អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា ម.ក ចុះ​MOUជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»​ ដើម្បីជំរុញសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា OCR និង e-KYC
17, Mar 2022 , 2:19 pm        
រូបភាព
គោលបំណងនៃកិច្ចសហការនេះ នឹងផ្តល់នូវដំណោះស្រាយដោយ ការបំប្លែងរូបភាពឯកសារទៅជាអក្សរកែប្រែ (OCR) និង សម្គាល់អត្តសញ្ញាណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (e-KYC) សម្រាប់ការកែលម្អបទពិសោធន៍របស់អតិថិជន សម្រាប់ការបើកគណនីតាមរយៈ Smart Teller Machine (STM) និង Mobile Banking។ 


 
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក, ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ធនាគារ ហត្ថា ម.ក និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា តាមប្រព័ន្ធអ៊ីនធឺណិត ក្នុងគោលបំណងចូលរួមសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា OCR (Optical Character Recognition - ការបំប្លែងរូបភាពឯកសារទៅជាអក្សរកែប្រែ)  និង e-KYC (electronic Know Your Customer - សម្គាល់អត្តសញ្ញាណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក) តាមរយៈការប្រើប្រាស់កម្មវិធី CamDigiKey (Cambodia Digital Key) ។ កិច្ចសហការនេះ នឹងផ្តល់នូវដំណោះស្រាយដោយការបំប្លែងរូបភាពឯកសារទៅជាអក្សរកែប្រែ (OCR) និងសម្គាល់អត្តសញ្ញាណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (e-KYC) ក្នុងការកែលម្អបទពិសោធន៍របស់អតិថិជន ដោយផ្តល់ដំណោះស្រាយផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នកប្រើប្រាស់ សម្រាប់ការបើកគណនីតាមរយៈ Smart Teller Machine (STM) និង Mobile Banking។ 


 
ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានលើកឡើងថា ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា OCR និង e-KYC ពិតជាមានសារៈសំខាន់ក្នុងការធ្វើទំនើបកម្មឌីជីថល និងគាំទ្រ  បរិវត្តកម្មឌីជីថល ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ មជ្ឈមណ្ឌល   បណ្តុះធុរកិច្ចថ្មី “តេជោ” ប្រមូលផ្តុំទៅដោយយុវជនឆ្នើមកម្ពុជា រួមគ្នាស្រាវជ្រាវ និងអភិវឌ្ឍ ហើយក៏ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ ជាក់ស្តែងទៅលើឌីជីថលូបនីយកម្មភាសាខ្មែរ (Natural Language Processing) ជាមួយនិងការផ្តល់ដំណោះស្រាយដោយការបំប្លែងរូបភាពឯកសារទៅជាអក្សរកែប្រែ (OCR) និងសម្គាល់អត្តសញ្ញាណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (e-KYC) តាមរយៈការប្រើប្រាស់កម្មវិធី CamDigiKey។ ការប្រើប្រាស់ OCR និង e-KYC មានភាពទូលំទូលាយ ហើយពិតជាមានសារៈសំខាន់ក្នុងការជួយគាំទ្រដល់វិស័យធនាគារ ក៏ដូចវិស័យ ផ្សេងៗទៀត ដើម្បីជំរុញបរិវត្តកម្មឌីជីថល ប្រកបដោយចីរភាព។ 


 
លោក នួន វីរៈដារ៉ា អគ្គនាយកឌីជីថលនៃធនាគារ ហត្ថា ម.ក តំណាង លោកឧញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃធនាគារ ហត្ថា ម.ក បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ទៅលើសមិទ្ធផលរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ជាពិសេសបច្ចេកវិទ្យា OCR និង e-KYC។ លោកបន្តទៀតថា លោកមានភាពជឿជាក់យ៉ាងខ្លាំង និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងទៅលើផលិតផលឌីជីថលដែលបង្កើតដោយស្នាដៃកូនខ្មែរ។ ធនាគារ ហត្ថា បានវិវឌ្ឍខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ ដែលបានអនុម័តជាផ្លូវការដោយធនាគារជាតិនៃកម្ពុជា។ ធនាគារ ហត្ថា បានក្លាយខ្លួនជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេនៅកម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធនាគារ ហត្ថា និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នឹងអាចគាំទ្រ និងរួមសហការគ្នា ដើម្បីបន្តកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា OCR និង e-KYC ឱ្យកាន់តែប្រសើរ។


 
តាមរយៈវត្តមានដ៏រឹងមាំរបស់ស្ថាប័នទាំងពីរ កម្មវិធីនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" និង ធនាគារ ហត្ថា ធ្វើកិច្ចសហប្រតិបត្តិការតាមជំនាញរបស់ខ្លួនរួមគ្នា ក្នុងគោលបំណងចូលរួមសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ និងផ្តល់ជូននូវផលិតផល និងសេវាកម្មថ្មី បែបឌីជីថល ដើម្បីធានាបាននូវប្រសិទ្ធភាពកាន់តែល្អប្រសើរ និងអត្ថប្រយោជន៍កាន់តែសម្បូរបែប សម្រាប់អតិថិជន ក៏ដូចជាសង្គមជាតិយើងទាំងមូល។
  

 





អំពី មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" គឺជាស្ថាប័នរដ្ឋមួយដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន សំដៅលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា ក៏ដូចជាបណ្តុះធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា និងកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល តាមរយៈកម្មវិធីគាំទ្រមួយចំនួន។ ស្ថាប័ននេះក៏ជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា។ 
 
អំពី ធនាគារ ហត្ថា ម.ក
ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។ ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំ និងក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាហិរញ្ញវត្ថុជាច្រើនដែលមានដូចជា៖ សេវាធនាគារចល័ត (Hattha Mobile) សេវាផ្ទេរប្រាក់ឆ្លងធនាគារ  សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងបានត្រៀមខ្លួនក្នុងការផ្តល់ជូននូវសេវាសេវាហិរញ្ញវត្ថុថ្មីៗជាច្រើនទៀត។
 

© រក្សាសិទ្ធិដោយ thmeythmey.com