កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធ Havertz ថានឹងចេញថ្លៃធ្វើដំណើរឱ្យក្រុម Chelsea ទៅប្រកួតនៅបារាំង
16, Mar 2022 , 4:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Kai Havertz បានអះអាងនៅថ្ងៃទី១៦ខែមីនាថា ការចេញថ្លៃធ្វើដំណើរសម្រាប់ក្រុម Chelsea ទៅប្រកួតទល់ក្រុម Lille នៅបារាំងមិនមែនជាបញ្ហាសម្រាប់រូបគេឡើយ។



ក្រុមតោខៀវ Chelsea កំពុងតែជួបបញ្ហាជាបន្តបន្ទាប់ក្រោយរងឥទ្វិពលពីការដាក់ទណ្ឌកម្មលើម្ចាស់ក្លិបលោក Roman Abramovich។ គណនីធនាគាររបស់ក្លិបតោខៀវត្រូវបានបង្កក ឯការចំណាយផ្សេងៗក្លិបត្រូវប្រើប្រាស់ជាសាច់ប្រាក់ដែលនៅសល់រហូតដល់ចប់រដូវកាល។
 
Kai Havertz ត្រូវបានអ្នកកាសែតសួរនាំអំពីបញ្ហារបស់ក្រុមដែលកាន់តែអាក្រក់ទៅនេះ។  ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់អះអាងថា នឹងចេញថ្លៃធ្វើដំណើរ ស្របពេលបញ្ហាក្រុមពេលនេះ គ្មានអ្វីអាចប្រៀបធៀបបានឡើយ។
 
«ខ្ញុំនឹងចេញថ្លៃទាំងអស់នេះ។ វាមិនមែនជាបញ្ហាឡើយ ហើយក៏មិនមែនជាបញ្ហាធំឡើយព្រោះសម្រាប់យើងការប្រកួតក្រុមគឺសំខាន់ខ្លាំងពេលនេះ។ ពេលនេះក្លិបកំពុងជួបបញ្ហាដ៏សែនលំបាកមួយ ប្រសិនយើងត្រូវជិះរថយន្តក្រុង ឬក៏យន្តហោះទៅប្រកួតក្រៅទឹកដី ខ្ញុំនិងចេញថ្លៃទាំងអស់។» Kai Havertz បានឆ្លើយបែបនេះប្រាប់អ្នកកាសែត។
 
Chelsea និង Lille ធ្លាប់បានជួបគ្នាចំនួន៣លើករួចមកហើយក្នុងពានរង្វាន់ Champions League នេះ ដោយក្រុមតោខៀវយកឈ្នះទាំង៣លើក។ ខណៈក្រុមតោខៀវជួបបញ្ហានៅក្នុងក្លិបទាំងមូល ក្រុម Lille របស់បារាំងវិញបានបង្ហាញទម្រង់លេងយ៉ាងល្អ។ ក្នុងជំនួបក្របខណ្ឌ Ligue 1 Lille បានទប់មិនឱ្យក្រុមផ្សេងស៊ុតចូល២ប្រកួតចុងក្រោយនេះក្នុងនោះយកឈ្នះក្លិបខ្លាំង Lyon ថែមទៀត។
 
ចំណែកឯការប្រកួតមួយគូទៀត ក្លឹបសេះបង្កង់ Juventus ត្រូវតទល់ក្រុម Villarreal នាវេលាម៉ោង ៣ រំលងអាធ្រាត្រយប់ឈានចូលថ្ងៃទី១៧ខែមីនា។ កាលការប្រកួតជើងទីមួយនៅទឹកដីរបស់ក្លិប Villarreal ក្រុមភ្ញៀវ Juventus មិនអាចយកឈ្នះលើក្រុមម្ចាស់ផ្ទះបានឡើយ ដោយមានលទ្ធផលស្មើ ១-១។
 
សម្រាប់ជំនួបទល់ក្រុមខ្លាំងដូច Juventus លោក Unai Emery ប្រាប់កូនក្រុមត្រូវធ្វើយ៉ាងណាប្រឹងប្រែងយកឈ្នះដើម្បីបន្តដំណើរបន្តទៀតក្នុង Champions league។
 
«យើងមិនចង់ឱ្យ Villarreal ធ្វើអ្វីដែលច្របូកច្របល់ឡើយក្នុងពានរង្វាន់ Champions league នេះ យើងចង់បន្តលេងនៅទីនេះបន្តទៀត។ ប្រសិនបើឈ្នះលើក្រុមដូចជា Juventus នោះបានន័យថាយើង នឹងមានសង្ឃឹមច្រើនសម្រាប់ពានរង្វាន់មួយនេះ។»នេះជាការលើកឡើងរបស់លោក Emery។
 
គ្រូបង្វឹកក្រុម Juventus ក៏បានអះអាងមុនការប្រកួតថា កីឡាករសំខាន់ៗដូចជា Paulo Dybala, និងខ្សែការពារ Chiellini វិលត្រលប់ជួយក្រុមវិញបានក្នុងជំនួបចុងក្រោយមួយនេះ៕
 

Tag:
 Kai Havertz
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com