ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីរបស់លោក កឹម សុខា ចាត់ទុកថា មិនសមហេតុផល ដែលផ្អាកសវនាការ ដោយសារបុគ្គលម្នាក់ឆ្លងកូវីដ
16, Mar 2022 , 8:59 pm        
រូបភាព
លោក កឹម សុខា ធ្វើដំណើរចេញពីគេហដ្ឋាន ទៅកាន់តុលាការភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ រូបពី AFP
លោក កឹម សុខា ធ្វើដំណើរចេញពីគេហដ្ឋាន ទៅកាន់តុលាការភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ រូបពី AFP
ក្រុមមេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ចាត់ទុកថា មិនសមហេតុផល ដែលតុលាការ ផ្អាកសវនាការទាំងមូល ដោយសារមានបុគ្គលតែម្នាក់ ឆ្លងជំងឺកូវីដ-១៩។ ពួកគាត់ យល់ថា ការផ្អាកសវនាការបែបនេះ ធ្វើឲ្យដំណើរការនីតិវិធីលើរឿងក្តីរបស់លោក កឹម សុខា កាន់តែយឺតយ៉ាវ ហើយធ្វើឲ្យប៉ះពាល់សិទ្ធិនៃការទទួលបានការជំនុំជម្រះដោយឆាប់រហ័សរបស់លោក កឹម សុខា។



លោក អាង ឧត្តម មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា បានបរិយាយពីអ្វីដែលក្រុមមេធាវីខាងលោកនិយាយក្នុងសវនាការ ទៅកាន់ក្រុមអ្នកសែតថា៖«យើងថា តុលាការ មិនគួរសម្រេចតាមសំណើបែបនេះទេ។ ភាគីផ្សេង គេប្រឆាំងយើង គេថា យើងហ្នឹង អត់បានមើលវិធានការសុខាភិបាល។ ខ្ញុំថា វិធានការសុខាភិបាល មិនធំជាងអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីទេ។ គាត់ថា អ្នកណាឈឺ យកអ្នកនុ៎ងទៅមន្ទីរពេទ្យ អ្នកដទៃទៀត នៅធ្វើការដដែល នៅដំណើរការដដែល»។ 
 
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ លោក កឹម សុខា និងក្រុមមេធាវីរបស់លោក បានឡើងសវនាការលើកទី៣៣។ ដូចរាល់ដង ពេលចេញពីសវនាការ លោក កឹម សុខា បានធ្វើដំណើរតាមរថយន្តទៅគេហដ្ឋានវិញ ឯក្រុមមេធាវីរបស់លោក នៅផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត ដែលនៅរង់ចាំនៅមុខតុលាការភ្នំពេញ។ 
 
សវនាការរបស់លោក កឹម សុខា ត្រូវបានតុលាការសម្រេចផ្អាក២លើកមកហើយ ដោយលើកទី១ ដោយសារមេធាវីម្នាក់ ក្នុងចំណោមមេធាវី៤នាក់ ដែលការពារក្តីឲ្យរដ្ឋាភិបាល ឆ្លងជំងឺកូវីដ-១៩ ហើយលើកទី២ ដោយសារព្រះរាជអាជ្ញារងម្នាក់ ក្នុងចំណោម៣នាក់ ដែលកាន់សំណុំរឿងរបស់លោក កឹម សុខា ឆ្លងជំងឺកូវីដ-១៩ដែរ។  
 
បើតាមប្រសាសន៍របស់លោកមេធាវី អាង ឧត្តម ក្រុមមេធាវីរបស់លោក កឹម សុខា ស្នើទៅចៅក្រម កុំឲ្យផ្អាកសវនាការបស់លោក កឹម សុខា ព្រោះតែមានបុគ្គលណាម្នាក់ឆ្លងជំងឺកូវីដ-១៩តទៅទៀត។ លោក បន្តថា បើចៅក្រម សម្រេចផ្អាកសវនាការ ដោយសារបុគ្គលម្នាក់ឆ្លងជំងឺកូវីដ-១៩ ដូច្នេះ សវនាការ នឹងត្រូវផ្អាកនៅថ្ងៃក្រោយៗទៀត នៅពេលមានអ្នកផ្សេង ដូចជាក្រឡាបញ្ជី ឬមន្រ្តីតុលាការ ជាដើម ឆ្លងជំងឺកូវីដ-១៩។ 
 
សូមរម្លឹកថា តុលាការ បានបើកសវនាការលើលោក កឹម សុខា ជាលើកដំបូងកាលពីដើមឆ្នាំ២០២០ តែក្រោយមកបន្តិចក៏ផ្អាកទៅវិញ ក្រោមហេតុផល ជំងឺកូវីដ-១៩ បានរាលដាលខ្លាំងនាពេលនោះ។ រហូតដល់ ដើមឆ្នាំ២០២២នេះ តុលាការ បានសម្រេចចិត្តបើកដំណើរការសវនាការឡើងវិញ។ កាលពីសវនាការលើកដំបូង តុលាការ ប្រើពេល៣ព្រឹក ក្នុង១សប្តាហ៍ សម្រាប់ដំណើរការសវនាការ ចំណែកសវនាការលើកក្រោយនេះ តុលាការ ប្រើពេលតែ១ព្រឹកប៉ុណ្ណោះ ក្នុង១សប្តាហ៍ សម្រាប់ដំណើរការសវនាការ។ 
 
ឲ្យតែចូលសវនាការលើកណា ក្រុមេធាវីរបស់លោក កឹម សុខា តែងទទូចឲ្យចៅក្រម បង្កើនចំនួនថ្ងៃឲ្យលើសពី១ថ្ងៃ ក្នុង១សប្តាហ៍ សម្រាប់ដំណើរការសវនាការ ដើម្បីឲ្យរឿងក្តីឆាប់ចប់។ យ៉ាងណា សំណើនេះ មិនទទួលបានយល់ព្រមពីចៅក្រមឡើយ ហើយមានពេលខ្លះ ចៅក្រម មិនទាំងនឹងឆ្លងតបទៀតផង។ 
 
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស ដែលសំដៅលើការគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ យោងតាមក្រមព្រហ្មទណ្ឌ បទចោទនេះ ស្ថិតក្នុងអំពើក្បត់ជាតិ ដែលធ្វើឲ្យជនជាប់ចោទ ប្រឈមនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ៕  
 
 

Tag:
 នយោបាយ
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com