ប្រេងឡើងថ្លៃដែរ»។ 
 
ជាមួយគ្នានេះ លោក វ៉ន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបន្ថែមថា សាំងឡើងថ្លៃបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកធ្វើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសអ្នកប្រកបមុខរបរដឹកជញ្ជូនភ្ញៀវទេសចរ​ ឬសម្ភារៈផ្សេងៗ ។   
 
លោក ប្រាប់ដូច្នេះថា៖«គួបផ្សំសាំងឡើងថ្លៃ រួមទាំងកូវីដ-១៩ទៀត ដែលកំពុងរាតត្បាតចូលសហគន៍ផង អ្នកធ្វើដំណើរក៏គ្មាន អ៊ីចឹងហើយផលប៉ះពាល់ខ្លាំងគឺប្រាក់ចំណូលពួកគាត់ធ្លាក់ចុះ ដែលគ្មានតុល្យភាពនឹងការចំណាយទៅលើថ្លៃសាំង ឬហ្គាសនេះទេ»។    
 
លោក ពៅ បន្តថា កាលណាសាំងឡើងថ្លៃ ទំនិញសព្វសារពើក៏ឡើងថ្លៃដូចគ្នា។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ ស្នើឱ្យ រដ្ឋត្រូវពិនិត្យមើលឡើងវិញនូវពន្ធនាំចូល ឬពន្ធលក់ចេញ ដើម្បីបញ្ចុះតម្លៃពន្ធ។ ជាពិសេសក្រសួង ត្រូវសហការជាមួយក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់ ដើម្បីចរចារកុំឲ្យក្រុមហ៊ុនទាំងនោះ លក់យកតម្លៃចំណេញខ្ពស់ពេក៕ 
 
 

Tag:
 សាំង
  ក្រសួងពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com