ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងមហាផ្ទៃ យល់ព្រមឲ្យថ្នាក់ដឹកនាំភ្លើងទៀនចូលជួប
17, Mar 2022 , 5:59 pm        
រូបភាព
លោក ថាច់ សេដ្ឋា ឈរនិយាយទៅកាន់សមាជិក នៅទីស្នាក់ការគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់លោក ថាច់ សេដ្ឋា)។ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្ថិតក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយលោក វិទិត ម៉ុនតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)។
លោក ថាច់ សេដ្ឋា ឈរនិយាយទៅកាន់សមាជិក នៅទីស្នាក់ការគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់លោក ថាច់ សេដ្ឋា)។ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្ថិតក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយលោក វិទិត ម៉ុនតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)។
ក្រសួងមហាផ្ទៃ បាន​អនុញ្ញាត​ឲ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចូលជួបតាមការស្នើសុំរបស់គណបក្សនេះ។ នេះបើតាមលិខិតរបស់លោកឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការក្រសួងមហាផ្ទៃ ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ជូនទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន។ 



បើតាមលិខិតរបស់លោកឧត្តមសេនីយ៍ ប៉ោ ភក្តិ ជំនួបរវាងក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នឹងប្រព្រឹត្តទៅនៅម៉ោង៩ព្រឹក នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្នុងទីស្តីការក្រសួងមហាផ្ទៃ។ លិខិតដដែល បានដឹងទៀតថា ក្នុងជំនួបនេះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នឹងជម្រាបក្រសួងមហាផ្ទៃ អំពីស្ថានការណ៍នយោបាយ មុនការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងមកដល់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ 
 
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន៤រូប រួមមាន រូបលោកផ្ទាល់ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស លោក ហុង សុខហួរ មន្រ្តីទទួលបន្ទុកកិច្ចការបោះឆ្នោតរបស់គណបក្ស និងលោកមេធាវី សំ សុគង់ មន្រ្តីទទួលបន្ទុកកិច្ចការផ្នែកច្បាប់របស់គណបក្ស ដែលនឹងចូលពិភាក្សាជាមួយក្រសួងមហាផ្ទៃ។ 
 
លោក ថាច់ សេដ្ឋា ដែលមានតួនាទីជាអ្នកនាំពាក្យគណបក្សភ្លើងទៀនផងនោះ ជាអ្នកដឹកនាំប្រតិភូគណបក្សភ្លើងទៀនចូលពិភាក្សាជាមួយក្រសួងមហាផ្ទៃ។ លោកបញ្ជាក់ថា៖«យើង នឹងនិយាយពីរឿងបោះឆ្នោតហ្នឹង ដើម្បីធានាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង»។ 
 
លោក ចាត់ទុកថា ជាការល្អដែលក្រសួងមហាផ្ទៃ បើកទូលាយឲ្យគណបក្សក្រៅរដ្ឋាភិបាល ដូចជា គណបក្សភ្លើងទៀន ជាអាទិ៍ ចូលជួបពិភាក្សានាពេលនេះ។ លោក មើលឃើញថា ជំនួបរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងក្រសួងមហាផ្ទៃ គឺជាការបង្ហាញវប្បធម៌សន្ទនារវាងខ្មែរនិងខ្មែរ។ 
 
សម្តេច ស ខេង ពុំបានជួបថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដោយផ្ទាល់ឡើយ ដោយចាត់តាំងមន្រ្តីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ឲ្យជួបជំនួសវិញ។ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ទាវ វណ្ណុល បានជូនលិខិតទៅសម្តេច ស ខេង ដើម្បីស្នើសម្តេច ឲ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀនរបស់លោកចូលជួប។ 
 
ក្នុងចំណោមគណបក្សទាំង៤៥នៅកម្ពុជា មាន១៧គណបក្ស ដែលសម្រេចចិត្តចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់។ គួរដឹងថា ក្នុងចំណោមគណបក្សទាំង១៧ មានតែគណបក្សភ្លើងទៀនទេ ដែលបានរៀបចំដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បានប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា ជាគណបក្សដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន។ បើតាមតួលេខពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បាន១០០ភាគរយ៕
 

Tag:
 គណបក្សភ្លើងទៀន
  ក្រសួងមហាផ្ទៃ
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com