ជាតិ
រថយន្ត
ទាក់ទងទៅជាងចល័ត លោក ហួ ហាន បើខូចរថយន្តធន់ធ្ងន់ ឬតាក់ស៊ីតាមផ្លូវក្នុងភូមិសាស្ត្ររាជធានី
14, Mar 2022 , 8:29 pm        
រូបភាព
ប្រភពរូបថត Frost Zk Cambodia MotoVlog
ប្រភពរូបថត Frost Zk Cambodia MotoVlog
បច្ចុប្បន្នយានដ្ឋានជួសជុលរថយន្តតូច-ធំ មានស្ទើគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ តែលោក ហួ ហាន គ្មានកន្លែងច្បាស់លាស់ឡើយ លោក ជិះម៉ូតូចល័តទៅជួសជុលរថយន្តគ្រប់ទីកន្លែងតាមការតម្រូវរបស់អតិថិជន។



លោក ហួ ហាន ជាជាងជួសជុលរថយន្តធន់ធ្ងន់ និងតាក់ស៊ី នៅរាជធានីភ្នំពេញ។ ជាង៣០ឆ្នាំហើយ ដែលបុរសរូបនេះ ប្រកបរបរជួសជុលរថយន្ត ប៉ុន្តែគ្មានកន្លែងត្រឹមត្រូវឡើយ។ ជារៀងរាល់ថ្ងៃ លោក ហាន ចាប់ផ្ដើមការងារខ្លួន ដោយជិះម៉ូតូចល័តគ្រប់កន្លែង ទៅជួសជុលរថយន្តតាមការហៅរបស់អតិថិជន។
 
«ឡានគេខូចកន្លែងណា ខ្ញុំទៅធ្វើកន្លែងហ្នឹង តាមគេហៅអ៊ីចឹងទៅ។ មួយថ្ងៃៗទៅសព្វកន្លែងអស់ហើយ ផ្សារថ្មី ជ្រោយចង្វារ ផ្សារដើមគរ ស្ទើជុំវិញភ្នំពេញហើយ»។ នេះជាការលើកឡើងរបស់លោក ហាន ដែលបន្តថា រាល់ថ្ងៃ លោក ចេញធ្វើការងារតាំងពីម៉ោង៧ព្រឹក ដល់ម៉ោង៨-៩យប់ ទើបត្រឡប់មកផ្ទះវិញ។ អ្វីដែលទៅជាមួយរាល់ថ្ងៃ មានម៉ូតូជាមធ្យោបាយ និងធុងដាក់សម្ភារជួសជុលប៉ុណ្ណោះ។
 
លោក ហួ ហាន អះអាងថា មួយថ្ងៃ លោក អាចជួសជុលរថយន្តចន្លោះពី៥-១០គ្រឿងរៀងរាល់ថ្ងៃ។ រីឯតម្លៃ គឺអាស្រ័យលើការជួសជុលថាតិច ឬច្រើន។ «តម្លៃអត់កំណត់ទេ បើខូចតិចតួច អស់តិច បើខូចច្រើន គឺអស់លើសហ្នឹងទៀត។ អ៊ីចឹងភ្ញៀវគេឱ្យតាមហ្នឹងដែរ»។ នេះជាការលើកឡើងរបស់លោក ហាន ដែលបន្ថែមថា លោក កំណត់តម្លៃតែថ្លៃជួសជុលរថយន្តប៉ុណ្ណោះ ដោយមិនគិតពីចម្ងាយឡើយ។ 
 
លោក ហួ ហាន ភាគច្រើនជួសជុលរថយន្តតាក់ស៊ី ឡានដឹកទំនិញធន់កណ្ដាល និងរថយន្តធន់ធ្ងន់ប៉ុណ្ណោះ។ លោក មិនទទួលជួសជុលរថយន្តធម្មតាលក្ខណៈគ្រួសារ ឬរថយន្តថ្មីៗឡើយ។ ផ្លាស់ប្ដូរទីលំនៅពីទីកំណើត ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មករស់នៅភ្នំពេញ មុនពេលចេញជួសជុលរថយន្តចល័តនេះ លោក ធ្លាប់បានទៅរៀនជាមួយគេ និងធ្វើជាកូនជាងគេ នៅយាន្តដ្ឋានមួយចំនួន។


 រូបថតដោយ Sophorn Sonata

«មុនចេញរកស៊ីខ្លួនហ្នឹង ខ្ញុំធ្វើការឱ្យគេនៅកន្លែងជួសជុល ហើយរៀនពីគេផង។ ហើយឥឡូវហ្នឹងក៏បង្រៀនក្មេងៗដែរ ហើយពេលចេះ អាចទៅធ្វើឱ្យគេបាន យកលុយខ្លួនឯង។ ទាំងកូនជាង និងខ្ញុំហ្នឹងប្រើប្រព័ន្ធទូរសព្ទជាមួយ ពេលគេហៅទៅធ្វើអ្នកណាទំនេរ ក៏ទៅៗ ហើយយកលុយខ្លួនទៅ»។ នេះជាការលើកឡើងរបស់លោក ហួ ហាន ដែលបន្តថា មានភ្ញៀវច្រើន ហើយធ្វើមិនទាន់ ដូច្នេះលោក ក៏បង្ហាត់កូនឱ្យចេះ ហើយអាចជួយជំនួសការងារលោក បានខ្លះៗដែរ។ 
 
បុរសវ័យ៥៦ឆ្នាំរូបនេះ អះអាងថា ស្ទើរមួយជីវិតហើយដែលលោក ធ្វើការងារនេះ ដូច្នេះលោក គ្មានបំណងបោះបង់ ឬផ្លាស់ប្ដូរទៅធ្វើអ្វីផ្សេងឡើយ ផ្ទុយទៅវិញលោក ចង់នៅបន្តធ្វើ រយៈពេល១០ឆ្នាំទៀត បើសិនជាអាចទៅរួច។ «ខ្ញុំធ្វើហ្នឹងជាង៣០ឆ្នាំហើយ គេក៏ស្គាល់ច្រើន ក៏ច្រើន អ៊ីចឹងឈប់អត់កើតទេ។ ណាមួយខ្ញុំចេះធ្វើការងារហ្នឹង ឱ្យទៅរកអីផ្សេងក៏មិនកើតដែរ»។ នេះជាការលើកឡើងរបស់លោក ហួ ហាន៕
 

Tag:
 រថយន្ត
  ជួសជុលរថយន្តចល័ត
 ហួ ហាន
© រក្សាសិទ្ធិដោយ thmeythmey.com