កីឡាអន្តរជាតិ
អន្តរជាតិ
នាវា និងយន្តហោះតម្លៃរាប់ពាន់លានដុល្លាររបស់ Abramovich ចេញពីអឺរ៉ុប ដើម្បីគេចពីការរឹបអូស
15, Mar 2022 , 3:30 pm        
រូបភាព
យន្តហោះឯកជនរបស់លោក Roman Abramovich បានហោះចេញពីប្រទេសអ៊ីស្រាអែល ឆ្ពោះទៅកាន់ប្រទេសតួកគី ជាទីសុវត្ថិភាព បន្ទាប់ពីសហភាពអឺរ៉ុប (EU) សម្រេចបង្កកទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ីរូបនេះ។ នាវាកម្សាន្តជាច្រើនគ្រឿងមានតម្លៃរាប់ពានលានដុល្លារ ក៏បើកចេញពីដែនសមុទ្រអឺរ៉ុបផងដែរ ដើម្បីគេចចេញពីការរឹបអូស។


យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters យន្តហោះឯកជនមួយគ្រឿងរបស់ Abramovich ដែលមានលេខកន្ទុយ LX-RAY បានហោះចេញពីអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល នៅថ្ងៃទី១៤ ខែមីនា ឆ្ពោះទៅទីក្រុង Istanbul ប្រទេសតួកគី ដើម្បីសុវត្ថិភាព។
 
គេហទំព័រតាមដាន Radarbox បានឱ្យដឹងថា យន្តហោះនេះ បានទៅដល់ក្រុងម៉ូស្គូ ល្ងាចថ្ងៃដដែលនោះ។ 
 
ក្រៅពីយន្តហោះ នាវាកម្សាន្តមួយចំនួនរួមមាន ​Solaris តម្លៃ ៦០០លានដុល្លារ​ និង Eclipse តម្លៃជិតមួយពាន់លានដុល្លារ បានទៅដល់ដែនទឹករបស់ម៉ុងតេណេហ្គ្រោហើយ និងគ្រោងឆ្ពោះទៅទីក្រុង Istanbul ដើម្បីគេចចេញពីដែនទឹកសហភាពអឺរ៉ុប។
 
ចាប់តាំងពីរុស្ស៊ីបើកការលុកលុយប្រទេសអ៊ុយក្រែន ម្ចាស់ក្លិប Chelsea លោក Abramovich រួមទាំងអភិជនរុស្ស៊ី៦រូបទៀត ដែលត្រូវបានចោទថា មានទំនាក់ទំនងស្អិតល្មួតជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្យទាំងអស់ ដែលមានក្នុងប្រទេសខ្លួន។ 
 
ថ្មីៗនេះ EU ក៏សម្រេចធ្វើដូចគ្នានេះតាមក្រោយដែរ ដ្បិតរុស្ស៊ីនៅតែបញ្ជូនទ័ពវាយលុកអ៊ុយក្រែន បើទោះមានការព្រមាន និងដាក់ទណ្ឌកម្មបន្តបន្ទាប់ក្តី។
 
ដោយឡែកអ៊ីស្រាអែល បើទោះមិនស្ថិតក្នុងសមាជិកសហភាពអឺរ៉ុប ប៉ុន្តែប្រទេសនេះ បានដាក់កំហិតទៅលើយន្តហោះឯកជនរបស់ក្រុមសេដ្ឋីរុស្ស៊ី ដែលមានទំនាក់ទំនងជាមួយលោក ពូទីន ដោយមិនឱ្យហោះហើរក្នុងរង្វង់២៤ម៉ោង ក្រោយ EU ដាក់ទណ្ឌកម្ម។
 
បើទោះយន្តហោះ និងនាវាកម្សាន្តទាំងនេះ បានទៅដល់ទីសុវត្ថិភាពក្តី ប៉ុន្តែឧទ្ធម្ភាគចក្រ យន្តហោះ និងនាវាតម្លៃថ្លៃខ្លះទៀត ត្រូវបានរឹបអូសអស់មួយចំនួនហើយ៕
 
 

Tag:
 Roman Abramovich
  EU
© រក្សាសិទ្ធិដោយ thmeythmey.com