ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ជាមួយថ្នាក់ដឹកនាំប្រឆាំង៦នាក់ ជាប់ទោស១០ឆ្នាំ និង សកម្មជន១៤នាក់ទៀត ជាប់ទោស៥ឆ្នាំ
17, Mar 2022 , 12:30 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោកស្រី មូ សុខហួរ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង លោក ឡុង រី ជួបគ្នានៅសហរដ្ឋអាម៉េរិក កាលពីខែមករា ឆ្នាំ២០១៩។ លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ និង ឡុង រី មិនស្ថិតក្នុងសំណុំរឿងនេះទេ។ រូបពីធ្វីតធឺរបស់លោក សម រង្ស៊ី
ពីឆ្វេងទៅស្តាំ៖ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោកស្រី មូ សុខហួរ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង លោក ឡុង រី ជួបគ្នានៅសហរដ្ឋអាម៉េរិក កាលពីខែមករា ឆ្នាំ២០១៩។ លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ និង ឡុង រី មិនស្ថិតក្នុងសំណុំរឿងនេះទេ។ រូបពីធ្វីតធឺរបស់លោក សម រង្ស៊ី
លោក សម រង្ស៊ី មេដឹកនាំកំពូលរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស និង ថ្នាក់ដឹកនាំជាន់ខ្ពស់៦នាក់ទៀតរបស់លោក រួមមាន លោក អ្នកស្រី ជូឡុង សូមួរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក នុត រំដួល លោក តុ វ៉ាន់ចាន់ ត្រូវតុលាការភ្នំពេញ ប្រកាសសាលក្រម នៅព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២២នេះ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំក្នុងម្នាក់ៗ ពីបទចោទ៣ គឺបទរួមគំនិតក្បត់ (ជាតិ) បទញុះញង់មិនឲ្យយោធាស្តាប់បង្គាប់រដ្ឋាភិបាល បទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ នេះបើតាមព័ត៌មានពីលោក សំ សុគង់ មេធាវីការពារក្តីជូនពួកគាត់ ដែលផ្តល់មកសារព័ត៌មាថ្មីៗតាមបណ្តាញតេឡេក្រាម។



លោកមេធាវី សំ សុគង់ អះអាងថា ភ្ជាប់ជាមួយនឹងការប្រកាសទោស លោកចៅក្រម រស់ ពិសិដ្ឋ បានបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំប្រឆាំងជាន់ខ្ពស់ទាំង៦នាក់នោះ យកទៅឃុំតាមអំណាចសាលក្រម។ បច្ចុប្បន្ន ពួកគាត់ទាំង៧នាក់ សុទ្ធតែរស់នៅឯក្រៅប្រទេស។

នៅមានសកម្មជនប្រឆាំង១៤នាក់ទៀត ក៏ត្រូវចៅក្រម ប្រកាសផ្តន្ទាទោស ក្នុងសំណុំរឿងជាមួយមេដឹកនាំប្រឆាំងទាំង៧នាក់ខាងលើនេះដែរ។ បើតាមលោកមេធាវី សំ សុគង់ ក្នុងចំណោមសកម្មជនទាំង១៤នាក់ មានម្នាក់ កំពុងមានជំងឺ និងកំពុងនៅក្រៅឃុំ ហើយ១៣នាក់កំពុងជាប់ឃុំ។ លោក បន្តថា សកម្មជនម្នាក់ ដែលនៅក្រៅឃុំ ត្រូវផ្តន្ទាទោស៥ឆ្នាំ តែទោសទាំងអស់ ត្រូវព្យួរ (មិនជាប់ឃុំទាំង៥ឆ្នាំ) រីឯ សកម្មជនទាំង១៣នាក់ ដែលកំពុងជាប់ឃុំ ត្រូវផ្តន្ទាទោស៥ឆ្នាំដែរ ក្នុងម្នាក់ៗ តែទោស១ឆ្នាំ៤ខែ ត្រូវព្យួរ (មិនជាប់ឃុំ១ឆ្នាំ៤ខែ)។

លោកមេធាវី សំ សុគង់ បង្ហាញការខកចិត្តចំពោះការសម្រេចសេចក្តីរបស់តុលាការភ្នំពេញ។ លោក ចាត់ទុកការសម្រេចសេចក្តីនេះ ថាមិនបានផ្តល់យុត្តិធម៌ជូនកូនក្តីរបស់លោកឡើយ។ លោក អធិប្បាយថា តាមការពិនិត្យមើលអង្គហេតុ និងភស្តុតាង កូនក្តីរបស់លោក មិនបានប្រព្រឹត្តិបទល្មើស ដូចការចោទប្រកាន់នោះទេ។

ជាងនេះទៀត លោកមេធាវី មើលឃើញថា រឿងក្តីនេះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ ដូច្នេះ គួរតែដោះស្រាយតាមផ្លូវនយោបាយ ជាជាងដោះស្រាយតាមផ្លូវច្បាប់។ លោក បកស្រាយបន្ថែមថា ម្យ៉ាងទៀត ការបញ្ចេញមតិរបស់កូនក្តី គឺជាសិទ្ធិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

លោកមេធាវី បញ្ជាក់ថា៖«កូនក្តីទាំងអស់ បានស្នើឲ្យមេធាវី រៀបចំបណ្តឹងឧទ្ធរណ៍ ដើម្បីឲ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញអំពីសេចក្តីសម្រេចរបស់សាលាដំបូង ទាក់ទិននឹងការផ្តន្ទាទោសនេះ ហើយក្រុមមេធាវី ក៏បានទទួលសិទ្ធិ និងរៀបចំបណ្តឹងឧទ្ធរណ៍ជូនពួកគាត់ទៅតាមនីតិវិធីច្បាប់»។

ដោយគិតករណីរបស់លោក សម រង្ស៊ី តែម្នាក់ឯង លោក ត្រូវបានតុលាការកម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគារពីបទចោទផ្សេងៗ ដោយសរុបទោសទៅ ប្រហែលពី៤០ឆ្នាំ ដល់៥០ឆ្នាំហើយ។ នេះបើតាមលោកមេធាវី សំ សុគង់៕

Tag:
 សម រង្ស៊ី
  ក្រុមប្រឆាំង
  បទរួមគំនិតក្បត់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com