ជាតិ
កម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ
18, Mar 2022 , 8:59 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងចិន បានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ។ លោក ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក ហ្វូ ស៊ីងហ្គៅ (Fu Xinggou) ប្រធានរដ្ឋបាលមុខងារសាធារណជាតិ នៃប្រទេសចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហការនេះ តាមអនឡាញ នៅថ្ងៃទី១៦ មីនា។


លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើជាសក្ខីភាពនៃការចុះហត្ថលេខានេះ បាននិយាយថា អនុស្សរណៈនេះ មានសារៈសំខាន់សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណៈ ។ ជាពិសេសពង្រឹង និងរក្សាបាននូវមុខងារសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងផ្ដោតលើប្រជាជន ជាស្នូល។
 
សេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច បានស្រង់សម្តីលោក អូន ព័ន្ធមុន្នីរ័ត្ន ដូច្នេះ ៖«ពិធីចុះហត្ថលេខានាពេលនេះ បានឆ្លុះបញ្ចាំងពីការគិតគូរច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកន្លងមក តាមរយៈមិត្តភាពស្អិតល្មួត។ សាមគ្គីភាព និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ និងទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដោយប្រែក្លាយពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មកជាមិត្តភាពដែកថែប និងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន សំដៅអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីជំរុញលើកកម្ពស់ជីវភាព និងសុខមាលភាពប្រជាជននៃប្រទេសទាំងពីរ ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩»។
 
ជាមួយគ្នានេះលោក ជិន ស៊ី សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចាត់តាំងមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលជាសក្ខីភាពនៃពិធីចុះហត្ថលេខានេះដែរ បានអះអាងថា ចិនត្រៀមខ្លួនជានិច្ច ដើម្បីបន្តសហការជាមួយកម្ពុជា ទាំងក្នុងក្របខណ្ឌតំបន់ និងនៅលើឆាកអន្តរជាតិ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែប្រសើរថែមទៀត។
 
ក្រៅពីផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ និងជំនួយផ្សេងៗដល់កម្ពុជានេះ ភាគីចិន ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទីផ្សារសេរីទ្វេភាគី ដែលជាការបើកច្រកទីផ្សារកាន់តែទូលាយថែមទៀត សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម និងនាំចេញផលិតផល។ លើសពីនេះ ភាគីចិន ក៏បានផ្ដល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ជាបន្តបន្ទាប់ ក្នុងអំឡុងវិបត្តិរាតត្បាតជំងឺកូវីដ-១៩នេះ៕  
 

Tag:
 មុខងារសាធារណៈ
  ការទូតកម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com