ជាតិ
សង្គមជាតិ
ក្រោយចេញពីពន្ធនាគារបាន ៤ថ្ងៃ កញ្ញា ឈឹម ស៊ីថរ ចេញមុខធ្វើសន្និសីទ បង្ហាញជំហរក្នុងការចរចា
17, Mar 2022 , 7:15 pm        
រូបភាព
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាកាវើលដ៍ ធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០២១ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍។ រូបដោយ៖ ឡាយ សុភាវតី
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាកាវើលដ៍ ធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០២១ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍។ រូបដោយ៖ ឡាយ សុភាវតី
ភ្នំពេញ៖ ចេញពីពន្ធនាគារបាន៤ថ្ងៃ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព ការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានប្រកាសជំហរចូលតុចចារជាមួយភាគីពាក់ព័ន្ធ។ កញ្ញាអះអាងថា ការចរចានេះ នឹងធ្វើឡើងតាមសំឡេងរបស់សមាជិកសហជីព LRSU។



ក្នុងសន្និសីទសារព័ត៌មាន បញ្ជាក់ពីគោលជំហរ និងឆន្ទៈរបស់សហជីព ការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ មេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ បានឲ្យដឹងថា ឆ្លងតាមការប្រជុំជាមួយសហជីពកាលពីថ្ងៃទី១៦មីនាថា វាមានការទាមទារឱ្យទម្លាក់បទចោទលើមេសហជីពទាំង ១៥រូប។

កញ្ញា ឈឹម ស៊ីថរ បញ្ជាក់ថា ក្រោយចេញពីពន្ធនាគារ មេដឹកនាំសហជីពខ្លះបានសម្រេចចិត្តដកខ្លួនចេញ ព្រោះរងសម្ពាធច្រើន។ យ៉ាងណាក៏ដោយ មេសហជីពរូបនេះបន្ថែមថា ក្រុមរបស់ខ្លួននឹងចូលចរចា បន្ទាប់ពីសមាជិកដែលជាប់ឃុំត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។

«ជំហររបស់កម្មករតាមរយៈការប្រជុំម្សិលមិញ លក្ខខណ្ឌមួយដែលពួកគាត់មិនអាចបោះបង់ការទាមទារដាច់ខាត គឺការទម្លាក់បទចោទលើអ្នកទាំង ១៥នាក់»។ នេះបើតាមការប្រកាសរបស់កញ្ញា ឈឹម ស៊ីថរ រួមគ្នាជាមួយសហជីពដទៃទៀត នៅថ្ងៃទី១៥មីនា ក្នុងសន្និសីទសារព័ត៌មាន ហើយមេសហជីពរូបនេះបន្ថែមថា ការចរចាអាចបញ្ចាប់ទៅបានលុះត្រាតែមានការទម្លាក់បទចោទប្រកាន់ ដើម្បីឲ្យមានសិទ្ធិស្មើគ្នាក្នុងតុចរចា។

ជាមួយគ្នាដែរ ពួកគេថាអាជ្ញាធរបានធ្វើទុក្ខបុកម្នេញលើអ្នកតវ៉ាតាមអំពើចិត្ត ហើយសង្ឃឹ​ថា អាជ្ញាធរនិងក្រសួងពាក់ព័ន្ធ នឹងដោះស្រាយវិវាទនេះដោយគ្មានលម្អៀងឡើយ។

អ្នកឃ្លាំមើលវិវាទការងារ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់យល់ថា សហជីពដែលដកខ្លួនចេញ ទំនងដោយសារពួកគេ មានបញ្ហាសុខភាព និងរងសម្ពាធពីគ្រួសារដោយសារកា​រធ្វើទុក្ខបុកម្នេញពីអាជ្ញាធរនាពេលកន្លងមក។ លោក និងសង្គមស៊ីវិលដទៃទៀតនាពេលកន្លងមក សុទ្ធតែស្នើឲ្យមានការទម្លាក់បទចោទទាំងស្រុង លើ់សហជីពទាំងនោះ ដើម្បីមានភាពស្មើគ្នាក្នុងការចរចានេះ៕ 


© រក្សាសិទ្ធិដោយ thmeythmey.com