ជាតិ
លោក ថោង ខុន ណែនាំមន្ត្រី និងវិស័យឯកជន កែច្នៃគោលដៅទេសចរណ៍មានស្រាប់ និងបង្កើតថ្មី
17, Mar 2022 , 7:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការ យុទ្ធសាស្ត្រ ស្ដីពីការបើកទទួលទេសចរណ៍ចាក់វ៉ាក់សាំង និងវិធានការនយោបាយជំរុញចលនាទេចរណ៍វ៉ាក់សាំងផ្ទៃក្នុង នៅទីស្ដីការក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ និងរូបភាពតំបន់ទេសចរណ៍ ក្នុងប្រទេស។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការ យុទ្ធសាស្ត្រ ស្ដីពីការបើកទទួលទេសចរណ៍ចាក់វ៉ាក់សាំង និងវិធានការនយោបាយជំរុញចលនាទេចរណ៍វ៉ាក់សាំងផ្ទៃក្នុង នៅទីស្ដីការក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ និងរូបភាពតំបន់ទេសចរណ៍ ក្នុងប្រទេស។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំមន្ត្រីជំនាញ និងវិស័យឯកជន ខិតខំកែច្នៃគោលដៅទេសចរណ៍ដែលមានស្រាប់ និងបង្កើតថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ការលើកឡើងរបស់ លោក ថោង ខុន បែបនេះ ស្របពេលដែលកម្ពុជាកំពុងអនុវត្ត ផែនការ យុទ្ធសាស្ត្រ ការបើកទេសចរណ៍វ៉ាក់សាំង ដើម្បីទាក់ទាញទេសចរអន្តរជាតិ។


ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត ផែនការ យុទ្ធសាស្ត្រ ការបើកទេសចរណ៍វ៉ាក់សាំង នៅទីស្ដីការក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែមីនា ម្សិលមិញនេះ រដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា រដ្ឋបានរៀបចំទុន សម្រាប់ឱ្យម្ចាស់អាជីវកម្មខ្ចី សម្រាប់ប្រើប្រាស់លើការ កែលម្អសណ្ឋាគារ រមណីយដ្ឋាន ផលិតផលទេសចរណ៍ ទាំងធុនតូច និងធុនមធ្យម។ 
 
«អ្វីដែលខ្ញុំចង់និយាយ គឺគោលដៅថ្មី ការបង្កើតថ្មី ហើយតាមគន្លងប្រក្រតីថ្មី។ រឿងទាំងអស់នេះ ដែលយើងត្រូវត្រួតពិនិត្យ គ្រប់គោលដៅទាំងអស់ បើសិនជាគោលដៅនីមួយៗអត់បានកែច្នៃ ឬអត់បានរៀបចំកែសម្រួលឱ្យបានល្អទេ ក៏មិនអាចទាក់ទាញភ្ញៀវទេសចរបានច្រើនដែរ»។ នេះជាសម្ដីរបស់ លោក ថោង ខុន។
 
ពាក់ព័ន្ធជាមួយការបើកទទួលទេសចរអន្តរជាតិ ដើម្បីធានានូវភាពជោគជ័យ លោក ថោង ខុន បញ្ជាក់ថា ស្ថាប័នទេសចរណ៍ចំបាច់ត្រូវធានាឱ្យបាននូវភាព ជឿជាក់ និងទុកចិត្តថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព។ លោកបន្ថែមទៀតថា ក្រសួងទេសចរណ៍ បានបង្កើតក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងលើគោលដៅទេសចរណ៍សុវត្ថិភាព តាមបណ្ដាកន្លែងគោលដៅទេសចរណ៍រួមមាន ខេត្តសៀមរាប រាជធានីភ្នំពេញ និងព្រះសីហនុ។ 
 
រដ្ឋមន្ត្រីរូបនេះ ក៏បានស្នើឱ្យក្រសួងពាក់ព័ន្ធ សហការជំរុញអនុវត្តផែនការសកម្មភាពនៃ «វិធានការគោលនយោបាយ ជំរុញ ចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣» ឱ្យមានប្រសិទ្ធភាព។ លោកក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ត្រូវគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពក្នុងដែន សមត្ថកិច្ចខ្លួនឱ្យបានហ្មត់ចត់ ស្របតាមសូចនាករសមិទ្ធកម្មវាយតម្លៃ គោលដៅទេសចរណ៍សុវត្ថិភាពផងដែរ។ 
 
ជាមួយគ្នានេះ នៅថ្ងៃទី១៦ខែមីនាម្សិលមិញនេះ ក្រសួងសុខាភិបាល បានសម្រេចកែសម្រួលលក្ខខណ្ឌមួយចំនួន សម្រាប់អ្នកដំណើរពីបរទេស មកកាន់កម្ពុជា ក្រោមការឯកភាពពីនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លក្ខខណ្ឌកែសម្រួលនោះដូចជា អ្នកដំណើរមិនចំបាច់បញ្ជាក់លទ្ធផលតេស្ត PCR មកបង្ហាញមន្ត្រីកម្ពុជាទៀតឡើយ។ 
 
ក្រសួងក៏បានលុបចោល ការតម្រូវឱ្យអ្នកដំណើរពីបរទេស ធ្វើតេស្តរហ័សនៅពេលមកកម្ពុជាទៀតដែរ។ ក្រៅពីលុបចោលលក្ខខណ្ឌទាំងនេះ ក្រសួងសុខាភិបាល ក៏បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការផ្ដល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕
 
 

Tag:
 ThmeyThmey25
  ក្រសួងទេសចរណ៍
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com