ជាតិ
សង្គមជាតិ
រដ្ឋាភិបាលដាស់តឿន៖ បុគ្គលិកណាហ្គាវើលដ៍ដែលបន្តប្រមូលផ្តុំ ប្រឈមនឹងការបណ្តេញចេញពីការងារ
16, Mar 2022 , 1:40 pm        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍ប្រមូលផ្តុំគ្នានៅជិតក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីចុងខែធ្នូ ឆ្នាំ២០២២។ រូបដោយសហការី
បុគ្គលិកណាហ្គាវើលដ៍ប្រមូលផ្តុំគ្នានៅជិតក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីចុងខែធ្នូ ឆ្នាំ២០២២។ រូបដោយសហការី
ក្រៅពីរងវិធានការផ្លូច្បាប់ គឺការពិន័យប្រាក់ និងការចាប់ដាក់ពន្ធនាគារ បុគ្គលិកណាហ្គាវើលដ៍ នឹងរងចំណាត់ការមួយបន្ថែមទៀត គឺក្រុមហ៊ុនណាហ្គាវើលដ៍ អាចបណ្តេញពួកគេចេញពីការងារ បើពួកគេនៅតែបន្តប្រមូលផ្តុំគ្នា។ អ្នកដែលចេញសារព្រមានលើកនេះ មិនមែនរដ្ឋបាលរាជធានីភ្នំពេញ ឬក្រសួងសុខាភិបាលដូចមុនឡើយ គឺរដ្ឋាភិបាលតែម្តង។



តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាល បានដាស់តឿនបុគ្គលិកណាហ្គាវើលដ៍យ៉ាងដូច្នេះថា៖«អ្នកដែលនៅតែទទូចប្រមូលផ្តុំ ដើម្បីបង្ហាញពីការទាមទាររបស់ពួកគេ ចំពោះក្រុមហ៊ុនណាហ្គាវើលដ៍ គឺបានបំពានគោលនយោបាយយ៉ាងតឹងរ៉ឹងរបស់ក្រសួង [ការងារ]  និងបទបញ្ញត្តិពាក់ព័ន្ធជំងឺកូវីដ-១៩ នឹងត្រូវបណ្តេញចេញដោយសន្តិវិធី ហើយប្រឈមនឹងការបាត់បង់ផលប្រយោជន៍របស់ពួកគេ»។

រដ្ឋាភិបាល បន្តថា ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធ មិនអនុញ្ញាតឲ្យបុគ្គលិកណាហ្គាវើលដ៍ ប្រមូលផ្តុំគ្នាជាទ្រង់ទ្រាយធំ ក្នុងកាលៈទេសៈនេះឡើយ។

បុគ្គលិកណាហ្គាវើលដ៍ បាននាំគ្នាចេញតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក។ បំណងធំរបស់ពួកគេ គឺទាមទារឲ្យក្រុមហ៊ុន ទទួលយកបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ។ ការទាមទាររបស់ពួកគេ មិនត្រឹមតែមិនទាន់ទទួលបានដូចបំណងនោះទេ តែថែមទាំងទទួលផលអវិជ្ជមានថែមទៀត ដោយមានអ្នកខ្លះ ត្រូវពិន័យជាប្រាក់ និងអ្នកខ្លះត្រូវជាប់ពន្ធនាគារ។

បុគ្គលិក និងមេសហជីព១១នាក់នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវជាប់ពន្ធនាគារ ដោយសារការចេញតវ៉ា។ ប៉ុន្តែនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ តុលាការភ្នំពេញ សម្រេចដោះលែងពួកគេ៨នាក់វិញ ក្នុងចំណោម១១នាក់នោះ។ ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការងារ បានសរសេរលិខិតទៅក្រសួងយុត្តិធម៌ ដើម្បីសុំកិច្ចអន្តរាគមន៍ ហើយក្រសួងយុត្តិធម៌ បានសរសេរលិខិតសុំកិច្ចអន្តរាគមន៍បន្ត ទៅកាន់តុលាការ។ ក្រសួងការងារ សរសេរលិខិតសុំកិច្ចអន្តរាគមន៍ តាមសំណើរបស់មេសហជីពទាំង៨នាក់ ដែលទើបនឹងត្រូវបានដោះលែងនោះ។

រដ្ឋាភិបាល អះអាងក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងការងារ កំពុងរៀបចំសំណើ ដាក់ទៅក្រសួងយុត្តិធម៌ ដើម្បីសុំឲ្យជួយធ្វើកិច្ចអន្តរាគមន៍ដោះលែងមេសហជីព៣នាក់ទៀត នៃក្រុមហ៊ុនណាហ្គាវើលដ៍ តាមនីវិវិធីច្បាប់។ រដ្ឋាភិបាល បានសរសើរក្រសួងការងារ ថាបានប្រឹងប្រែងធ្វើការដោយមិនចេះនឿយហត់ ក្នុងការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។

សូមបញ្ជាក់ថា ភាគីបុគ្គលិក និងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ បានឆ្លងកាត់ការចរចា៧លើករួចមកហើយ ដោយមានការសម្របសម្រួលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តែនៅតែមិនទាន់អាចបញ្ចប់ទំនាស់ជាមួយគ្នាបានទាំងស្រុង៕

Tag:
 វិវាទណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com